(ភ្នំពេញ)៖ បន្ទាប់ពីគេហទំព័រ Khmertalking បានចេញផ្សាយនូវអត្ថបទមួយ មានចំណងជើងថា «ថន លក្ខិណា ត្រូវគេលួចបង្ហើបថា តែងលួចទាក់ទងគ្នា ស្ងាត់ៗជាមួយកីឡាករជម្រើសជាតិ កែវ សុផេង» ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ រួចមក តារាសម្ដែង និងជាពិធីការិនី ពោរពេញដោយប្រជាប្រិយភាព និងសម្រស់ល្អគន់ កញ្ញា ថន លក្ខិណា បានចេញមុនបកស្រាយភ្លាមៗ ទាក់ទងនឹងព័ត៌មានខាងលើនេះថា តាមការពិតរូបនាង ជាអ្នកស្រឡាញ់វិស័យកីឡារ គាំទ្រកីឡា ដូចគេដូចឯងដទៃទៀតដែរ ហើយការគាំទ្រចំពោះកីឡាករ កែវ សុផេង គឺជាការគាំទ្រ និងពេញចិត្តទៅលើសមត្ថភាព នៃការទាត់បាល់របស់រូបគេ ពោលពុំមានទំនាក់ទំនងអ្វី លើសពីការគាំទ្រនោះឡើយ។
តារាសម្ដែងសម្ដីស្រទន់ បង្កប់ដោយមន្តស្នហ៍រយពាន់ ថន លក្ខិណា បានថ្លែងប្រាប់ Khmertalking នៅថ្ងៃនេះ ថា ជាការពិតក្នុងនាមរូបនាង ជាកូនខ្មែរម្នាក់ ត្រូវតែចូលរួមលើកស្ទួយ វិស័យកីឡា ជាពិសេសកីឡារបាល់ទាត់ ហើយរាល់ពេលមានព្រឹត្តិការណ៍ ប្រកួតធំៗម្ដងៗ នាងតែងតែទៅចូលរួមគាំទ្រ ដូចជាបងប្អូន អ្នកគាំទ្រទូទៅដែរ ។ ប៉ុន្តែពេលមានព័ត៌មានបែបនេះ កើតឡើង បានធ្វើឲ្យប៉ះពាល់អារម្មណ៍របស់នាង លែងចង់បន្តគាំទ្រវិស័យ បាល់ទាត់តទៅទៀត ហើយកីឡាករ កែវ សុផេង ក៏ប៉ះពាល់អារម្មណ៍ដែរ ពេលបានឃើញរឿងនេះ។
ស្រីស្រស់ ថន លក្ខិណា និយាយថា «ខ្ញុំ និងកីឡាករ កែវ សុផេង គ្មានទាក់ទងអ្វីនឹងគ្នាទេ ខ្ញុំគ្រាន់តែជាអ្នកគាំទ្រធម្មតា ដូចគេដូចឯងប៉ុណ្ណោះ ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំត្រូវតែលើកទឹកចិត្ត កីឡាករខ្មែរ ដើម្បីឲ្យទទួលបានជ័យជំនះ ហើយក៏មានតារាខ្មែរ ជាច្រើនទៀត ចូលរូមគាំទ្រដែរ ដូច្នេះសុំកុំគិតបែបនេះ..!»។
យ៉ាងណាមិញ តារាសម្ដែង និងជាពិធីការិនី កំពុងតែក្ដោបក្ដាប់ ប្រជាប្រិយភាពពេញដៃ កញ្ញា ថន លក្ខិណា បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា សូមឲ្យមហាជន កុំមានការយល់ច្រឡំ ព្រោះការពិត កីឡាករ កែវ សុផេង ក៏មានសង្សាររួចទៅហើយដែរ ហើយនាងពិតជាគាំទ្រកីឡាករ ជម្រើសជាតិកម្ពុជារូបនេះ ដែលលេងបាល់បានល្អ ប្រៀបបីដូចជាបងប្អូន ទស្សនិកជនគាំទ្រ តារាចម្រៀង តារាសម្ដែង ដែលខ្លួនស្រឡាញ់ នូវទេពកោសល្យរបស់ពួកគេ ដូចៗគ្នា ។
សូមបញ្ជាក់ថា ការលេចធ្លាយព័ត៌មានសង្ស័យថា តារាសម្ដែង ថន លក្ខិណា មានទំនាក់ទំនង លើសពីអ្នកគាំទ្រធម្មតា ជាមួយនឹងកីឡាករ កែវ សុផេង គឺបន្ទាប់ពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ប្រកួត លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយនឹងក្រុមកីឡាករនៃប្រទេស ទីម័រ ដោយជាលទ្ធផលក្រុមកីឡាករ នៃប្រទេសកម្ពុជា ធ្វើបានយ៉ាងល្អ គឺយកឈ្នះក្រុមកីឡាករ ទីម័រ ក្នុងលទ្ធផល២ទល់នឹង០ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្ត យ៉ាងខ្លាំង។
ជាមួយគ្នានេះ គេក៏បានឃើញតារាសម្ដែង និងជាពិធីការិនី កញ្ញា ថន លក្ខិណា បានចំណាយពេលវេលា ដ៏មានតម្លៃ និងទិញអាវជម្រើសជាតិពាក់ ដើម្បីទៅចូលរួមគាំទ្រលើកទឹកចិត្ត ដល់កីឡាករកម្ពុជា នៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះ កីឡាករ កែវ សុផេង គឺកីឡាករក្នុងបេះដូងរបស់នាង ប៉ុន្តែនាងសូមបញ្ជាក់ថា នេះគ្រាន់តែជាការគាំទ្រ ការលើកទឹកចិត្ត ក្នុងនាមនាងស្រឡាញ់វិស័យកីឡារប៉ុណ្ណោះ ពុំមានអ្វីលើសពីនេះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង