CamNews

ព័ត៌មានជាតិ 

ឪពុក និងកូនប្រុស បើកម៉ូតូបុកគូទ រថយន្តដឹកស្រូវ ចតតាមចិញ្ចើមផ្លូវ ស្លាប់ទាំងពីរនាក់

បន្ទាយមានជ័យ៖ ២នាក់ឪពុក និងកូនប្រុសអាយុ៤ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ក្រោយពីជួបគ្រោះថ្នាក់ ចរាចរណ៍ បើកម៉ូតូបុកគូទ រថយន្តធន់ធំ ដឹកស្រូវពេញ ហើយចតលើ ចិញ្ចើមផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញា កាលពីវេលាម៉ោង ប្រមាណ ៨៖៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៦ ពីបន្ទាយមានជ័យ ទៅសៀមរាប ចំណុចព្រៃមាន ត្រង់ ស្ពានស្រែង ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អធិការនគរបាល ស្រុកព្រះនេត្រព្រះ លោក កែវ យឿន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ជនរងគ្រោះពីរនាក់ ឪពុក និងកូនប្រុស បានស្លាប់ ភ្លាមៗ ក្រោយពីបើកម៉ូតូ ទៅបុកគូទ រថយន្តដឹកស្រូវ ចតតាមចិញ្ចើមផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញា។

លោក កែវ យឿន បានបន្តទៀតថា ក្រោយទទួលសេចក្តី រាយការណ៍ខាងលើនេះ កម្លាំងនគរបាល របស់លោក បានចុះទៅជួយ អន្តរាគមន៍ភ្លាមៗ ប៉ុន្តែអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ។

សេចក្តីរាយការណ៍ពី មន្រ្តីនគរបាល ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាឪពុក មានឈ្មោះ ទូ លូ អាយុ២៩ឆ្នាំ និងកូនប្រុស អាយុ៤ឆ្នាំ។ យ៉ាងណាក៏ដោយ មិនទាន់ទទួល ព័ត៌មាន លំអិត អំពីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយ អន្តរាគមន៍។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានរិះគន់ ចំពោះម្ចាស់រថយន្តធន់ធំទាំងឡាយណា ដែលចតចោល តាមចិញ្ចើមផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញា ហើយអ្នកជិះម៉ូតូ ជាច្រើននាក់ តែងតែជួយហេតុការណ៍ បែបនេះ នៅតំបន់ខាងលើ ដូច្នេះប្រជាពលរដ្ឋ សូមអំពាវនាវ ដល់ អាជ្ញាធរខេត្ត និងសមត្ថកិច្ច ពាក់ព័ន្ធ ជួយចាត់វិធានការផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ