ភ្នំពេញ៖ មន្រ្តីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានឱ្យដឹងថា ក្រុមហ៊ុន Korea Air នឹងយកយន្តហោះពិសេសមួយ មកដឹកអ្នកដំណើរពីកម្ពុជា ទៅកាន់ប្រទេសកូរ៉េ ក្រោយពេលយន្តហោះរបស់ខ្លួន ជើងហោះហើរលេខ KE690 ដែលផ្ទុក អ្នកដំណើរ១៥៤នាក់ ជាប់គាំងហ្រ្វាំងកង់ក្រោយ កាលពីយប់មិញ ធ្វើឱ្យខកដំណើរ ។ មន្រ្តីដដែលនេះ បានបន្ថែមថា យន្តហោះពិសេស របស់កូរ៉េ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥នេះ។
សូមជំរាបថា កាលពីវេលាមម៉ោង ០០៖៣០នាទីយប់ ចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបញ្ហាកើតឡើងដោយ យន្តហោះ ក្រុមហ៊ុន Korea Air ជើងហោះហើរលេខ KE690 បានជាប់គាំងហ្រ្វាំងកង់យន្តហោះ ពេលរត់លើផ្លូវ(ពីស) ត្រៀមហោះចេញទៅប្រទសកូរ៉េ ប៉ុន្តែបញ្ហានេះ មិនមានគ្រោះថ្នាក់អ្វីដល់ អ្នកដំណើរនោះទេ ។
មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា បញ្ហាជាប់គាំងហ្រ្វាំងកង់យន្តហោះនេះ បានធ្វើឲ្យយន្តហោះផ្សេងទៀត មិនអាចចុះចត នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញទេ ដោយឲ្យទៅចុះនៅព្រលានយន្តហោះ ខេត្តសៀមរាបវិញ ចំណែកឯយន្តហោះ ត្រូវហោះឡើង ក៏បានផ្អាកបណ្តោះអាសន្នសិន អស់រយៈពេលប៉ុន្មានម៉ោង៕
អាន៖ ផ្អើលពេញអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទាំងកណ្តាលយប់, យន្តហោះ Korea Air ជាប់គាំងហ្រ្វាំងកង់ ពេលត្រៀមហោះចេញ
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល