CamNews

ព័ត៌មានជាតិ 

បង្រៀនប្រពន្ធ ឲ្យបើករថយន្ត ច្រឡំជាន់ហ្គែរ ជ្រុលទៅបុក ចូលហាងលក់សាច់ក្រក ខ្ទេចម៉ូតូ ៤គ្រឿង

ភ្នំពេញ ៖ ហាងលក់សាច់ក្រកមួយកន្លែង ដែលមានយីហោ ជំនោរជាយក្រុង (ចែហួ) ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងការខូចខាត បាក់ បង្គោលសសរផ្ទះ និងទូ តុ តាំងដាក់សាច់ក្រកលក់ព្រមទាំងស្ត្រីម្នាក់ ជាអ្នកលក់សាច់ក្រក ក៏រងរបួសធ្ងន់ កាលពីវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ដែលបានបង្កឡើង ដោយរថយន្ត មួយ គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-3404 បុកចូល ក្នុងហាង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម្ចាស់រថយន្ត បង្កហេតុ និងក្មេង ប្រុសម្នាក់នោះ អង្គុយហូបសាច់ក្រក នៅក្បែរកន្លែងកើត ហេតុរំលង ២ ហាង។ ប្រភពដដែលបន្តថា ក្រោយមកឃើញរថយន្តបង្កហេតុនោះ បើកឆ្លងថ្នល់ពីលិចទៅជើង តាមផ្លូវជាតិលេខ៣ លុះបើកឡើងថ្នល់ បានបន្តិចមិន ដឹងថា យ៉ាងមេច ក៏ឃើញបើកជ្រុលបុកចូលហាងលក់សាច់ក្រក់នោះតែម្តង បណ្តាលឲ្យស្ត្រី ម្នាក់ កំពុងឈរអាំងសាច់ក្រក រងរបួសធ្ងន់ និងម៉ូតូភ្ញៀវចំនួន ៤គ្រឿង ខូចខាតស្រាលៗ ។

ដោយឡែកភា្លមៗនោះ សមត្ថកិច្ចចរាចរណ៍ ដែលឈរនៅគោលដៅវត្តស្លែង ក៏បានចុះកន្លែងកើតហេតុ ធ្វើការវាស់វែង និងត្រួតពិនិត្យការខូចខាត ។ សមត្ថកិច្ចចរាចរណ៍ម្នាក់ បានប្រាប់ឲ្យដឹងដែរថា រថយន្ត បង្កហេតុ ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-3404 បើកបរដោយឈ្មោះ ស្រី មុំ ភេទស្រី អាយុ ៣៦ឆ្នាំ រួមដំណើរជាមួយប្តីឈ្មោះ ស សាវុធ អាយុ ៤៧ឆ្នាំ មុខរបរលក់ដូរ និងកូនប្រុស ម្នាក់នៅក្នុងរថយន្ត មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ម៉េង ហួតចេង អាយុ៣០ឆ្នាំ ជាអ្នកលក់សាច់ក្រក់ រងរបួសធ្ងន់ ត្រូវបានក្រុម គ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗផងដែរ ហើយក្នុងនោះ ម៉ូតូចំនួន៤គ្រឿង ក៏រងនូវការខូចខាត ជារបស់ភ្ញៀវ ដែលចូលហូបសាច់ក្រក់ នៅហាងកើតហេតុខាងលើនេះ។

ស្ត្រីជាអ្នកបើកបររថយន្តបង្កហេតុនោះ ក៏បានប្រាប់ឲ្យដឹងដែរថា ប្តីរបស់គាត់បង្រៀនឲ្យគាត់បើករថយន្ត ដោយបើកចេញពីផ្ទះគាត់ មកហូបសាច់ក្រក់នៅវត្ត ស្លែងនេះ។ ក្រោយពីហូបសាច់ក្រករួច ប្តីគាត់ក៏ឲ្យបើក ចេញទៅផ្ទះវិញ តែដល់គាត់ឆ្លងផ្លូវបានបន្តិច គាត់ស្លន់ក៏ជាន់ហ្គែរ ស្មានថា ហ្រ្វាំង ក៏ជ្រុលបុកចូលផ្ទះគេ តែម្តង ។ ស្ត្រីដដែលក៏បានបន្តឲ្យដឹងទាំងទឹកភ្នែករលីងរលោង ក្នុងក្តីភិតភ័យដែលពុំធ្លាប់ជួបប្រទះថា នេះ ជាលើកទី១ហើយ ដែលរូបគាត់ជួបប្រទះបែបនេះ ពេលដែលរថយន្តរេចង្កូតនោះ ប្តីគាត់ក៏ប្រាប់ឲ្យជាន់ ហ្រ្វាំង តែគាត់ស្លន់ពេក គ៏ច្រឡំជាន់ហ្គែរបន្ថែមល្បឿន ។ បុរសជាប្តីឈ្មោះ ស សាវុធ ក៏បានបញ្ជាក់ឲ្យ ដឹងដែរថា គាត់បានបង្រៀនឲ្យប្រពន្ធរបស់គាត់ចេះបើកបររថយន្ត ហើយគាត់បានបណ្តោយឲ្យប្រពន្ធ គាត់បើករថយន្ត ចេញពីផ្ទះមកតាមធម្មតា លុះមកដល់ម្តុំនេះ គាត់ក៏ចង់ ហូប សាច់ក្រក ក៏ឲ្យប្រពន្ធគាត់ បត់រថយន្តចូលហូបសាច់ក្រកសិន ពេលហូបហើយ គាត់ក៏ឲ្យប្រពន្ធគាត់បើកត្រឡប់ទៅផ្ទះវិញ នៅពេល បើកឆ្លងថ្នល់បាន បន្តិចមិន ដឹងជាយ៉ាងម៉េច ក៏រេចង្កូតទៅបុកចូលផ្ទះគេតែម្តង ហើយគាត់ក៏បានប្រាប់ប្រពន្ធ គាត់ឲ្យជាន់ហ្រ្វាំង បែរជាមិនជាន់ហ្រ្វាំង ជាន់ហ្គែរបន្ថែមល្បឿនវិញ ដោយសារស្លន់ ។

ជាមួយគ្នានេះ អធិការរងនគរបាលខណ្ឌដង្កោ ទទួលបន្ទុកចរាចរណ៍ សណ្តាប់ធ្នាប់ខណ្ឌ ក៏បានប្រាប់ឲ្យ ដឹងដែរថា រថយន្តបង្កហេតុត្រូវនាំយកទៅរក្សាទុក នៅអធិការ ដ្ឋាន នគរបាលខណ្ឌរង់ចាំការដោះស្រាយ ថ្លៃការខូចខាតលំនៅដ្ឋានពលរដ្ឋ និងអ្នករបួស។ ចំណែកម៉ូតូ៤គ្រឿង មើលទៅខូចខាតបន្តិចបន្តួចទេ ទុក ឱកាសឲ្យម្ចាស់ ម៉ូតូ និងភាគីម្ចាស់រថយន្តចរចាគ្នាទៅ ។ អធិការរងដដែលលោក នាក់ ណារ៉ូ បន្តថា ករណី នេះជាអចេតនាទេ អ្នកបើកបរស្លន់ព្រោះគាត់ ទើបតែរៀនបើកបរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news