ភ្នំពេញ ៖ ស្រីស្អាតម្នាក់ ដែលគេមិន ស្គាល់អត្ដសញ្ញាណ ប៉ុន្ដែ ទំនងជាកូនអ្នក មានទ្រព្យសម្បត្ដិ និងមានបុណ្យស័ក្ដិបាន បង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ដទៅ បុកបង្គោលភ្លើង ពេញមួយទំហឹងបណ្ដាល ឱ្យបង្គោលភ្លើង និងរថយន្ដរបស់ខ្លួនរងការ ខូចខាត ប៉ុន្ដែ អ្វីដែលធ្វើឱ្យមានការចាប់ អារម្មណ៍នោះ គឺនារីរូបនេះ បានហៅបក្ខ ពួក ដែលជាបងប្អូនសាច់ញាតិ របស់ខ្លួនមាន ទាំងអង្គរក្សផងនោះ បើករថយន្ដស៊េរី ទំនើប ២គ្រឿង និងម៉ូតូ ១គ្រឿង ប្រមាណ ជិត ១០នាក់ មកជួយអន្ដរាគមន៍ភ្លាមៗ ។
ហេតុការណ៍ ស្រីស្អាតបើករថយន្ដបុក បង្គោលភ្លើង ហៅបក្ខពួកមកអន្ដរាគមន៍ ស្ទើរតែស្ទះចរាចរណ៍នោះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២រំលង អាធ្រាត្រ ចូលថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅតាមផ្លូវលេខ ៣៦៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើនេះ មានរថយន្ដ១គ្រឿង ម៉ាកកាមរីហាយប្រ៊ីត ពាក់ស្លាកលេខ ភ្នំពេញ 2U-3358 ធ្វើ ដំណើរតាមបណ្ដោយផ្លូវលេខ ៣៦៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ស្រាប់ តែរ៉េចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឱ្យ រងការខូចខាត ទាំងរថយន្ដ និងបង្គោល ភ្លើង ។ ក្រោយពីទទួលបានព័ត៌មានគ្រោះ ថ្នាក់ចរាចរណ៍បុកបង្គោលភ្លើងខាងលើនេះ មានអ្នកកាសែតជាច្រើននាក់ ទៅយកព័ត៌ មាន ប៉ុន្ដែ ពេលនោះអ្នកបើករថយន្ដបង្ក ដែលគេមិនស្គាល់ឈ្មោះ បានទូរស័ព្ទខ្វាត់ ខ្វែង ហៅសាច់ញាតិបងប្អូន ហើយភ្លាមៗ នោះ គេបានឃើញរថយន្ដស៊េរីទំនើប ២ គ្រឿង ១គ្រឿង ម៉ាក ឡង់រ៉ូវ៉ែរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-2222 និង ១ គ្រឿងទៀត ម៉ាកកាមរីហាយប្រ៊ីត មិនចាំ ស្លាកលេខ ព្រមទាំងម៉ូតូ១គ្រឿងដែលជិះ ដោយអង្គរក្ស មកឡោមព័ទ្ធរថយន្ដជិតក្នុង គោលបំណង យករថយន្ដត្រឡប់ទៅវិញ រីឯអ្នកបើករថយន្ដ ត្រូវបានសាច់ញាតិរបស់គេ ឱ្យឡើងជិះរថយន្ដឡង់រ៉ូវ៉ែរចេញទៅមុន។
សេចក្ដីរាយការណ៍បានបន្ដថា គ្រោះ ថ្នាក់ចរាចរណ៍នេះ មិនបានរំខានដល់សមត្ថ កិច្ចនោះឡើយ ពោលពួកគេបានស្ទូចរថយន្ដ របស់ខ្លួនយកទៅបាត់ ។
បើតាមសេចក្ដីរាយការណ៍ គ្រោះថ្នាក់ ចរាចរណ៍ខាងលើ អាចបណ្ដាលមកពីអ្នក បើករថយន្ដដែលជាស្រីស្អាតរូបនេះ ទំនង ជាផឹកស្រវឹង ទើបចេញពីជប់លៀងជាមួយ សង្សារ ឬមិត្ដភ័ក្ដិនៃបុណ្យឆ្លងឆ្នាំសកល៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល