CamNews

ព័ត៌មានជាតិ 

សមាគមអ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​ទ្រព្យ​នៅ​កម្ពុជា រើស​បាន​ប្រធាន​ថ្មី ជំនួស​លោក សុខ ប៊ុន

ភ្នំពេញ៖ លោក គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៉ីស្ទេត បានជាប់ឆ្នោតជា ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ ជំនួស លោក សុខ ប៊ុន អតីតប្រធានសមាគមនេះ ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែបង្កហិង្សាលើពិធីការិនី កញ្ញា សាសា នាពេលកន្លងទៅ។

ការបោះឆ្នោតជ្រើសរើសប្រធានថ្មី ត្រូវបានធ្វើឡើងនៅក្នុង មហាសន្និបាតវិសាមញ្ញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា (CVEA) ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ ដោយមានការចូលរួមពីសមាជិក និងតំណាងក្រុមហ៊ុនអចលនទ្រព្យ ប្រមាណ៥០ក្រុមហ៊ុនមួយចំនួន។

លោក គឹម ហ៊ាង បានឈ្នះការបោះឆ្នោត ដោយទទួលបានសំឡេងពីសមាជិកចំនួន ១៨សំឡេងច្រើនជាង ក្នុងចំណោមបេក្ខភាព៤នាក់ ផ្សេងទៀត ដែលមានលោកឧកញ៉ា ចេង ខេង ទទួលបាន១០សំឡេង, លោក ច្រឹក សុខនីម ទទួលបាន៧សំឡេង, លោក សន សៀប ទទួលបាន៩ សំឡេង និងលោក វ៉ា វីរៈ ទទួលបាន៤សំឡេង។

សូមជម្រាបថា អតីតប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យ លោក សុខ ប៊ុន ដែលកំពុងជាប់ពន្ធនាគារ បានដឹកនាំសមាគមមួយនេះ ត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ រួចក៏ជួបរឿងអកុសលតែម្តង។ ដូច្នេះ លោក គឹម ហ៊ាន ដែលជាប្រធានថ្មីនេះ ត្រូវបន្តដឹកនាំសមាគមរយៈពេលត្រឹមតែ ១ឆ្នាំកន្លះប៉ុណ្ណោះ ។

ប្រធានសមាគម លោក គីម ហ៊ាង បានអះអាងថា ខ្លួនបន្តដឹកនាំសមាគមអ្នក វាយតម្លៃអចលនទ្រព្យនេះ ឲ្យបានល្អ ប្រកបដោយសាមគ្គីភាព រវាងសមាជិកទាំងអស់ ដោយប្រកាន់នូវគោលការរីកចម្រើនទាំងគ្នា ហើយពិសេសជាងនេះ ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង នៅអាស៊ាន នាពេលខាងមុខនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP