(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម អឹម និងតែងតែលេចធ្លោ ក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់កុមារកំព្រា ជនក្រីក្រ និងអ្នកសិល្បៈបាត់បង់សមត្ថភាព បន្ទាប់ពីលោកចេញទៅច្រៀងរាំ នៅលើទឹកដីនៃប្រទេសអូស្ត្រាលី រយៈពេល៦សប្ដាហ៍ ក្នុងឱកាសនៃពិធីបបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រយោជន៍ ដើម្បីស្វែងរកថវិកា ជួយដល់សកម្មភាពមនុស្សធម៌ មួយចំនួននៅកម្ពុជា បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ហើយជាមួយនឹងជោគជ័យ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាន់តែមកដល់ទឹកដីកំណើតវិញភ្លាម លោក សន វិជ្ជបុត្រ បានបញ្ជាក់ថាដោយចំហថា ថវិកាដែលបានពីការច្រៀងលក់សំបុត្រទាំងអស់ នឹងត្រូវជួយដល់សិល្បករបាត់បង់សមត្ថភាព និងការងារសង្គម សូម្បីតែលុយធីប ដែលសប្បុរសជនផ្តល់ឲ្យលោក ក៏លោកត្រូវបរិច្ចាគជួយដល់ជនទីទ័លក្រ តាមអ្វីដែលអាចធ្វើទៅបានដែរ។
គេសង្កេតឃើញថា គ្រាន់តែតារាចម្រៀង សន វិជ្ជបុត្រ ធ្វើដំណើរមកដល់ប្រទេសកម្ពុជា វិញភ្លាម លោកបានបង្ហាញវត្តមានក្នុងសកម្មភាពមនុស្សធម៌ ដូចជាក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ របស់សពតារាចម្រៀង ហួត សារ៉ាវឌី និងលោក រាជ បុរី និងបានចូលរួមចំណែកនាំថវិកា និងសម្ភារៈមួយចំនួន ជួយដល់អតីតតារាកំប្លែង នាយគ្រៀវ កំពុងតែមានជំងឺស្លាប់មួយចំហៀងខ្លួន ទឹកនោមផ្អែម និងខ្លាញ់រំក្នុងបេះដូង កំពុងតែដង្ហោយស្វែងរក ជំនួយសង្គ្រោះបន្ទាន់។
តារាចម្រៀង សន វិជ្ជបុត្រ បានប្រាប់ Khmertalkig ថា ការចេញទៅច្រៀង រយៈពេល៦សប្តាហ៍ នៅតាមបណ្ដារដ្ឋមួយចំនួន លើទឹកដីនៃប្រទេសអូស្ត្រាលី ដូចជារដ្ឋ អាន់ឌើឡែត រដ្ឋមែលប៊ន គឺទទួលបានការគាំទ្រច្រើន និងទទួលបានការអាណិតស្រឡាញ់ រាប់អានច្រើនពីសំណាក់បងប្អូនពលរដ្ឋខ្មែរ រស់នៅទីនោះ។ ជាមួយគ្នានេះ ពួកគាត់បានមកចូលរួមអបអរ សាទររាំកម្សាន្តសប្បាយ ជាមួយគ្នាពេលមានពិធីជួបជុំម្ដងៗ និងបាននាំរូបលោកដើរលេងកម្សាន្តតាមតំបន់ទេសចរសំខាន់នានា ដើម្បីបង្កើតភាពស្និទ្ធស្នាលផងដែរ។
សន វិជ្ជបុត្រ បន្តថា បើនិយាយពីថវិកា ដែលបានពីការលក់សំបុត្រ ត្រូវបានតម្កល់ទុកនៅសមាគម ដើម្បីចាត់ចែងតាមគម្រោង របស់សមាគមជួយដល់សិស្សានុសិស្សក្រីក្រ ខ្វះលទ្ធភាព ក្នុងការបន្តការសិក្សា។ ប៉ុន្តែសម្រាប់រូបលោក មានលុយធីបមួយចំនួន ដែលទទួលបានពីប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី ឲ្យមកលោកផ្ទាល់នោះ ក៏លោកនឹងចែករំលែក ជួយដល់សិល្បករចាស់ៗ ដែលបាត់បង់លទ្ធភាពក្នុងការងារសិល្បៈ និងជួយដល់ជនក្រីក្រ តាមអ្វីដែលលោកអាចធ្វើទៅបាន ព្រោះលោកអ្នកសិល្បៈ ត្រូវតែជួយដល់អ្នកសិល្បៈដូចគ្នា ទោះបីជាតិចក្ដីច្រើនក្ដី លោកនឹងបន្តសកម្មភាពនេះ មិនខ្លាចនឿយហត់។ ការចែករំលែកលុយ ដែលបានពីការចេញទៅច្រៀងលើកនេះ ព្រោះតែលោកនៅតែនឹកគិតអាណិត ដល់សិល្បករជើងចាស់ ដែលបាត់បង់លទ្ធភាពមិនមានប្រាក់ចំណូល និងប្រឈមនឹងការខ្វះខាត ក្នុងជីវភាពរស់នៅ ហើយវាក៏ជាការចែករំលែក បុណ្យកុសលដល់សប្បុរសជន ដែលផ្តល់ថវិកាដល់លោកផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង