CamNews

ព័ត៌មានជាតិ 

សាលាដំបូង​ រាជធានីភ្នំពេញ ប្រកាសឲ្យចាប់ខ្លួន សាយ កុសល ពីបទឆបោកប្រាក់ ជាង១០ ម៉ឺន ដុល្លារ

ភ្នំពេញ៖ គិតមកទល់ពេលនេះ មានរយៈពេលជិត១ ឆ្នាំមកហើយ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានចេញដីការបង្គាប់ឲ្យចាប់ខ្លួន លោក សាយ កុសល ពីបទឆបោក ហើយបុគ្គលនេះ នៅតែស្ថិតក្រៅសំណាញ់ច្បាប់ ដោយ បានព្យាយាមរត់គេចខ្លួន ពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។

តាមសេចក្តីរាយការណ៍ ក្រោយពីចៅក្រម បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សាយ កុសល រួចហើយនោះ ចៅក្រមក៏បានបញ្ជា ដល់កងកម្លាំងសាធារណៈ ឲ្យធ្វើការស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនជនជាប់ចោទ មកផ្តន្ទាទោស ឲ្យទាល់តែបាន ។ ជនជាប់ចោទនេះ ក៏ត្រូវបានគេបង្ហើបប្រាប់ឲ្យដឹងថា កន្លងមកបានប្រើល្បិចឆបោកប្រាក់ដើមបណ្តឹង ជាង១០ ម៉ឺន ដុល្លារសហរដ្ឋអាម៉េរិក ក្នុងករណីលក់ដីមួយកន្លែង ដែលខ្លួនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែ ក្រោយពីដើមបណ្តឹង បានប្រគល់លុយឲ្យរួចហើយ ក៏បានដឹងថា ដីដែលទិញនេះ ជាកម្មសិទ្ធិរបស់បុគ្គលផ្សេងទៅវិញ ។

យោងតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ១៥៨ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ របស់លោកចៅក្រម កោ វណ្ឌី កន្លងទៅនេះ គឺ បានចោទប្រកាន់ ឈ្មោះ សាយ កុសល ភេទប្រុស អាយុ៤៥ ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោសែនជ័យ ពីបទឆបោក ដែលបានប្រព្រឹត្ត ក្នុងរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១១ ។

ក្នុងដីកាបង្គាប់ ឲ្យចាប់ខ្លួននោះ ក៏បានបញ្ជាក់ទៀតថា ឈ្មោះ សាយ កុសល នេះ ក្រោយពីប្រព្រឹត្តបទល្មើសរួច បានរត់គេច ខ្លួនបាត់ ដូចនេះដើម្បីបានដឹងពីអង្គហេតុនៃរឿងសព្វគ្រប់ គប្បីចាប់ខ្លួននិងនាំខ្លួន ជនត្រូវចោទមកសាកសួរ នូវអង្គហេតុ ដែលកើតមានឡើង ជាប្រយោជន៍ក្នុងការរកយុត្តិធម៌ជូនភាគី៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news