(ភ្នំពេញ)៖ អតីតតារាចម្រៀង ធ្លាប់មានឈ្មោះគួរសម ក្នុងផលិតកម្ម Daimond Music កញ្ញា គង់ ចាន់រដ្ឋា ខណៈដែលសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពកំពុងតែហក់ឡើងខ្ពស់ សម្រាប់ទីផ្សាសិល្បៈ ក្នុងស្រុកថ្មីៗនេះ ក៏បានធ្លាយដំណឹងនៃការចាកចេញ ពីទ្រនំផលិតកម្មចាស់ ដោយមូលហេតុបញ្ចប់កុងត្រា ជាមួយគ្នា។
តាមប្រភពខ្លះ បាននិយាយថា ការរើបង្វេចដើរចេញពីផលិតកម្ម Daimond Music របស់តារាចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា គឺដោយសារតែមានបញ្ហា អាក់អន់ចិត្តជាមួយខាងភាគីផលិតកម្មរឿង គ្មានបទចម្រៀងចេញលក់លើទីផ្សារ។ ប៉ុន្ដែ រដ្ឋា បានបដិសេធន៍ ចំពោះរឿងនេះ ហើយបានបញ្ជាក់ថា មូលហេតុដោយសារនាង ត្រូវបញ្ចប់កុងត្រា ជាមួយក្រុមហ៊ុន នៅដើមឆ្នាំ២០១៦នេះ។
ស្របពេលដែលព័ត៌មាននេះ កំពុងតែរីកសាយភាយ និងជាការចង់ដឹង ពីសំណាក់មហាជនអ្នកគាំទ្រពេលនេះ ក៏ស្រាប់តែមានដំណឹងមកថា តារាចម្រៀង គង់ ចាន់រដ្ឋា រកឃើញទ្រនំថ្មី ដើម្បីចូលខ្លួនជ្រកកោនវិញហើយ។ ដោយសារមើលឃើញថា គង់ ចាន់រដ្ឋា ជាតារាចម្រៀង ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ អាចឆក់ដណ្តើមបានទីផ្សារ សិល្បៈរហូតមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ទើបមានឱកាស នៃការចូលខ្លួនច្រៀង ឲ្យផលិតកម្មថ្មី គឺឈ្មោះ 7 Music ។
ប្រាប់គេហទំព័រ Khmertalking កាលពីពេលថ្មីៗនេះ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ និងទទួលស្គាល់ថា នាងពិតជាមានឱកាសចុះកុងត្រាច្រៀង នៅក្នុងផលិតកម្មថ្មី ឈ្មោះថា 7 Music មែន គឺក្រោយពេលបច្ចប់កុងត្រា នៅផលិតកម្មចាស់ Daimond Music ។ បច្ចុប្បន្ននាង ក៏កំពុងសម្រុកថតចេញបទចម្រៀងថ្មីៗ ជាច្រើនបទទៀតផង។
តារាចម្រៀងកំពុងពេញនិយម គង់ ចាន់រដ្ឋា បានបន្ថែមថា នាងមិនមានភាពស្តាយក្រោយទេ ចំពោះការចាកចេញ ពីផលិតកម្ម Daimond Music។ រីឯមូលហេតុដែលនាំឲ្យនាង សម្រេចចិត្តចាកចេញពីផលិតកម្មចាស់ គឺនាងនៅតែរក្សាជំហថា គ្មានបញ្ហាជម្លោះអ្វីនោះទេ គឺដោយសារចប់កិច្ចសន្យា រយៈពេល៣ឆ្នាំ។
ថ្វីត្បិតតែយ៉ាងនេះ យើងនឹងរង់ចាំមើលថា តើអតីតតារាចម្រៀងធ្លាប់លេចឈ្មោះល្បីគួរសម នៅផលិតកម្ម Daimond Music កញ្ញា គង់ ចាន់រដ្ឋា អាចរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រច្រើន ដូចមុននេះទេ? ខណៈដែលពេល នេះនាងកំពុងឈរជើង ក្នុងផលិតកម្មថ្មី ក្រោយពេលដែលរើបង្វេច ចេញពី Daimond ហើយនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង