CamNews

ព័ត៌មានជាតិ 

ស្រែកថា យួនវាយខ្មែរ ប្រជាពលរដ្ឋ ព្រួតវាយ បុរសម្នាក់ រហូតដល់ស្លាប់

ភ្នំពេញ ៖ បុរសជនជាតិ វៀតណាមម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ព្រួតគ្នាវាយ បណ្តាលឲ្យស្លាប់ ខណៈជនរងគ្រោះ រូបនេះ បានទៅមើល មិត្តភ័ក្រ ជួបគ្រោះថ្នាក់ ចរាចរណ៍ កាលពីវេលា ម៉ោងជាង៩យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានឈ្មោះ ង្វៀង យ៉ាំងង៉ុក អាយុ២៨ឆ្នាំ រស់នៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាជាង ជួសជុលតុទូ ត្រូវបានមិត្តភ័ក្រទូរស័ព្ទ ឲ្យទៅជួយមើល ដោយសារតែ ជិះម៉ូតូបុករថយន្តគេ។ ពេលនោះ ជនរងគ្រោះបាន ទៅមើល ស្រាប់តែត្រូវបាន ប្រជាពលរដ្ឋព្រួត វាយបណ្តាលឲ្យស្លាប់ តែម្តងទៅ ។

មូលហេតុ ដែលនាំឲ្យមានការព្រួតវាយ ជនរងគ្រោះ រហូតដល់ស្លាប់យ៉ាងដូច្នេះ បណ្តាលមកពីមាន ប្រជាពលរដ្ឋខ្លះស្រែកថា មានយួនវាយខ្មែរ ទើបបានជានាំគ្នា ព្រួតវាយ ជនរងគ្រោះតែម្តង។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច ដែលចុះទៅជួយ អន្តរាគមន៍ បានចាប់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ វ៉ុន ចាន់វុត្ថា អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ១០១៥ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាជនបង្កម្នាក់ ដឹកនាំប្រជាពលរដ្ឋ ព្រួតវាយជនរងគ្រោះ។

បច្ចុប្បន្ន ជនបង្ករូបនេះត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ