(ភ្នំពេញ)៖ ចំណងស្នេហាលួចលាក់ រវាងតារាចម្រៀង និងសម្តែងស្រី-ប្រុសមួយគូ ដែលកើតចេញពីរង្វង់សិល្បៈដូចគ្នា គឺកញ្ញា គង់ ចាន់រដ្ឋា ជាមួយតារាកូនភ្លោះ លោក ស៊ិន សុភា ពេលនេះ ត្រូវបានបែកធ្លាយល្បីរីកសាយ ពេញពិភពសិល្បៈ ខណៈកន្លងពួកគេ តែងព្យាយាមលាកបាំង ភ្នែកមហាជនមិនឲ្យដឹងការពិត។
បន្ទាប់ពីដំណឹងសេ្នហ៍ របស់ពួកគេត្រូវបានបែកធ្លាយ ជាសាធារណៈតារាសម្តែងកញ្ញា គង់ ចាន់រដ្ឋា បានថ្លែងទទួលស្គាល់ប្រាប់ ពីការពិតដល់គេហទំព័រ Khmertalkingថា «ចាស បង! ខ្ញុំ និង ភា ពិតជាស្រលាញ់គ្នាមែន ។ យើងទាំងពីរនាក់ស្គាល់គ្នាជាង២ឆ្នាំមកហើយ ក្នុងគ្រាដែលជួបគ្នាចៃដន្យ នៅហាងហ៊ុប កាកា នាកោះពេជ្រ ។ ចាប់តាំងពីថ្ងៃនោះមក គាត់(ស៊ិន សុភា ) បានផ្តើមទាក់ទង រហូតសារភាពក្តីស្រឡាញ់តែម្តង..!»។
កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា ក្រោយពីស្វែងមើលចិត្តគ្នា អស់រយៈពេលជិត២ឆ្នាំ នាងនិងតារាកូនភ្លោះ ស៊ិន សុភា ក៏បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ កាលពីបំណាច់ឆ្នាំ២០១៥ ដោយមានការចូលរួមដឹងឭ ពីសំណាក់មេបាចាស់ទុំទាំង សងខាងប្រមាណ២០ប៉ុណ្ណោះ។ ដោយឡែកសម្រាប់មិត្តភក្តិ រួមអាជីពសិល្បៈ នាងពុំបានប្រាប់នណាដឹងឡើយ ព្រោះគិតថា ចាំដល់វេលាចូលរោងការ ទើបប្រកាសបើកចំហ ជាសាធរណៈតែម្ដង។
តារាចម្រៀងខ្មែរអង្គរ កញ្ញា គង់ ចាន់រដ្ឋា បានបន្ថែមថា បច្ចុប្បន្នសម្ព័ន្ធភាពស្នេហា រវាងនាងជាមួយបុរសសង្ហា កូនភ្លោះ ស៊ិន សុភា មានភាពល្អប្រសើរ ពោលគឺមានការយល់ចិត្តគ្នា ទាំងសងខាង។ ម្យ៉ាងទៀងសម្រាប់ គម្រោងអាពាហ៍ពិពាហ៍ពួកគេ ក៏កំពុងតែគិតគូបណ្តើរៗផងដែរ គ្រាន់តែមិនទាន់កំណត់ពេល ណាមួយឲ្យជាក់លាក់ទេ ប៉ុណ្ណោះ៕