CamNews

ព័ត៌មានជាតិ 

លោក សៅ ប៊ុនរិទ្ធ ដកមន្រ្តី នគរបាលម្នាក់ បញ្ឈរជើង ក្រោយរិះគន់ ពីប្រជាពលរដ្ឋថា គ្មានសីលធម៌

បន្ទាយមានជ័យ៖ ក្រោយពីមានការរិះគន់ ពីប្រជាពលរដ្ឋថា មានមន្រ្តី នគរបាល គ្មានសីលធម៌
មានសម្តី និងកាយវិការ បែបមនុស្សព្រៃ លោក សៅ ប៊ុនរិទ្ធ នាយប៉ុស្តិ៍ នគរបាល អន្តោរប្រវេសន៍
ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត បានដកមន្រ្តីម្នាក់ បញ្ឈរជើងហើយ កាលពីព្រឹកថ្ងៃអាទិត្យទី៧ ខែ
កក្កដា ឆ្នាំ២០១៣ បន្ទាប់ពីរកឃើញថា មានកំហុស។

ប្រភពពី សមត្ថកិច្ច ច្រកទ្វារបាន ធ្លោយមាត់ថា មន្រ្តីនគរបាល ដែលត្រូវបានមេកើយ ដកហូត
តំណែង កាលពីថ្ងៃអាទិត្យនោះ មានឈ្មោះ ង៉ែត ឆឹង ដែលប្រចាំការ នៅចំណុច រូបសំណាក
តោពីរ នៃច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានតួនាទី ចាំយកប្រាក់ពី រទេះដឹកកំទេច កំណាត់ រទេះ
អ្នកលក់បាយ រទេះលក់នំចំណី និងទឹកភេសជ្ជៈ ផ្សេងៗ ក៏ដូចជា ម៉ូតូឌុប ។

ដោយឡែក លោកសក្តិ២ អាំ សុទិន មានអត្តលេខ ៣៤១១៩ ដែលឈរជើង នៅចំណុចបារ៉ាស់
ត្រួតពិនិត្យក្បែររង្វង់មូល ត្រូវបានមេកើយហៅ ទៅសួរនាំ និងធ្វើកិច្ចសន្យា ជាការព្រមានលើក
ទី១ ក្រោយពី រកឃើញថា មានកំហុស ដូចដែលប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូឌុប កម្មករអូស
រទេះរិះគន់ថា គ្មានសីលធម៌ និងមានសំដីបែបមនុស្សព្រៃ ។

គួរបញ្ជាក់ថា បុគ្គលឈ្មោះ ង៉ែត ឆឹង គឺជាមន្រ្តីនគរបាល អន្តោប្រវេសន៍ ដែលចូល និវត្តន៍ជិត២ឆ្នាំ
មកហើយ តែគេមិនដឹងថា មូលហេតុអ្វីបាន ជាមន្ត្រីចូលនិវត្តន៍រូបនេះ នៅតែ អាចធ្វើការស៊ីប្រាក់ខែ
បានម៉ាសប្បាយទេ? ឬមួយក៏មន្ត្រី រូបនេះ ស៊ីស៊ុសជាមួយ មេប៉ុស្តិ៍ មេសេនាធិការ លេបថ្នាំពន្យា
កំណើតត្រូវ? ទន្ទឹមគ្នានេះក៏មានមតិពីមន្រ្តីរាជការ ប្រជាពលរដ្ឋបានសរសើរថា លោក សៅ ប៊ុនរិទ្ធ
ដែលជាមេបុស្តិ៍ នគរបាលអន្តោរ ប្រវេសន៍ លោកបានដឹកនាំកូនចៅ និងគ្រប់គ្រងការងារបានល្អធ្វើ
អោយច្រកទ្វារ មានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ សុវត្ថិភាព ដល់ភ្ញៀវជាតិ អន្តរជាតិ លើសពីនេះ
កំណាត់ផ្លូវ ដែលខូចខាត ត្រង់បារ៉ាស់ ត្រួតពិនិត្យ លោកបានចាក់ បេតុង ជួសជុលឡើងវិញ សង់
បារ៉ាស់ថ្មី ធ្វើរោងយាម អោយកម្លាំងក្រោមឱវាទ ធ្វើការងារ បំពាក់ដោយម៉ាស៊ីន ត្រជាក់ និងកង្ហា
មិនអោយកូនចៅ ធ្វើការងារហាលភ្លៀង ហាលផ្គរ ហាលថ្ងៃដូច សម័យលោក ពេជ្រ សារ៉ន អតីត
មេប៉ុស្តិ៍ចាស់ទេ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ