CamNews

ព័ត៌មានជាតិ 

ល្ងាចនេះប្រតិភូខ្មែរ ចេញទៅកាន់ ទីក្រុងឡាអេ តតាំងក្តីរឿងប្រាសាទ ព្រះវិហារ ជាមួយថៃ

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ បរទេស កម្ពុជា លោក ហោ ណាំហុង នៅល្ងាច
ថ្ងៃអង្គារ ទី០៩ ខែ មេសា ឆ្នាំ២០១៣នេះ នឹងដឹកនាំគណៈប្រតិភូ កម្ពុជាទៅកាន់តុលាការ យុត្តិ
ធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រ ទេសហូឡង់ ដើម្បីចូលរួមសវនាការការបកស្រាយ សាល
ក្រមផ្ទាល់មាត់ ស្តីពីទំនាស់ជុំវិញប្រាសាទព្រះវិហាររបស់ ខ្មែរជាមួយប្រទេសថៃ។ សវនាការ
ផ្ទាល់មាត់នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ។

មុននឹងឡើងយន្តហោះចេញដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ លោក ហោ
ណាំហុង ក៏នឹងធ្វើសន្និសីទព័ត៌មានបញ្ជាក់ពីការត្រៀមលក្ខណៈ និងជំហររបស់ខ្លួនលើក្តីក្តាំមួយ
នេះ ជូនដល់ក្រុមអ្នកសារព័ត៌ មានផងដែរ នៅវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃនេះ មុនពេល
ដែលលោកនឹងចេញដំណើរ នៅវេលាម៉ោង ៦ល្ងាច។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន
កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ថា លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ
លោក ហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅទីក្រុងឡាអេ ដើម្បីតតាំង និង
ស្តាប់ការបកស្រាយសាលក្រមរបស់តុលាការដ៏យុត្តិ  ធម៌មួយនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពី
ពេលវេលាជាក់លាក់នោះទេ ។

លោក កុយ គួង បានមានប្រសាសន៍បន្តទៀតថា «យើងបានត្រៀមលក្ខណៈរួចរាល់អស់ហើយ
ទាំងឯកសារ ទាំង កំណត់បង្ហាញផ្សេងៗ ទាំងផ្លូវច្បាប់ផែនទី ដែលទទូលស្គាល់ពីអន្តរជាតិ»។

លោក កុយ គួង ក៏បានឲ្យដឹងផងដែរថា ស្ថានភាពនាពេលនេះ នៅតាមក្រវ៉ាត់ព្រំដែន រវាងប្រ
ទេសកម្ពុជា និងថៃ មានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែក៏មានក្រុមជ្រុលនិយមវង្វេងប្រវត្តិសាស្ត្ររបស់
ថៃ មួយក្តាប់តូចធ្លាប់បានមកយាយី ផងដែរ តែត្រូវបានអាជ្ញាធររបស់ថៃឃាត់។ តែយ៉ាងណាក៏
ដោយ កម្ពុជាពុំបានខ្វល់នឹងក្រុមជ្រុលនិយមទាំងនោះឡើយ។

ចំពោះការតតាំងក្តីផ្ទាល់មាត់ជាមួយប្រទេសថៃនេះ ភាគីកម្ពុជាក៏មានមេធាវីការពារក្តីជាជនជាតិ
បរទេសចំនួន៣ នាក់ដូចប្រទេសថៃផងដែរ។ ការបកស្រាយសាល ក្រមផ្ទាល់មាត់នៅទីក្រុងឡា
អេនេះ ក៏មានការចាកផ្សាយផ្ទាល់ តាមរយៈគេហទំព័តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
www.icj-cij.org ស្ថិតនៅខាងក្រោមមាតិកា ព័ត៌មាន ជាវីដេអូ សរសេរថា «Multimedia» ឬក៏ចូល
ទៅកាន់គេហទំព័រ http://webtv.un.org/។  

ប្រទេសថៃ បានបញ្ជូនកងទ័ពរបស់ខ្លួនចូលឈ្លានពានប្រទេសកម្ពុជានៅតំបន់ជុំវិញប្រាសាទព្រះ
វិហារ នៅខែកក្ក ដា ឆ្នាំ២០០៨ និងបង្កឲ្យមានការផ្ទុះអាវុធជាច្រើនលើកច្រើនសារ។ បន្ទាប់ពីការ
ឈ្លានពាននេះ កម្ពុជាបានប្តឹង ទៅកាន់តុលាការ ICJ ទាមទារឲ្យប្រទេសថៃដកកងទ័ពខ្លួនចេញ
ពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ និងទាមទារ ឲ្យតុលាការយុត្តិធម៌អន្តរជាតិមួយនេះ បកស្រាយ
ឡើងវិញ នូវសាលក្រម ដែលខ្លួនបានសម្រេចកាលពីឆ្នាំ១៩៦២  ដោយផ្តល់ជ័យជម្នះឲ្យកម្ពុជាជា
ម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារនោះ។

ការបកស្រាយសាលក្រមផ្ទាល់មាត់នេះ នឹងធ្វើឡើងចំនួន២ជុំ ដោយជុំទី១ ត្រមូវឲ្យភាគីកម្ពុជាបក
ស្រាយនៅថ្ងៃទី ១៥ ខែមេសា រីឯថៃវិញបកស្រាយនៅថ្ងៃទី១៧ ខែមេសា។ ដោយឡែកជុំទី២វិញ
កម្ពុជាបកស្រាយនៅថ្ងៃទី១៨ ហើយភាគថៃ នៅថ្ងៃទី១៩ ខែមេសា៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ