(ភ្នំពេញ)៖ ក្រោយពីសម្រេចចិត្តរៀបការ ហើយចេញទៅរស់នៅសាងសុភមង្គលស្នេហា ជាមួយស្វាមី លើដែនដីអូស្ត្រាលី អស់រយៈពេលជិត៧ឆ្នាំមកនេះ ស្រាប់តែតារាសម្តែងស្រីតួឯកក្នុងរឿង «ទុំទាវ» អ្នកនាង ដាញ់ ម៉ូនីកា ប្រកាសយ៉ាងភ្ញាក់ផ្អើលថា នាងនឹងវិលត្រឡប់មកសម្តែងជាថ្មី នៅទឹកដីប្រទេសកំណើតកម្ពុជា នាពេលឆាប់ៗនេះ។
ជាមួយគ្នានឹងការប្រកាស វិលចូលសិល្បៈជាថ្មី ពីសំណាក់តារាសម្តែងនាង ដាញ់ ម៉ូនីកា នេះដែរ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាស្រីរូបនេះ ក៏បានសរសេរបញ្ជាក់ថា« នៅចាំកុមារីម្នាក់នេះទេ ខ្ញុំនិងត្រឡប់ទៅសម្តែង សារជាថ្មី ព្រោះខ្ញុំនៅតែស្រឡាញ់ការងារបស់ខ្ញុំ សង្ឃឹមថាបងប្អូនទាំងអស់គ្នា និងនៅស្រឡាញ់ការសម្តែង របស់ខ្ញុំណា!»។
ជាការកត់សម្គាល់ តាំងពីចាកចេញពីកម្ពុជា ទៅរស់នៅជាមួយស្វាមី អ្នកនាង ដាញ់ ម៉ូនីកា គឺបានកាត់ផ្តាច់ទាំងស្រុងពីសិល្បៈ ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេលជិត៧ឆ្នាំហើយ។ ប៉ុន្តែអ្វីជារឿងដែលចាប់អារម្មណ៍ សម្រាមហាជននោះ ម៉ូនីកា បានបញ្ជាក់ថ្មីៗនេះថា នាងនៅតែស្រឡាញ់សិល្បៈ ហើយនឹងវិលត្រឡប់មកចូលសិល្បៈជាថ្មី ដើម្បីសម្តែងរឿងជូនទស្សនិកជន អ្នកគាំទ្រទស្សនាបន្តទៀត។ ប៉ុន្តែនាងមិនបានបញ្ជាក់ទេថា តើត្រូវសម្ដែងក្នុងរឿងណាមួយ និងមកកម្ពុជានៅពេលណានោះទេ ។
យ៉ាងណាមិញប្រភពព័ត៌មានពីក្នុងសិល្បៈ បានទម្លាយថា ដាញ់ ម៉ូនីកា អាចមកសម្ដែងក្នុងរឿងថ្មីរបស់អ្នកនិពន្ធឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងរឿង«ទឹកចិត្តអ្នកម្ដាយសម័យថ្មី» នៅក្នុងអំឡុងខែសីហា ខាងមុខនេះ ខណៈដែលអ្នកនាង អម្ពរ ទេវី ដែលជាតារាសម្ដែងជើងចាស់ និងបានទៅរស់នៅអាមេរិកជិត២០មកហើយ ក៏មានវត្តមានសម្ដែងក្នុងរឿងនេះដែរ។
គួររំឭកថា តារាសម្តែងសម្បុរស្រអែម នាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ជាមួយបុរសពោះម៉ាយអាណិកខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល ដែលមានវ័យជិត៤០ឆ្នាំ កាលពីអឡុងបំណាច់ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួកគេក៏បានដឹកដៃគ្នា ចាកចេញពីស្រុកខ្មែរ ឆ្ពោះទៅរស់នៅលើទឹកដីអូស្ត្រាលី តែម្តងហើយរហូតដល់ពេលបច្ចុប្បន្នពួកគេ មានកូនចំនួន២នាក់ ជាចំណងដៃផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង