ព្រះសីហនុៈ យុវនារីស្ទាវក្មេងៗ៣នាក់ បំរើការនៅក្លឹបកំសាន្ត ការ៉ាអូខេមួយកន្លែង ក្នុងក្រុងព្រះសីហនុ ទំនងទើប ចេញពីធ្វើការ បានបើកម៉ូតូ១គ្រឿង ប្រលែងគ្នារួចជ្រុលចង្កូត ទៅបុកខឿនពុះផ្លូវ បណ្តាលអោយស្លាប់២នាក់ និង រងរបួសធ្ងន់១នាក់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០៤ និង០០នាទីទាបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ថិតលើផ្លូវឯករាជ្យ ត្រង់ចំណុចមុខផ្សារទំនើប អូរ៉ែង (ORANGE SUMPER MARKET) ក្នុងក្រុម២ ភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ បានបើកបរ ម៉ូតូម៉ាកស៊ុយហ្សុយគី ឡេត (SUZUKI Let’s) សេរីឆ្នាំ២០១៤ ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅ ពីលិច ទៅកើត គឺពីផ្សារលើក្នុងព្រះសីហនុ ឆ្ពោះទៅរង្វង់មូលតោពីរ ឆ្នេរអូរឈើរទាល ។
តាមសាក្សីនៅកន្លែងកើតហេតុ ដែលជាអ្នកបើកម៉ូតូតុកៗ បាននិយាយប្រាប់ថា មុនពេលកើតហេតុ បន្តិចគាត់ ឃើញជនរងគ្រោះ បានបើកម៉ូតូ១គ្រឿងយ៉ាងលឿន ឌុបគ្នា៣នាក់ ហើយបានស្រែកហ៊ោកញ្រ្ចៀវ សប្បាយក្នុង ស្បៃរាត្រីស្ងាត់ឈឹង ។ ក្រោយមកក៏បានបើកជែងគាត់ ទៅមុន ខណៈពេលនោះគាត់ឮសម្លែង ទូរស័ព្ទរោទិ៍ ហើយ ក៏ឃើញជនរងគ្រោះ ទាំងបីនាក់លូកប្រញាយគ្នា យកទូរស័ព្ទមកនិយាយ ។ ដោយមិនប្រយ័ត្នក៏ទាក់ខ្សែ កាបូប ស្ពាយទៅនឹងចង្កូតម៉ូតូ បណ្តាលឱ្យរ៉េចង្កូត ទៅឆ្វេងដៃជ្រុលទៅបុកជាមួយ ខឿនពុះផ្លូវ ធ្វើឱ្យរងរបួសបែកក្បាល សន្លប់ទាំងបីនាក់ ។ ភ្លាមនោះគេក៏បានទាក់ទង ទៅរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ព្រះសីហនុ ។ ពេលមកដល់មន្ទីរពេទ្យ ជនរងគ្រោះម្នាក់ឈ្មោះ លី ហង្ស ក៏បានដាច់ខ្យល់ស្លាប់ភ្លាម រយៈពេល ប្រហែល១ម៉ោងក្រោយ មកជនរងគ្រោះម្នាក់ទៀតឈ្មោះ លី ហ័ង ក៏បានដាច់ខ្យល់ស្លាប់ តាមក្រោយដែរ ។ ដោយ ឡែកនៅសល់ជនរងគ្រោះម្នាក់ទៀតឈ្មោះ លី ហុង ភេទស្រី អាយុ ១៨ឆ្នាំ រងរបួសធ្ងន់ ។ ជនរងគ្រោះឈ្មោះ លី ហុង បាននិយាយទាំងរវើរវាយថា ខ្លួនមានស្រុកកំណើត នៅភូមិបវិល ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង ហើយ បានមកជួលផ្ទះគេស្នាក់នៅ ក្នុងភូមិ៣ សង្កាត់២ ក្រុងខេត្តព្រះសីហនុ ជាមួយបងជីដូនមួយ ឈ្មោះ លី ហង្ស រយៈពេល ជាង១ខែហើយ ។ ក្រោយមកឈ្មោះ លី ហ័ង មានស្រុកកំណើតនៅទីរួមខេត្តកំពង់ចាម ដែលជាមិត្តភក្តិ ធ្វើការនៅក្លឹបខារ៉ាអូខេ រាត្រីសំណាង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏បានមកនៅជាមួយគ្នា ។
តាមអ្នកដែលធ្លាប់ស្គាល់ជនរងគ្រោះបាននិយាយប្រាប់ថា គេទើបតែឃើញជនរងគ្រោះទាំងបីនាក់ទិញ ម៉ូតូបាន រយៈពេល១សប្តាហ៍នេះទេ ហើយឃើញមិត្តភក្តិ កំពុងបង្រៀនបើកបរម៉ូតូរាល់ថ្ងៃនៅឡើយ ហើយមិនស្មានថា ជនរងគ្រោះ ហ៊ានបើកបរម៉ូតូលើដងផ្លូវធំដោយខ្លួនឯង រហូតទទួលរងគ្រោះថ្នាក់ដល់ខ្លួនឯងដូច្នេះសោះ ។ បច្ចុប្បន្នសពជនរងគ្រោះឈ្មោះ លី ហង្ស ត្រូវបានយកទៅតំកល់ទុកនៅ វត្តឥន្ធញ្ញាណ (ហៅវត្តក្រោម) ។ ចំណែក សពជនរងគ្រោះ ម្នាក់ទៀតឈ្មោះ លី ហ័ង តំកល់ទុកក្នុងមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ។ ហើយជនរងគ្រោះ ឈ្មោះ លី ហុង កំពុងតាមដានព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែរ ។ ក្រុមគ្រូពេទ្យសំនូមពរសុំសួរ រកក្រុមគ្រួសារជនរងគ្រោះ ទាំងអស់មកទទួលសព ទៅធ្វើបុណ្យ និងមកមើល ជនរងគ្រោះ ដែលរបួសធ្ងន់ផង ។ ចំណែកម៉ូតូជនរងគ្រោះត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករង់ចាំ ជនរងគ្រោះ ឬក្រុមគ្រួសារមកទទួល យកទៅប្រើប្រាស់វិញផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល