(ភ្នំពេញ)៖ ជាការពិត បន្ទាប់ពីបេក្ខជន ក្នុងចិត្តយុវវ័យ ចំនួន២រូប គឺលោក ប៊ុត សីហា (ជាប់លេខ១កម្មវិធី The Voice Cambodia )និងលោក នី រតនា (ជាប់លេខ១ក្នុងកម្មវិធី The Cambodia Idol) ប្រឡងចម្រៀងក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោក ដោយទទួលបានជ័យលាភីលេខ១ ដូចគ្នារួចមក មហាជនបានសង្កេតឃើញថា ប្រជាប្រិយភាពរបស់ពួកគេ ទាំងពីរ ហាក់មានសន្ទុះខុសពីគ្នាដាច់ឆ្ងាយ ។ ក្នុងនោះថ្វីត្បិតតែ តារាចម្រៀង នី រតនា ជាប់ក្នុងកម្មវិធី The Cambodia Idol បញ្ចប់ទៅក្រោយតារាចម្រៀង ប៊ុត សីហា ក្ដី ប៉ុន្តែបើមើលទៅលើ សន្ទុះនៃការគាំទ្រ ចំពោះលោក នី រតនា គឺមានសភាពភ្លូកទឹកភ្លូកដី ខ្លាំងក្លាជាងជំនាន់លោក សីហា ។ ចំណុចនេះ ដែលអាចធ្វើឲ្យមហាជនគិតថា សីហា អាចមានចិត្តច្រណែននឹង នី រតនា ដែលមានអ្នកគាំទ្រខ្លាំងជាង លើសលប់លើកេរ្តិ៍ឈ្មោះ របស់លោក។
ពេលមានសំណួរបែបនេះ ទៅកាន់តារាចម្រៀងបែបយុវវ័យ លោក ប៊ុត សីហា កាលពីពេលថ្មីៗនេះ លោកបានប្រាប់ថា មិនបានកើតចិត្តច្រណែន មានការអាក់អន់ស្រពន់ចិត្ត ទៅលើប្រជាប្រិយភាព ថានរណាខ្ពស់ នរណាទាបនោះទេ ពោលលោកមានតែសប្បាយចិត្ត ពេលឃើញទស្សនិកជនគាំទ្រ នី រតនា កាន់តែច្រើន លោកអត់មានការខឹងសម្បារ ឬមានកូនចិត្តឈ្នានីស បន្តិចណាឡើយ។
តារាចម្រៀង ប៊ុត សីហា បានប្រាប់ Khmertalking ថា «អត់ទេបង..! អត់មានច្រណែនអ្វីទេ ខ្ញុំមានតែសប្បាយចិត្ត ទោះជាប់មុនក្រោយគ្នាក្ដី ហើយខ្ញុំក៏ត្រូវមានភារកិច្ច ចេញច្រៀងជាញឹកញាប់ ពេលខ្លះខ្ញុំបានជួបគាត់ (នី រតនា) ប៉ុន្តែពេលខ្លះ ក៏មិនបានជួប ព្រោះតែការងាររវល់រៀងៗខ្លួន ហើយបើគិតថា អ្នកនេះមានអ្នកគាំទ្រច្រើន អ្នកនោះមានអ្នកទ្រតិច ខ្លាំង ខ្សោយ អីនោះ ខ្ញុំអត់ដែលគិតទេបង..! សំខាន់អ្នកសិល្បៈត្រូវចេះស្រឡាញ់គ្នា រាប់អានគ្នា គឺល្អណាស់ទៅហើយ..!»។
ទោះបីជាយ៉ាងណា តារាចម្រៀង ប៊ុត សីហា ម្ចាស់បទ« ជីវិតអ្នកចម្រៀង» បានបង្ហាញអារម្មណ៍រំភើបរីករាយ នៅពេលដែលទស្សនិកជន ជាពិសេសមិត្តយុវវ័យ បានបង្ហាញកាយវិកា ចូលចិត្ត ស្រឡាញ់ អាប់អាន និងគាំទ្ររូបលោក តាំងពីដើមមក ហើយលោកសូមអរគុណ នូវទឹកចិត្តស្រឡាញ់គាំទ្រនេះ ហើយនឹងខិតខំប្រឹងប្រែង បម្រើអារម្មណ៍ របស់ប្រិយមិត្តទស្សនិកជន មិនឲ្យខកបំណងឡើយ៕




ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី