CamNews

ព័ត៌មានជាតិ 

នគរបាល ទំនើង បាញ់ពីរគ្រាប់ ផ្អើលច្រកទ្វារ អន្តរជាតិ ភ្នំដិនទាំងយប់

តាកែវ៖ មន្រ្តីនគរបាលខេត្តតាកែវម្នាក់ ផឹកស្រាស្រវឹង បានដកកាំភ្លើងខ្លីបាញ់ពីរគ្រាប់ បង្អូត
ស្រីស្នេហ៍ និងបាញ់បន្ធូរអារម្មណ៍ ដើម្បីឲ្យស្វាងស្រាផង នោះ តែត្រូវនគរបាលច្រកទ្វារ ដេញ
ចាប់ប៉ផាប់ពភីង ក៏រត់បាត់ដោយបន្សល់ទុករថយន្តចោល។

ហេតុការណ៍បាញ់ បោះសេរីនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃ ទី២៥
ខែឧសភា ឆ្នាំ២០១៣ នៅចំណុចភោជនីយដ្ឋាន សម្រស់ជាយដែន ដែលស្ថិតនៅក្នុងភូមិសាស្រ្ត
ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។

យោងតាមលោកវរសេនីយ៍ឯក សុខ សំណាង នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
បានប្រាប់ឲ្យដឹងថា ជនដែលបាញ់បោះសេរីនេះ ឈ្មោះ ទុន ឧត្តម ភេទប្រុស អាយុ៤១ ឆ្នាំ
មានមុខរបរ ជាមន្រ្តីនគរបាលខេត្តតាកែវ ហើយនៅម៉ោងខាងលើជននេះ បានបាញ់បោះសេរីបង្ក
អសន្តិសុខ នៅក្នុងភោជនីយដ្ឋានសម្រស់ជាយដែន បន្ទាប់មកបានរត់គេចខ្លួន ចូលទៅប្រទេស
វៀតណាម បាត់ស្រមោល ដោយបន្សល់ទុកនូវ រថយន្តម៉ាក ហាយឡេនឌ័រ ព័ណទឹកប្រាក់ពាក់
ស្លាកលេខ ភ្នំពេញ ២J ៥៤៣៥។

លោក សុខ សំណាង បានបន្តថា បន្ទាប់ពីជននេះ បាញ់បោះសេរីភ្លាម កម្លាំងរបស់លោក បាន
ចុះអន្តរាគមន៍ភ្លាមៗ តែជនបាញ់បោះសេរីនេះ បាន បើករថយន្តគេចខ្លួន ក្នុងគោលបំណង រត់
ចូលទៅប្រទេសវៀតណាម លុះពេលមកដល់បារ៉ាស់ ត្រួតពិនិត្យចេញចូលប្រទេស កម្លាំងប្រចាំ
គោលដៅ ប៉ុសិ៍្តត្រួតពិនិត្យ ក៏បានហៅឲ្យជននេះ ចុះពីលើរថយន្តដើម្បីសួរនាំ ស្រាប់តែជននេះ
ចុះពីលើរថយន្ត ដកកាំភ្លើងគំរាមសមត្ថកិច្ច មិនឲ្យសមត្ថកិច្ចចូល ជិត ហើយក៏ឆ្លៀតឱកាស
រត់ចូលប្រទេសវៀតណាម បាត់ស្រមោលតែម្ដងទៅ ដោយទុករថយន្តចោល នៅចំណុចប៉ារាស
ត្រួតពិនិត្យ បណ្ដាលឲ្យ កកស្ទះចរាចណ៍ឆ្លងកាត់ប៉ុស្តិ៍ ហើយករណីនេះ សមត្ថកិច្ចបានបង្កើត
គណៈកម្មការចំរុះមួយ ហើយបានហៅជាងសោ មកបើករថយន្តចេញពីផ្លូវ ដើម្បីកុំឲ្យស្ទះ
ចរាចរណ៍តទៅទៀត។

បើតាមលោកនាយប៉ុស្តិ៍ បានឲ្យដឹងទៀតថា ក្នុងករណីនេះ សមត្ថកិច្ចចំរុះ បានសហការរៀប
ចំកម្លាំងចំរុះ គាស់ទ្វាររថយន្ត ដោយបានធ្វើកំណត់ហេតុ ឆែកឆេររថយន្ត រកវត្ថុតាង និងយក
រថយន្តចេញ ក្នុងការឆែកឆេរនេះ កម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាងមួយចំនួន ដែលមាន
លុយខ្មែរ និងលុយ ដុល្លាមួយចំនួន, ខ្នោះដៃ២គូ, កាំបិតស្នៀត១ដើម, ស្រោមកំភ្លើង១, សំបក
កន្ទូស២គ្រាប់, គ្រាប់កាំភ្លើង១៦គ្រាប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ បន្ទាប់ពីឆែកឆេរ
ហើយ វត្ថុតាងទាំងនោះ ត្រូវបានប្រគល់ជូន អធិការដ្ឋានស្រុកគិរីវង្ស ដើម្បីចាត់ការបន្តទៀត។

ពាក់ព័ន្ធទៅនឹងករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគបាល ខេត្តតាកែវ
បានប្រាប់ឲ្យដឹងថា លោកកំពុងតែបញ្ជាឲ្យ មន្រ្តីក្រោម ឱវាទរបស់លោក ស៊ើបអង្កេតពីបញ្ហា
នេះ ហើយមន្រ្តីឈ្មោះ ទុន ឧត្តម ត្រូវតែមកបង្ហាញខ្លួន នៅការរិយាល័យបុគ្គលិក រៀងរាល់
ម៉ោងធ្វើការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news