ព័ត៌មានកំសាន្ត ៖ រឿងដ៏សែនកង្វក់បានកើតឡើងដើម្បីបង្ខូតកេរ្តិ៍ឈ្មោះរបស់តារាល្បីម្នាក់ដែលមានឈ្មោះថា Jesdaporn Pholdee ដោយមានប្រភពលើកឡើងថា ស្លាប់ដាច់ក្បាល ក្រោយរូបភាពស្លាប់ដាច់ក្បាលនៅខ្មែរ បែកធ្លាយ កាលពីពេលម្សិលមិញនេះ ។ គេហទំព័រមួយរបស់ថៃ ដែលមានឈ្មោះថា baabi.co បានចុះផ្សាយអត្ថបទសារព័ត៌មានរបស់ខ្លួន តាមរូបភាព ប្រមាថ អាយុជីវិត តារាថៃ ថាបានស្លាប់ដាច់ក្បាល ក្រោមរូបភាពជាច្រើនសន្លឹក ដែលការពិត រូបភាពទាំងនោះ គឺជា រូបភាពគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរសោះ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ និងស្ទើរតែមិនដែលធ្លាប់កើតមាន ទាល់តែសោះនៅក្នុងខេត្តព្រៃវែង គឺបុរសម្នាក់ដែលជាអ្នកបើកបររថយន្ត បានដាច់ក្បាលចេញពីខ្លួនបាត់ ដោយសារតែបើករថយន្តឆ្លាម ទៅបុកជាមួយរថយន្តយីឌុប ដែលបើកមកបញ្ច្រាស់ទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិក្រសាំងគយ ឃុំជ្រៃ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះសូ សុធា អាយុ៣២ឆ្នាំមានទីលំនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានមុខរបរជា អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាម។
មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-5813 ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តជនរងគ្រោះបានបើកឆ្លងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃទៅ បុករថយន្តយីឌុប១គ្រឿងផ្សេងទៀតដែលបើកមកបញ្ច្រាស់ទិសគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A-1005 បណ្តាលឲ្យរថយន្តទាំង២ បុកគាបរួញក្បាលទាំងសងខាង ចំណែកជនរងគ្រោះ សូ សុធា មិនដឹងថាត្រូវនឹងអ្វីនោះទេ ស្រាប់តែឃើញដាច់ក្បាលធ្លាក់ចេញពីខ្លួនបាត់ទៅហើយហើយនៅក្នុងរថយន្តនោះមិនមានអ្នកផ្សេងជិះរួមដំណើរនោះទេ។ ដោយឡែកអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយដែលប៉ះទង្គិចគ្នានោះក្រោយកើតហេតុភ្លាម បានរតគេចខ្លួនបានស្រមោលភ្លាម បន្សល់ទុកតែរថយន្តនៅ នឹងកន្លែងកើតហេតុ។
ចឹងទេ ការពិតដែលមិនអាចប្រកែកបាននោះគឺថា តារាល្បីថៃ ពិតជាមិនបានស្លាប់បាត់បង់ជីវិត នោះទេ តែលោកត្រូវបានគេប្រមាថជីវិតថាបានស្លាប់ដាច់ក្បាលទៅវិញ ក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្មែរ៕
ដោយ ៖ គន្ធា