ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅចំណុចមុខ ហាងស៊ុបគីស៊ុប តាមបណ្ដោយ ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២០និង៣០នាទី យប់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៤ ។ ហើយករណីនេះ បង្កឡើងដោយសារ ក្រុមក្មេងទំនើងមួយ ក្រុមជិះម៉ូតូដេញគប់ កញ្ចក់ រថយន្តរ៉ងរ៉ូវែ មួយគ្រឿង បណ្ដាលឲ្យយុវជនម្នាក់ រងរបួផងដែរ ។
យោងតាមប្រភពព៌ត៌មាន ពីសន្តិសុខ ដែលយាមនៅជិតកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុមានរថយន្ត ម៉ាករ៉ងរ៉ូវែ មួយគ្រឿង ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់នៅមុខភោជនីយដ្ឋាន ស៊ុបគីស៊ុប បានប្រហែល៥នាទី ស្រាប់តែឃើញយុវជនមួយ ក្រុម មានគ្នា៤ទៅ៥នាក់ បានបណ្ដើរ ម៉ូតូចេញពីក្នុង ហាងមកឈប់ឈ្លោះប្រកែកគ្នា ជាមួយម្ចាស់រថយន្តរ៉ងរ៉ូវែ រហូតបង្កទំនាស់ផ្ទុះហិង្សា កាន់តែខ្លាំង ធ្វើឲ្យក្រុមយុវជនទ្រាំពុំបានយកដុំថ្ម ដេញគប់បំបែកកញ្ចក់ រថយន្តរ៉ងរ៉ូវែបង្កការភ្ញាក់ផ្អើល ឆោឡោដល់ប្រជាពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុ ។ ទាក់ទិនទៅនិងករណី ទំនាស់ហិង្សារវាងក្រុម យុវជនខាងលើ គឺបណ្តាលឲ្យយុវជនម្នាក់ ត្រូវរងរបួសបែកក្បាល ខណៈជិះម៉ូតូដេញគប់ រថយន្តហើយដូលខ្លួនឯង។
គួរបញ្ជាក់ថា ក្រោយកើតហេតុ រថយន្តរ៉ងរ៉ូវែ បានបើករត់គេចខ្លួន បាត់ស្រមោល ចំណែកក្រុម យុវជន ក៏នាំគ្នារត់គេចខ្លួន អស់ដែរ គឺនៅសល់ តែយុវជន ដែលរងរបួស ម្នាក់ តែប៉ុណ្ណោះ។ ដូច្នេះបន្ទាប់ពី មានភាពស្ងប់ស្ងាត់ សមត្ថកិច្ចចុះទៅដល់កន្លែងកើត ហេតុបានត្រឹមណែ នាំឲ្យយុវជនរង របួសទៅដាក់ ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីរងចាំស្រាវជ្រាវ តាមចាប់ក្រុមជនបង្ក យកមកផ្តន្ទា ទោសតាមច្បាប់។
ចំពោះករណីនេះ សមត្ថកិច្ចមូលដ្ឋាន ក៏ជាប្រជាពលរដ្ឋ បានសន្និដ្ឋានថា យុវជនខាងលើ ជាមនុស្ស ស្គាល់គ្នា ជាមួយម្ចាស់រថយន្តរ៉ងរ៉ូវែ រឺក៏អាចជាគូរ សត្រូវនិងគ្នា កាលពីពេលកន្លង មកផងដែរ ទើបថ្ងៃនេះ ជួបគ្នាផ្ទុះហិង្សា បើកការប្រយុទ្ធនៅ ចំពោះមុខមហាជនតែម្តងទៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល