CamNews

ព័ត៌មានជាតិ 

មន្រ្តីបញ្ជាក់រឿង ថវិកាបរិច្ចាគរបស់ ស៊ន សៀវម៉ី ទៅមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហម

ភ្នំពេញ៖ ឆ្លើយតបនឹងការលើកឡើងអំពីថវិការបស់ កញ្ញា ស៊ន សៀវម៉ី បែងចែកទៅមន្ទីរពេទ្យគន្ធបុប្ផា ២០% និង កាកបាទក្រហមកម្ពុជា ២០%នោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ឡើងវិញថា ថវិកា បែងចែកទៅមន្ទីរពេទ្យគន្ធបុប្ផា ២០% និង កាកបាទក្រហមកម្ពុជា ២០% នោះ គឺជាថវិកាកើតចេញមូលនិធិរបស់នាង ដែលនឹងបង្កើតឡើងនៅពេលខាងមុខឆាប់ៗនេះ។

មន្រ្តីដដែលរូបនោះ បានបញ្ជាក់បន្តថា បន្ទាប់ពីទទួលបានថវិកា ពីសប្បុរសជនឧបត្ថម្ភចូលមូលនិធិ កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី នឹងយកទៅបែងចែកជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ២០% និង កាកបាទក្រហមកម្ពុជា ២០% មិនមែនថវិការបស់នាង ដែលទទួលបានពីរដ្ឋាភិបាល និងសម្តេច ហ៊ុន សែន ព្រមទាំងបណ្តាក្រុមហ៊ុនជាច្រើនទៀតនោះទេ។

គួរបញ្ជាក់ថា ម្ចាស់មេដាយមាសនៅ Asian Games របស់កម្ពុជាកញ្ញា ស៊ន សៀវម៉ី បានទទួលប្រាក់រង្វាន់ជាបន្តបន្ទាប់ ពីក្រុមហ៊ុននានា ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ប្រមាណជិត ៤ម៉ឺនដុល្លារពីរាជរដ្ឋាភិបាលរួចមក។

នៅព្រឹកថ្ងៃទី០៦ ខែតុលាម្សិលមិញ ក្រុមហ៊ុន និងសប្បុរសជនជាច្រើន បានប្រគល់រង្វាន់ដល់កីឡាការិនីខាងលើ ក្នុងនោះរួមមាន ក្រុមហ៊ុនស្រាបៀរ Angkor សម្រេចប្រគល់ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារដល់កីឡាការិនី ស៊ន សៀវម៉ី និង ពេទ្យធ្មេញ Master Care ៥ពាន់ដុល្លារ និងប្រធានក្លឹបបាល់ទាត់ស្វាយរៀង ផ្តល់ទូរស័ព្ទ iPhone 6 មួយគ្រឿង អភិបាលរងខេត្តប៉ៃលិន អៀ វុធ ផ្តល់ ១ម៉ឺនបាត និង ឧកញ៉ា លឹម ប៉ុណ្ណា (ខេត្តកំពង់ចាម) ៥ពាន់ដុល្លារ ក្រុមហ៊ុន Naga World នឹងរៀបចំប្រគល់នៅពេលក្រោយ ៕



 

 

 ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia Sorn seavmey