(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ នាយ សង់ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយបច្ចុប្បន្នត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេថា នាយត្រូវបានសង្រ្គោះនៅមន្ទីពេទ្យណាមួយ នៅឡើយទេ។
នៅលើបណ្តាញសង្គម ហ្វេសប៊ុកកូនស្រីរបស់តារាកំប្លែង នាយ សង់ ស៊ី ដែលមានឈ្មោះថា Sreynith Son បានសរសេរបង្ហោះភ្ជាប់ ជាមួយរួបភាពមួយសន្លឹក ទាំងក្តីព្រួយបារម្ភប្រហែល២ម៉ោងមុននេះថា «កូនសូមបួងសួង ដល់ទេវតាគ្រប់អង្គ គុណកែវទាំងបី វត្ថុស័ក្កិសិទ្ធក្នុងលោក សូមថែរក្សារអាយុជីវិត លោកឪពុកខ្ញុំផង កូនព្រួយណាស់ពុក សូមពុកឆាប់ជាសះស្បើយ ៣១-០៥- ២០១៦!»។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ មិនទាន់ត្រូវបានភពខាងលើ បញ្ជាក់ពីទីតាំងដែលត្រូវសង្គ្រោះ ព្យាបាលនាយ សង់ ស៊ី នៅឡើទេ។ ចំណែកអាការៈជំងឺអ្វីនោះ ក៏មិនទាន់មាននរណាដឹងដែរ។ ដោយឡែក បើតាម Page ហ្វេសប៊ុករបស់សិល្បករកម្ពុជា ដែលគ្រប់គ្រងដោយលោក អ៉ឹម ជីវ៉ា បានបញ្ជាក់ដោយខ្លីថា «តារាកំប្លែងនាយ សង់ ស៊ីស ធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាម »។
ជាមួយគ្នានឹងការបង្ហោះ ផ្សព្វផ្សាយ ពីដំណឹងនៃការធ្លាក់ខ្លួនឈឺ ពីសំណាក់តារាកំប្លែងនាយ សង់ ស៊ីស នេះដែរ គេង្កេតឃើញមាន អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើន បានសម្តែងការព្រួយបារម្ភ និងនាំគ្នាជូនពរឲ្យនាយឆាប់ជា សះស្បើយពីជំងឺឆាប់ៗផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង