ភ្នំពេញ ៖ រថយន្ត ឡង់គ្រីស័រ មួយគ្រឿង បានបើកឆ្លងផ្លូវ ដើម្បីចូលហូប ស្រស់ស្រូប អាហារពេលព្រឹក នៅភោជនីយដ្ឋាន យីហោផ្កាឈូកថ្មី ស្ថិតមុខមន្ទីរពេទ្យកាល់ម៉ែត តាម បណ្តោយ ផ្លូវព្រះមុនីវង្ស ស្រាប់តែ បុកម៉ូតូមួយគ្រឿង គៀបជាប់ពីក្រោយ ខ្ទាតអ្នក ម៉ូតូបណ្តាលឲ្យរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុ ការណ៍ បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសចំណាស់ម្នាក់មានអាយុប្រហែលជា៦០ឆ្នាំ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឳឡឹក ពាក់ ស្លាកលេខ ភ្នំពេញ ២K-៩៥៦៧ បានបើកតាមផ្លូវមុនីវង្ស ពីជើងមកត្បូង លុះមកដល់ ខាងមុខមន្ទីរពេទ្យកាល់ម៉ែត បានស៊ីញ៉ូភ្លើង ស្តប់បត់ឆ្វេងឆ្លងផ្លូវ ដើម្បីចូលស្រស់ស្រូប អាហារនៅ ភោជនីយដ្ឋានយីហោផ្កាឈូកថ្មី តែបើកឆ្លងហៀង និងផុតហើយនោះ ស្រាប់តែម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL 18 17 បើកបរដោយបុរសម្នាក់ មានវ័យប្រហែល៣០ឆ្នាំ ដែលបើកដើម្បីវ៉ារថយន្ត ឆ្លងផ្លូវនោះមិនផុត ក៏ត្រូវរថយន្តឡង់ គ្រីស័រនោះ ម៉ាងដួលប្រាវ គៀបជាប់ម៉ូតូនៅក្រោម រថយន្តចំណែក អ្នកបើកម៉ូតូ ត្រូវខ្ទាតទៅក្បែរចិញ្ចើមផ្លូវ បាក់ជើងឆ្វេងម្ខាង ។
ប្រភពព័ត៌មានដដែល បានបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គេឃើញ បុរស ចំណាស់ ដែល ជាអ្នកបើករថយន្តបង្កហេតុនោះ បានចេញពីក្នុងរថយន្ត ចុះមកមើល ជនរងគ្រោះ ដោយគាត់មិនរត់ទៅណាឡើយ ពោលគឺប្រហែល ជាគាត់ទទួលខុស ត្រូវក្នុងហេតុការណ៍នោះតែម្តង ។ បន្ទាប់មកជនរគ្រោះ ដែលកំពុងតែដេក បាក់ជើង របួសធ្ងន់នោះគេ បានលើកដឹកតាមម៉ូតូកង់បី ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បី សង្រ្គោះ អាយុជីវិតផង ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបាននគរបាល មូលដ្ឋាន ចុះមក អន្តរាគមន៍គូសកន្លែងកើតហេតុ យកយានយន្តចេញ ពីកណ្តាលផ្លូវ ដើម្បីកុំឲ្យស្ទះ ចរាចរណ៍រួចហើយហៅ នគរបាលផ្នែកជំនាញ វាស់វែងក្រុង ចុះមកយកទៅ រក្សាទុក ដើម្បីដោះស្រាយ តាមនិតិវិធីផងដែរ៕