ភ្នំពេញ ៖ ក្រុមចោរប្រដាប់ អាវុធបីនាក់ ត្រូវកម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌដង្កោ បើកប្រតិបត្តិ
ការ បង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង ១៤និង០៥ នាទីរសៀល ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១២
នៅចំណុច ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងខ្មៅ ខេត្តកណ្តាល ដែលពួកគេ ជាប់ពាក់ព័ន្ធ ករណីយក
កាំភ្លើងជ័រ វាយប្លន់យកសម្ភារៈ និងលុយពីលោកយាយម្នាក់ កាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១២
នៅចំណុច ផ្លូវលំវាលស្រែ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ក្រុមចោរប្លន់ប្រដាប់អាវុធ បីនាក់ខាងលើនេះទី១-ឈ្មោះ កង សាម្មីឌី ភេទប្រុស អាយុ២១ ឆ្នាំមុខ
របរសិស្ស ទី២-ឈ្មោះ កង ច័ន្ទធារា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរមានទីលំនៅ
ភូមិឃុំកើត ហេតុខាង លើនេះ និងទី៣-ឈ្មោះ ឈុន បញ្ញា ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរ មិនពិត
ប្រាកដ មានទីលំនៅក្រុម ១៧ ផ្លូវលេខ ២៨៦ ភូមិ ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
សមត្ថកិច្ចបានបញ្ជាក់ថាមុនពេល ឈានដល់ការ ឃាត់ជនសង្ស័យ ទាំងបីនាក់ ខាងលើនេះបាន
ដោយសារ សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌដង្កោ សហការជាមួយ និងជនរងគ្រោះ ធ្វើការស្រាវជ្រាវ
រហូត ទទួល ដំណឹងថា ជនសង្ស័យទាំងបីនាក់ ដែលធ្វើសកម្មភាពប្លន់ ប្រដាប់អាវុធ កាលពីថ្ងៃទី
០៤ ខែធ្នូ ឆ្នាំ២០១២ កន្លងមកនៅ សង្កាត់ព្រៃវែង ជាមនុស្សធ្លាប់ស្គាល់គ្នា ជាមួយជនរងគ្រោះ
ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌដង្កោ ស្ថិតក្រោមការបញ្ជាផ្ទាល់ ពីលោកអធិការនគរបាលខណ្ឌដង្កោ
បានសុំការឯកភាព ពីលោក ខៀវ ផល្លា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះប្រតិ
បត្តិការ តាមចាប់ខ្លួនជន សង្ស័យឈ្មោះ កង សាម្មីឌី និងឈ្មោះ កង ច័ន្ទធារា នៅក្រុងតាខ្មៅ រហូត
ទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ឈុន បញ្ញា នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបីនាក់ខាងលើនេះ ត្រូវបាន នាំយកមកដល់ អធិការដ្ឋាន នគរបាល
ខណ្ឌដង្កោ។ ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតបានយក កាំភ្លើងជ័រ ភ្ជង់ និងវាយប្លន់
យកលុយ ពីលោកយាយចំណាស់ ម្នាក់នៅសង្កាត់ព្រៃវែង ពិតប្រាកដមែន ។
ដោយយោងទៅតាម ពាក្យបណ្តឹងជនរងគ្រោះ និងចម្លើយសារភាព របស់ក្រុមជនសង្ស័យ រួមជា
មួយនឹងវត្ថុតាងខាងលើនេះ សមត្ថកិច្ចខណ្ឌដង្កោបាន កសាងសំណុំរឿងបញ្ជូនខ្លួន ពួកគេទៅតុ
លាការ ដើម្បីផ្តន្ទាទោសតាម នីតិវិធីច្បាប់។
សូមបញ្ជាក់ថា ជនល្មើស២នាក់ ស្លៀកពាក់ ជាសិស្សសាលា បានប្រើកាំភ្លើងជ័រភ្ជង់ប្លន់ស្រ្តីម្នាក់
យកកាបូបលុយបាន សម្រេច ហើយគេចខ្លួនបាត់ដោយ សុវត្ថិភាពនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ
នាវេលាម៉ោង ៦ល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២។
យោងតាមប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ
ឃើញស្រ្តីជាជន រងគ្រោះ និងចៅប្រុសម្នាក់ ក្នុងទិសដៅចូលមក រាជធានីភ្នំពេញ លុះដល់ចំណុច
កើតហេតុស្រាប់តែក្រុមជន សង្ស័យ ដែលមានគ្នាពីរនាក់ ស្លៀកពាក់ជាសិស្សសាលា ជិះម៉ូតូស្មាស់
បិតស្កុតពណ៌ខ្មៅ បានជិះម៉ូតូទៅកៀរម៉ូតូ ជនរងគ្រោះហើយភ្ជង់គំរាមទារកាបូបលុយ។ ពេលនោះ
ស្រ្តីរងគ្រោះមិនព្រមឲ្យកាបូបលុយជនសង្ស័យនោះទេ ក្រោយពេលគំរាមមិន បានដូច្នោះ ជនសង្ស័យ
បានយកកាំភ្លើងជ័រវាយក្បាលស្រ្តីរងគ្រោះ បណ្តាលឲ្យបែកកាំភ្លើង ។ ពេលដឹងថា កាំភ្លើងដែលជន
សង្ស័យប្រើជាកាំភ្លើងជ័រ ចៅប្រុសស្ត្រីរងគ្រោះក៏ស្ទុះទៅប្រតាយប្រតប់គ្នាជាមួយ ជនសង្ស័យ តែត្រូវ
ជនសង្ស័យឆក់យកកាបូបពីស្រ្តីរងគ្រោះបាន ហើយស្ទុះឡើងម៉ូតូជិះគេចខ្លួនបាត់។
បើយោងតាមស្រ្តីរងគ្រោះ សឿង គឹមសង អាយុ ៥៩ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេល
កើតហេតុ រូបគាត់និងចៅប្រុស ឈ្មោះ រឿង សារ័ត្ន អាយុ ១៨ឆ្នាំ ជិះម៉ូតូមកពីលេងបងប្អូននៅក្រុងតា
ខ្មៅ ពេលជិះមកដល់ ចំណុចកើតហេតុ ក៏ជួបនិងក្រុមជនសង្ស័យវាយប្លន់យកកាបូបលុយរបស់គាត់
តែម្តង។
ស្រ្តីរងគ្រោះបន្តថា ក្នុងកាបូបដែលជនសង្ស័យឆក់យកទៅនោះ មានលុយដុល្លារ ៥០ដុល្លារ លុយខ្មែរ
៨ម៉ឺន រៀល ទូរស័ព្ទមួយគ្រឿង និងប្លង់ដីមួយ។
សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកភ្លាមៗនោះ កម្លាំងកងរាជអាវុធខណ្ឌដង្កោ បានចាប់ក្មេង
ប្រុសម្នាក់ផងដែរ ដោយសង្ស័យថា ជាមុខសញ្ញាជនសង្ស័យ តែក្រោយយកមកដល់ទីបញ្ជាការដ្ឋាន
ខណ្ឌ ទើបជនរងគ្រោះបញ្ជាក់ថា មិនមែនជាជនសង្ស័យ ក៏ដោះលែងទៅវិញទៅ៕
ក្មេងប្រុសជិះម៉ូតូខាងក្រោយ ជាក្មេងប្រុសដែលមន្រ្តី អ.ហ ចាប់ច្រឡំ
ពេលនាំមកទីបញ្ជាការដ្ឋានខណ្ឌ
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល