-ប្រធានសន្ដិសុខ សុំសម្រួលបញ្ចប់រឿង ត្រឹម ២០០០ដុល្លារ
ភ្នំពេញ ៖ អ្នកយកព័ត៌មាន ផ្នែកសន្ដិសុខ ពេលយប់ នៅក្នុងរាជធានីភ្នំពេញ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស លោកឡេង វណ្ណ សុទ្ធា អាយុ៣១ឆ្នាំ ត្រូវបានស្ដ្រីជាប្រធាន សន្ដិសុខឯកជន នៅមន្ទីរពេទ្យ រុស្សី និងកូន ប្រុស ព្រមទាំងកូនចៅរបស់ខ្លួន មកចាប់ ក្រៀក ហើយយកវិទ្យុទាក់ទងវាយបែកក្បាល រួចយកទៅឃុំខ្លួនបង្ខាំងទុក នៅក្នុងបន្ទប់ របស់ពួកគេ អស់រយៈពេលជាង១ម៉ោង កាល ពីល្ងាចនិង យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ទំរាំ មានការជួយ អន្ដរាគមន៍ពីសំណាក់អាជ្ញា ធរសមត្ថកិច្ចមូលដ្ឋាន និងថ្នាក់ដឹកនាំរបស់ ស្ថានីយ៍ទូរទស្សន៍ ទើបជនរងគ្រោះបានរួចផុត ពីការឃុំខ្លួនចេញពីកណ្ដាប់ដៃ របស់ប្រធានសន្ដិសុខ និងកូនចៅរបស់ពួកគេ ។
ជាមួយគ្នានេះ អ្នកយកព័ត៌មានរបស់ កាសែតកោះសន្ដិភាពម្នាក់ កុំតែរត់រួចខ្លួន ចេញមកក្រៅទូរស័ព្ទស្វែង រកអន្ដរាគមន៍ ទាន់វេលា កុំអីក៏ត្រូវបានក្រុមសន្ដិសុខខាង លើនេះព្រួតវាយនិងចាប់បង្ខាំងទុក ដូចអ្នក ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ ។
មូលហេតុដែលនាំមានការប្រើអំពើហិង្សា និងចាប់បង្ខាំងទុកអ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសខាងលើនេះ ខណៈ ដែលជនរងគ្រោះឡេង វណ្ណសុទ្ធា ចុះទៅយកព័ត៌មាននៅមន្ទីរពេទ្យរុស្សី ស្ដីអំពីការ ដឹកសពជនរងគ្រោះម្នាក់ ទៅកាន់ស្រុកកំណើត វិញ ក្រោយពីបានស្លាប់នៅមន្ទីរពេទ្យមួយ នេះ ។
ប្រភពព័ត៌មានពីបុគ្គលិករបស់ស្ថានីយ៍ ទូរទស្សន៍ហង្សមាស បានឱ្យដឹងថា មុនពេល កើតហេតុ មានប្រជាពលរដ្ឋដែលសាច់ញាតិ របស់ពួកគាត់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ហើយក៏ទៅសួរនាំខាងរថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរុស្សី ពីតម្លៃដែលត្រូវដឹក សពជនរងគ្រោះទៅកាន់ស្រុកកំណើតពេល នោះខាងរថយន្ដសង្គ្រោះបន្ទាន់ ប្រាប់ថា យក តម្លៃមួយលានរៀល ។
ដោយសារតែតម្លៃ ខ្ពស់ពេក ហើយគ្មានលុយសម្រាប់ឱ្យដឹកសព សាច់ញាតិរបស់ខ្លួនទៅកាន់ស្រុកកំណើតនោះ សាច់ញាតិសពក៏បានទូរស័ព្ទទៅកាន់វិទ្យុ អេប៊ីស៊ី ដោយរៀបរាប់ពីបញ្ហារបស់ខ្លួនជា ពិសេសអត់លុយឱ្យរថយន្ដសម្រាប់ដឹកសព។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ វិទ្យុ អេប៊ីស៊ី ក៏បានបញ្ជូន រថយន្ដសង្គ្រោះបន្ទាន់ របស់ខ្លួនទៅកាន់មន្ទីរពេទ្យរុស្សី ដើម្បីទៅ ដឹកសពរបស់ជនរងគ្រោះ ។
ដោយឡែកអ្នក ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស នៅពេលយប់ និងអ្នកយកព័ត៌មានរបស់កោះ សន្ដិភាព ដែលកំពុងតាមប្រមាញ់ព័ត៌មាន ទាន់ហេតុការណ៍នោះ ក៏នាំគ្នាជិះម៉ូតូយ៉ាង លឿន ទៅកាន់មន្ទីរពេទ្យរុស្សី ក្នុងគោល បំណងទៅយកព័ត៌មានខាងលើនេះ ។
បុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានបន្ដទៀតថា នៅពេលដែលអ្នកយកព័ត៌ មានទាំងពីរនាក់ កំពុងតែថតរូបវីដេអូនោះ ស្រាប់តែខាងសន្ដិសុខ បានរារាំងហើយគ្រវាស កាមេរ៉ាថតរូប បណ្ដាលឱ្យធ្លាក់បែកកញ្ចក់ បន្ទាប់មកសន្ដិសុខទាំងនេះ បានចាប់ដៃទាំង ពីរក្រៀកទៅក្រោយ រួចប្រធានសន្ដិសុខរបស់ ខ្លួន ដែលជាជនដៃដល់ឈ្មោះកើត ផល្លី ភេទ ស្រី អាយុ៤០ឆ្នាំ បានទាញវិទ្យុទាក់ទងវាយ ក្បាល បណ្ដាលឱ្យបែកហូរឈាមជោកអាវ។
ភ្លាមៗនោះ ក្រុមសន្ដិសុខទាំងប្រធាននិងកូន ចៅ បានចាប់ជនរងគ្រោះយកទៅបង្ខាំងទុក នៅក្នុងបន្ទប់របស់ខ្លួន ហើយដកហូតទូរស័ព្ទ ចេញនៅពេលដែល ជនរងគ្រោះទូរស័ព្ទទៅ កាន់ថ្នាក់ដឹកនាំរបស់ខ្លួនចុះមកជួយអន្ដរាគមន៍ ។ ប៉ុន្ដែរឿងរ៉ាវខាងលើនេះ ត្រូវបាន អ្នកព័ត៌មានរបស់កាសែត កោះសន្ដិភាពបានរត់ ចេញមកក្រៅ ហើយទូរស័ព្ទស្វែងរក អន្ដរាគមន៍ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច អាជ្ញាធរនិងប្រជាពលរដ្ឋ ដែលចូលទៅមើលជំងឺក្នុងមន្ទីរពេទ្យរុស្សី។
បុគ្គលិកខាងលើនេះបានបន្ដថា ស្ដ្រីជាជន ដៃដល់ឈ្មោះកើត ផល្លី ត្រូវបាននគរបាល នាំមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមន ដើម្បីធ្វើការដោះស្រាយនិងមាន វិធានការតាមផ្លូវច្បាប់ ។
ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមក អស់រយៈពេលស្ទើរពេញមួយ ភាគីបង្កដែល ជាប្រធានសន្ដិសុខនៅក្រុមហ៊ុនហ្គារ៉ូដា បាន សុុខចិត្ដបញ្ចប់រឿង តាមរយៈការ សងលុយ ចំនួន២០០០ដុល្លារ ហើយទាមទារឱ្យភាគី ជនរងគ្រោះដកពាក្យបណ្ដឹង ។
យ៉ាងណាក៏ដោយ រហូតមកដល់វេលា ម៉ោង១១ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ សំណងចំនួន២០០០ដុល្លារ មិនទាន់ត្រូវបានភាគូីជន បង្កប្រគល់នៅឡើយទេ ដោយរង់ចាំការពន្លត់បណ្ដឹងអាជ្ញាជាមួយតុលាការជាមុនសិន ក្រោយពីជនរងគ្រោះបានសម្រេច ដកពាក្យបណ្ដឹងទៅហើយនោះ ។
នាយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស លោកមាស រិទ្ធី បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ ឱ្យដឹងថារហូតមកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ សហការីរបស់លោកនៅពុំទាន់ ទទួលបានប្រាក់សំណង ២០០០ដុល្លារពីភាគី បង្កនៅឡើយទេ ដោយសារតែពួកគេនៅរង់ ចាំការពន្លត់បណ្ដឹងអាជ្ញាជាមួយព្រះរាជអាជ្ញា ជាមុនសិន ខណៈដែលសហការីរបស់លោក យល់ព្រមដកពាក្យបណ្ដឹង ។
ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ពុំទាន់អាចស្វែងរកការអត្ថាធិប្បាយ ណាមួយពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោកគឺ ប៊ុណ្ណរ៉ា និងស្ដ្រី កើត ផល្លី ដែលជាជនដៃដល់នៅឡើយទេ។
យ៉ាងណាក៏ដោយបុគ្គលិករបស់ស្ថានីយ៍ ទូរទស្សន៍ហង្សមាសមួយចំនួន ជាពិសេស អ្នកយកព័ត៌មានពេលថ្ងៃនិងពេលយប់ មិន ចង់ឱ្យបានសំណងលុយ២០០០ដុល្លារនោះទេ ពោលចង់ឱ្យសមត្ថកិច្ចនិងតុលាការ មានវិធាន ការតាមផ្លូវច្បាប់ ទៅលើស្ដ្រីជាជនបង្កប្រធាន សន្ដិសុខឯកជនរូបនេះ យកទៅដាក់ពន្ធនាគារ ដើម្បីជាការព្រមាន កុំឱ្យប្រើអំណាចជ្រុល ពេក ហើយជាការប៉ះពាល់លើសិទ្ធិសេរីភាព យកព័ត៌មានរបស់អ្នកកាសែតទៀតផង ។
បុគ្គលិកទូរទស្សន៍ហង្សមាសទាំងនេះ បានលួចបង្ហើបថា តាមពិតទៅថ្នាក់ដឹកនាំ របស់ពួកគេមិនចង់បញ្ចប់រឿងត្រឹមទទួល លុយសំណង ២០០០ដុល្លារនោះឡើយ ពោល ចង់ឱ្យចាប់បញ្ជូនទៅកាន់ពន្ធនាគារ ប៉ុន្ដែស្ដ្រី ជនបង្កអាងអ្នកមានឥទ្ធិពលជាន់ខ្ពស់មួយ រូបដែលនៅពីក្រោយខ្នង ដែលធ្វើឱ្យមាន សម្ពាធយ៉ាង ខ្លាំងទាំង ភាគីជនរងគ្រោះ សមត្ថ កិច្ចនិងតុលាការ ។
សូមបញ្ជាក់ថា ស្ដ្រីជនបង្ករូបនេះ បាន ម៉ៅការទាំងមូលនៅមន្ទីរពេទ្យរុស្សី ទាំងថ្លៃ ផ្ញើរថយន្ដ ផ្ញើម៉ូតូនិងថ្លៃការពារ ដែលពីមុន ខាងមន្ទីរពេទ្យជាអ្នកទទួលខុសត្រូវរួម ។
ចំពោះករណីប្រធានសន្ដិសុខឯកជនខាង លើនេះ វាយអ្នកសារព័ត៌មានបណ្ដាលឱ្យរង របួសបែកក្បាលនិងយកទៅឃុំឃាំងទុកអស់ រយៈពេលជាង១ម៉ោង ស្ថិតក្រោមការឃ្លាំង មើលបន្ដទៀតរបស់មជ្ឈដ្ឋានមួយចំនួននិង អ្នកយកព័ត៌មានទូទៅថាតើដំណោះស្រាយ នេះ និងបញ្ចប់ដោយរបៀបណា ខណៈដែល ភាគីនីមួយៗទាំងនគរបាល ទាំងតុលាការស្ថិត ក្រោមសំពាធរបស់បុគ្គលមានអំណាចនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល