CamNews

ព័ត៌មានជាតិ 

នគរបាល បំបែកសំណុំ រឿងចាប់ ជំរិតឆ្លងដែន ឃាត់ខ្លួន ជនសង្ស័យ៤នាក់ រំដោះជនរងគ្រោះ២នាក់

ព្រះសីហនុ ៖ កម្លាំងនគរបាល ខេត្តកំពតដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល ខេត្តព្រះសីហនុ បានបំបែកសំណុំរឿង ចាប់ជំរិតឆ្លងដែន ហើយបានបង្រ្កាប ចាប់ជនល្មើសចំនួន ៤នាក់ ព្រមទាំងបានរំដោះ ជនរងគ្រោះ២នាក់ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធិ នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ បានមានប្រសាសន៍អោយដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ មានបុរសវៀតណាមម្នាក់ឈ្មោះ យ៉ យ៉ាងថាន់ អាយុ ៥០ឆ្នាំ មុខរបរកម្មករ នៅខេត្ត យិនឡុង ប្រទេសវៀតណាម បានមកប្តឹងនៅ ស្នងការដ្ឋាន នគរបាលខេត្តកំពតថា មានគេចាប់កូនគាត់ គំរាមជំរិតទារប្រាក់ ចំនួន ៧០០០ដុល្លារ ហើយយកមកលាក់ខ្លួន នៅប្រទេសកម្ពុជា ។

បន្ទាប់ពីទទួលពាក្យបណ្តឹងនេះភ្លាម លោកឧត្តមសេនីយ៍ត្រី ថ្លាង ភិរិន ស្នងការនគរបាល ខេត្តកំពត បានដាក់បទបញ្ជា អោយរូបលោកដឹកនាំ កម្លាំងនគរបាល ព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងបង្រ្កាបករណីនេះភ្លាម ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ថា ឪពុកជនរងគ្រោះ ត្រូវបាន ក្រុមចាប់ជំរិតប្រាប់អោយ យកប្រាក់ចំនួន ៧០០០ដុល្លារ ឆ្លងព្រំដែនពីច្រកហាទៀង ខេត្តគៀងយ៉ាង មកព្រែកចាកខេត្តកំពត ទៅអោយពួកគេ ក្នុងនោះ ពួកចាប់ជំរិតបានប្រាប់ថា ពេលឆ្លងដែនរួច មានម៉ូតូនៅរង់ចាំដឹក មកដាក់រថយន្ត តាក់ស៊ី ដែលនៅចាំជាស្រេច នៅក្បែរនោះ រួចតាក់ស៊ីនោះ និងដឹកគាត់បន្ត មកចូល ខេត្តព្រះសីហនុ ដើម្បីលោះកូនត្រឡប់ទៅវិញ ។

បន្ទាប់ពីឮ ឪពុកជនរងគ្រោះ រាយការណ៍ ប្រាប់យ៉ាងដូច្នេះភ្លាម ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ក៏បានប្រើប្រាស់ ជំនាញ និងមធ្យោបាយ តាមឃ្លាំមើល ជនរងគ្រោះតាំងពី នៅច្រកព្រំដែន រហូតដល់ ឡើងរថយន្ត សំដៅចូលមក ខេត្តព្រះសីហនុ ទើបចាប់ជនល្មើស នៅរង្វង់មូលតោពីរ បានចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បន្ទាប់មក ទើបឈានទៅដល់ចាប់ ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំនុចខាងក្រោយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីសួរចម្លើយ ជនសង្ស័យរួច ទើបកម្លាំង សមត្ថកិច្ចបានកំណត់ទីតាំង រំដោះជនរងគ្រោះភ្លាមៗ ។ ស្រាប់តែពេលទៅដល់ បន្ទប់ជនរងគ្រោះ ក៏ឃើញជនរងគ្រោះ ដែលឪពុកមកប្តឹងហើយ ជនរងគ្រោះម្នាក់ទៀត ដែលចាញ់បោកគេ ត្រូវបានគេឃុំជាមួយគ្នា ។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធិ បានបញ្ជាក់ប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ក្នុងនោះ៖ ទី១ឈ្មោះ ផាន ជីប៊ី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនេសាទ មានទីលំនៅ ខេត្តហាទៀង ប្រទេសវៀតណាម (ជនដៃដល់ធ្វើ ទារុណកម្មជនរងគ្រោះ) ។ ទី២ឈ្មោះ ទៀង ធីប៊ែរ ហៅ ចាន់ ថន ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ទី៣ឈ្មោះ ហ្វាង វៀងជុង អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងខ្សែកាប មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទី៤ឈ្មោះ ង្វៀង ចាំងប៊ិញ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិន ពិតប្រាកដ ស្រុកកំណើត ខេត្តឡុងអាន ប្រទេសវៀតណាម ។

ចំណែកជន រងគ្រោះទី១មាន ឈ្មោះ យ៉ ថាញ់ញឹង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ខេត្តយិនឡុង ប្រទេសវៀតណាម មានប្រពន្ធ និងកូនប្រុសអាយុ១១ខែ ត្រូវគេចាប់យក មកឃុំនៅ ខេត្តព្រះសីហនុ រយៈពេល៧ថ្ងៃ មកហើយ ។

ចំណែក ជនរងគ្រោះទី២ឈ្មោះ ដន មិនទៀង ភេទប្រុស អាយុ៣៤ឆ្នាំដូចគ្នា មុខរបរកសិក ស្នាក់នៅខេត្តឡុងអាន ប្រទេសវៀតណាម ត្រូវគេចាប់យក មកឃុំនៅខេត្តព្រះសីហនុ រយៈពេល២៣ថ្ងៃមកហើយ ។ ជនរងគ្រោះទាំង២នាក់ បាននិយាយប្រហាក់ប្រហែលគ្នាថា ខណៈដែល ពួកគេឆ្លងព្រំដែន មកកំសាន្តនៅប្រទេសកម្ពុជា នៅច្រកព្រៃវល្លិ៍ ឃុំកំពង់រោទ៍ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក៏មានគេមកបបួលទៅដើរលែង នៅខេត្តព្រះសីហនុ ។ បន្ទាប់ពីបាន មកដល់ ខេត្តព្រះសីហនុភ្លាម ក៏ត្រូវគេយកមក ឃុំធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃទៅវិញ ហើយអោយជនរងគ្រោះទាំង២នាក់ ធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារនៅប្រទេសវៀតណាម យកប្រាក់មកលោះ ក្នុងម្នាក់ៗ ៧០០០ដុល្លារទើបរួចខ្លួន ។

ដោយក្នុងនោះ ពួកចាប់ជំរិតបានគំរាមសំលាប់កាត់ក និងអោយបោះអោយ ក្រពើស៊ីជាដើម ។ ឪពុកជនរងគ្រោះបាន សំដែងនូវភាពសប្បាយរីករាយ យ៉ាងខ្លាំង និងកោត សសើរសមត្ថកិច្ច នគរបាលកម្ពុជា ដែលបានរំដោះកូន របស់គាត់ប្រកបដោយសុវត្ថិភាព ។

ឪពុកជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា  បន្ទាប់ពីឮគេគំរាមសំលាប់ កូនរបស់គាត់ភ្លាម គាត់ក៏ប្រញាប់ប្រញាល់ លក់ផ្ទះនៅប្រទេសវៀតណាម បានចំនួន ៩០លានដុង ហើយនៅមិនគ្រប់ទៀត ក៏បានដើរខ្ចីគេបន្ថែមទៀត នេះក៏ព្រោះតែស្រឡាញ់កូន ពេកដោយគេគំរាមថាកាត់ក និងបោះអោយក្រពើស៊ីជាដើម ។ បន្ទាប់ពីបំបែកសំណុំរឿងនេះ រួចជនសង្ស័យ និងជនរងគ្រោះទាំងអស់ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តកំពត ដឹកយកត្រឡប់ទៅខេត្តកំពតវិញ ដើម្បីចាត់ការបន្ត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news