(ឥណ្ឌា)៖ បុរសម្នាក់ត្រូវរងការចោទប្រកាន់ ពីបទឃាតកម្ម បន្ទាប់ពីចាក់សម្លាប់ អ្នកគ្រូវ័យក្មេងម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលផ្លូវ ព្រោះតែខឹងនាងបដិសេធ សំណើសុំរៀបការ របស់ខ្លួន ដែលបានស្នើសុំជាយូរមកហើយ។
ហេតុការណ៍ដ៏សាហាវនេះ កើតឡើងនៅទីក្រុង Delhi ប្រទេសឥណ្ឌា ជនដៃដល់អាយុ៣៤ឆ្នាំ ឈ្មោះ Surender Singh បានស្ទាក់ចាំនារីរងគ្រោះ វ័យ២១ឆ្នាំឈ្មោះ Karuna Kumar ដែលបានចាកចេញ ពីសាលាក្រោយពីនាងបង្រៀនចប់ រួចដើរតាមផ្លូវក៏ត្រូវឃាតក ស្ទុះចេញមករកនារីរងគ្រោះ រួចក៏ប្រតាយប្រតប់គ្នា ធ្វើឲ្យនាងដួលទៅដីទោះបី Kumar ប្រុងរត់គេចចេញ តែមិនជោគជ័យឡើយ ទីបំផុតក៏ត្រូវ Singh ទាត់ធាក់ ហើយក៏ទាញកាំបិតចាក់នាង២៧កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយក៏មានមនុស្សជាច្រើន ដែលឃើញហេតុការណ៍ ព្យាយាមសង្គ្រោះអ្នកគ្រូវ័យក្មេងដែរ តែមិនបានសម្រេចឡើយ។
តាមការស៊ើបអង្កេត របស់សមត្ថកិច្ចឲ្យដឹងថា ជនដៃដល់តាមស្រឡាញ់ Kumar ជាងមួយឆ្នាំហើយ និងសុំនាងរៀបការជាច្រើនដង តែនាងចេះតែបដិសេធ ហើយត្រូវ Singh គំរាមសម្លាប់ទៀតផង។ នារីរងគ្រោះ បានដាក់ពាក្យប្តឹងប៉ូលិស ក៏ហៅ Singh មកសួរនាំហើយ គេក៏សន្យាឈប់រំខាននាងទៀត តែរំលងមិនបានប៉ុន្មានថ្ងៃផង គេក៏លបចាំស្ទាក់ និងវាយប្រហារអ្នកគ្រូ Kumar រហូតដល់បាត់បង់ជីវិត យ៉ាងព្រៃផ្សៃតែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង