CamNews

ព័ត៌មានជាតិ 

សិស្សថ្នាក់ទី១០ ពីរនាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធ ចាប់បាន ខណៈធ្វើសកម្មភាព ឆក់កាបូបនារី រងគ្រោះ

ភ្នំពេញ៖ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ពីរនាក់ ត្រូវបានក្រុមប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ រួចប្រគល់ជូនសមត្ថកិច្ច ខណៈដែលពួកគេ បានឆក់កាបូបនារីម្នាក់ ពេលមេឃកំពុងភ្លៀង រួចក៏ភ្លាត់ស្នៀត ដួលដោយខ្លួនឯងទាំងពីរនាក់ នៅម៉ោង២ រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវលេខ៥១ កែវផ្លូវលេខ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូធ្វើដំណើរ តាមផ្លូវលេខ៥១ ពីត្បូងទៅជើង ក្នុងបំណងទៅផ្សារបឹងកេងកង ប៉ុន្តែលុះមកដល់កែងផ្លូវលេខ៣៧០ ក៏ស្រាប់តែមានយុវជនពីរនាក់ បានជិះម៉ូតូមកអែបនាង រួចធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះតែម្តង។

សាក្សីបានបន្តទៀតថា ក្រោយពីឆក់កាបូប បានពីនារីរងគ្រោះ ជនសង្ស័យ ទាំងពីរនាក់នោះ ក៏បានជិះ ម៉ូតូគេចខ្លួន ប៉ុន្តែចៃដន្យដោយសារតែ មេឃភ្លៀងនោះ បានធ្វើឲ្យម៉ូតូរបស់ពួកគេដួល ហើយ ភ្លាមនោះ ក្រុមប្រជាពលរដ្ឋក៏នាំគ្នាព័ទ្ធចាប់ជនសង្ស័យ បានទំាងពីរនាក់ រួចប្រគល់ជូនសមត្ថកិច្ច ។

មន្រ្តីនគរបាលមូលដ្ឋានបានថ្លែងឲ្យដឹងថា ជនសង្ស័យក្នុងសកម្មភាពឆក់កាបូបនេះ ឈ្មោះ សុខ លី អាយុ១៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឯម្នាក់ទៀតឈ្មោះ សុច សុភា អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទាំងពីរនាក់នេះ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ ។ ចំណែកឯនារីរងគ្រោះ ឈ្មោះ ហង្ស ផារ៉ាឌី អាយុ២២ ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី៤ និងមានអាជីពជាអ្នកបង្ហាញម៉ូដផងដែរ ស្នាក់នៅភូមិត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីនគរបាល ក៏បានឲ្យដឹងទៀតថា កាបូបរបស់ជនរងគ្រោះ ត្រូវបានប្រគល់ឲ្យវិញហើយ ដោយមិន មានបាត់បង់នោះទេ ក្នុងនោះមានប្រាក់ចំនួន១០ ម៉ឺន រៀល និងទូរស័ព្ទ IPhone 5 មួយគ្រឿង ។

លោកក៏បានបន្ថែមទៀតថា ក្នុងសកម្មភាពឆក់នេះ ជនសង្ស័យជិះម៉ូតូម៉ាក ស៊ុយស៊ីគីឡេត ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1CC-8833 ឯម៉ូតូនារីរងគ្រោះ ម៉ាកអាយខុន ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AB-9646 ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news