កំពង់ឆ្នាំង ៖ អ្នកធ្វើដំណើរ និងអ្នកបើករថយន្ដក្រុង របស់ក្រុមហ៊ុនរិទ្ធិមុនី្ន ត្រូវបានគេរាយការណ៍ថា រងរបួសធ្ងន់ស្រាលជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងរថយន្ដសង្គ្រោះបន្ទាន់ ទៅជួយអន្ដរាគមន៍ភ្លាមៗ ដឹកជនរងគ្រោះទាំងនេះទៅកាន់មន្ទីរពេទ្យ ក្រោយរថយន្ដនេះបើកបុកជាមួយ រថយន្ដកុងតឺន័រពេញមួយទំហឹង ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា។
ប្រភពព័ត៌មានពីមន្ដ្រី នគរបាលស្រុកបរិបូរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ រវាងរថយន្ដធុនធំទាំងពីរគ្រឿងខាងលើ នេះបានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២២-១២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងឃុំមេលំ ស្រុកបរិបូរណ៍ខេត្ដកំពង់ឆ្នាំង ។
មន្ដ្រីនគរបាលស្រុកបរិបូរណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនរិទ្ធិមុនី្ន ពាក់ស្លាកលេខ ភ្នំពេញ 3A-2772 ធ្វើដំណើរក្នុងទិស ដៅពីខេត្ដបាត់ដំបង ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿនយ៉ាងលឿន លុះពេលធ្វើដំណើរ មកគីឡូម៉ែត្រលេខ ១២២ ស្រាប់តែមានរថយន្ដ កុងតឺន័រមួយគ្រឿង ធ្វើដំណើរចេញពីរាជធានី ភ្នំពេញ ក៏បុកគ្នាពេញ មួយទំហឹងបណ្ដាល ឱ្យអ្នកធ្វើដំណើរដែល ជិះនៅលើរថយន្ដរិទ្ធី មុនីរងរបួសធ្ងន់ស្រាល ប៉ុន្ដែមិនដឹងថា មាន ចំនួនប៉ុន្មាននាក់ និងអាចមានស្លាប់នោះ ឡើយ ។
មន្ដ្រីនគរបាលស្រុកបរិបូរណ៍ ក៏មិនទាន់ បានបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយ នោះទេ ចំពោះការ បង្កគ្រោះថ្នាក់ចរាចរខាង លើនេះ គឺកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរជា ច្រើននាក់ ព្រមទាំងរថយន្ដសង្គ្រោះ បន្ទាន់ បានចេញទៅដឹកជនរងគ្រោះជាបន្ដបន្ទាប់ មកកាន់មន្ទីរពេទ្យ ។
ជារឿយៗគេតែងតែសង្កេតឃើញថា រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធិ មុនី្ន បានជួបគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យមាន អ្នកជិះស្លាប់និង របួសជាច្រើននាក់ ដែលធ្វើ ឱ្យអារម្មណ៍អ្នកជិះ ខ្លះភ័យខ្លាចនិងបង្វែទិស ដៅទៅជិះរថយន្ដក្រុង ព្រោះតែអ្នកបើក រថយន្ដក្រុងរបស់ក្រុមហ៊ុនមួយនេះ ហាក់បី ដូចជាពុំមានការប្រុងប្រយ័ត្នខ្ពស់នោះឡើយ ពោលមិនបានគិតពីអាយុជីវិតរបស់អ្នកធ្វើ ដំណើរក្នុងរថយន្ដនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល