(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់តា សង់ ស៊ីស ក្រោយពីធ្លាក់ខ្លួនឈឺឡើងសម្ពាធឈាមរហូតដល់២១ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យឯកជនអង្គរធំ កាលពីថ្ងៃទី៣១ ខែឧសភា រហូតមកទល់ពេលនេះស្ថានភាពជំងឺរបស់គាត់មានអាការៈធូរស្រាលវិញហើយ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាកពីសំណាក់ក្រុមគ្រូទេទ្យ។
តារាកំប្លែងនាយ សង់ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីព្រលឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ហើយត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យអង្គរធំតាមបណ្តោយផ្លូវកម្ពុជាក្រោម បន្ទប់លេខ២០៨ ជាន់ទី២។នេះបើតាមការថ្លែងឲ្យដឹងពីក្រុមគ្រួសាររបស់នាយ សង់ស៊ីស ។
កូនប្រុសរបស់តារាកំប្លែងតា សង់ស៊ីស លោក តុលា បានថ្លែងប្រាប់ឲ្យដឹងថា ពេលនេះស្ថានភាពជំងឺឪពុករបស់លោក បានធូរស្បើយខ្លះហើយបន្ទាប់ពីមានការព្យាបាលពីគ្រូពេទ្យ។ តែមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទេ ដោយវេជ្ជបណ្ឌិតតម្រូវឲ្យសម្រាកបន្តសិន ដើម្បីតាមដាមជំងឺបន្ត ។
លោក តុលា បានបន្ថែមយ៉ាងខ្លីថា បាទបងពេលនេះលោកពុកបានធូបន្តិចហើយ តែលោកគ្រូពេទ្យមិនទាន់ឲ្យចេញទេដោយតាមដានជំងឺលោកពុកបន្តសិន។ទន្ទឹមគ្នានេះដែរនៅលើ Account Facebook របស់តារាកំប្លែងអ្នកនាង កាឆយ ដែលត្រូវជាកូនតារាកំប្លែងតា សង់ស៊ីសក៏បានបង្ហោះសារយ៉ាងខ្លីដែរថាពុកបានធូហើយ ..។ យ៉ាណាមិញក្រោយពីទទួលបានដំណឹងនេះ គេសង្កេតឃើញមហាជនជាច្រើនសម្តែងអារម្មណ៍ក្រេតអរជាមួយគ្រួសាររបស់គាត់ខណៈនាយ សង់ស៊ីស បានជាសះល្បើយរួចផុតពីជំងឺមួយនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង