(ភ្នំពេញ)៖ តារាចម្រៀងប្រចាំ ក្នុងផលិតកម្ម M និងកំពុងតែលេចធ្លោ ក្នុងសកម្មភាពមនុស្សធម៌ ស្វែងរកថវិកាប្រមែប្រមូលជាមូលនិធិ ដើម្បីជួយដល់ជនក្រីក្រ និងកុមារកំព្រា លោក សន វិជ្ជបុត្រ បានបង្ហាះទស្សនៈគួរឲ្យចាប់អារម្មណ៍ ខណៈដែលលោកហាក់សម្ដែង ការតូចចិត្តតូចថ្លើម នៅពេលដែលខ្លួនមិនបាន រៀនសូត្រខ្ពង់ខ្ពស់ដូចគេ។ ទស្សនៈសម្ដែងការតូចចិត្តចំពោះខ្លួនឯង នៅពេលនេះ តារាចម្រៀងទើបតែទទួលបានជោគជ័យ ក្នុងការចេញទៅច្រៀងនៅក្រៅប្រទេស លោក សន វិជ្ជបុត្រ បានសរសេរថា« បើយើងល្ងង់ហើយ សូម្បីតែអ្នកជុំវិញខ្លួនយើង ក៏មើលងាយយើងដែរ..!»។
ការបញ្ចេញទស្សនៈ គួរឲ្យចាប់អារម្មណ៍បែបនេះ គឺស្របពេលជាមួយនឹង សកម្មភាពយកសម្ភារៈសិក្សា និងថវិកាបន្តិចបន្តួច ចែកជូនដល់កុមារក្រីក្រ ស្ថិតនៅក្នុងសាលារៀន ភូមិចំការក្នុង ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ ជាមួយគ្នានេះ តារាចម្រៀង សន វិជ្ជបុត្រ ក៏បានដាស់តឿនក្រើនរំឭក ដល់ប្អូនៗកុមារទាំងអស់ឲ្យបន្តខិតខំរៀនសូត្រ យកចំណេះវិទ្យា ព្រោះក្មួយៗជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ។
សន វិជ្ជបុត្រ បានសរសេរសារគួរឲ្យណិតខ្លួនឯងថា «ទោះបីជាតិនេះ ខ្ញុំមិនបានរៀនសូត្រចេះដឹង ច្រើនដូចកូនគេ ក៏ត្រូវខំប្រឹងរកថវិកា ទិញសៀវភៅ ឲ្យកុមារបានរៀនសូត្រ ចេះដឹងនឹងគេ កំឲ្យល្ងង់ដូចខ្ញុំ ព្រោះថាបើយើងល្ងង់ហើយ សូម្បីតែអ្នកនៅជំវិញខ្លួនយើង ក៏មើលងាយយើងដែរ ជាពិសេសមនុស្សដែលស្រឡាញ់ ។ ហេតុនេះហើយ សូមប្អូនៗខិតខំរៀនណា កំខ្ជិលរៀនដូចបង បងខុសហើយ ព្រោះអូនៗ ជាទំពាំងស្នងឫស្សី ដើម្បីជួយគ្រួសារ ក៌៏ដូចជាជួយប្រទេសជាតិយើង ឲ្យបានរីកចំរើន..!»។
ជាមួយនឹងសម្ភារៈបន្តិចបន្តួច ផ្ដល់ជូនកុមារក្រីក្រ ជាការជួយលើកទឹកចិត្តក្នុងការសិក្សា លោក សន វិជ្ជបុត្រ បានសរសេរបន្តថា «ថ្ងៃនេះបងមានតែសំភារៈសិក្សា និង អាវ ចែកជូនអូនៗបន្តិច ដើម្បីលើកចិត្តប្អូនៗ ឲ្យខំរៀនសូត្រ សូមអរគុណ បងប្រុស ឆាលី រស់នៅអូស្រ្តាលី ម៉ែលប៊ន ៤០ម៉ឺន រួមជាមួយនឹងកញ្ញា លីលី អូរឫស្សី ទិញសំភារៈសិក្សា អេននីសា ស៊ីដនី ជួយនំ ជាពិសេសអ្នកម្តាយធម៌ពុកធម៌ អូឡាំពិក ទិញខោអាវ១៥០ អាវ និង នំចំណី ចែកជូនអូនៗ នៅសាលារៀន ភូមិចំការក្នុង ឃុំតាក្រី ស្រុកកំរៀង ខេត្ត បាត់ដំបង សូមជូនពរសប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ រកទទួលទានមានបាន ហេងសំណាង គ្រប់ក្រុមគ្រួសារ ដោយក្តីគោរពពីខ្ញុំ វិជ្ជបុត្រ ជួយ like share ឲ្យកំលាំងចិត្តផង.!»។
សូមបញ្ជាក់ថា តារាចម្រៀង សន វិជ្ជបុត្រ ត្រូវបានគេមើលឃើញថា ក្រៅពីការងារសិល្បៈ ដែលកំពុងមមាញឹក ស្ទើរតែរកពេលសម្រាកគ្មានហើយនោះ លោកក៏នៅតែឆ្លៀតពេល ធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាល តាមបណ្ដាខេត្តនានា ដើម្បីនាំយកថវិកា និងសម្ភារៈនានា ចែកជូនដល់ជនក្រីក្រ និងកុមារកំព្រា ដែលជាការងារមនុស្សធម៌ ទាំងនេះ បានមកពីការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ។ ជាមួយគ្នានេះ ពេលលោក សន វិជ្ជបុត្រ ចេញទៅសម្ដែង នៅក្នុងប្រទេសអូស្រ្តាលី កាលពីអំឡុងបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក៏ក្នុងគោលបំណងស្វែងរកថវិកា ជួយដល់ជនក្រីក្រ និងកុមារកំព្រា នៅកម្ពុជាផងដែរ៕