(ចិន)៖ លោក Vincent Wong តារាសម្តែងប្រុសហុងកុងម្នាក់ ត្រូវបានប៉ូលីសនាំទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគេជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងបើករថយន្ត ក្នុងសកម្មភាពថតខ្សែភាពយន្តឲ្យ TVB។ នៅថ្ងៃកើតហេតុ ប៉ូលីសនិយាយថា Vincent Wong បាត់បង់ស្មារតី កំឡុងពេលបើកបរ ទើបបណ្តាលឲ្យរថយន្តគាត់ ទៅបុកនឹងរថយន្តធំមួយគ្រឿង ធ្វើឲ្យថ្ងាសតារាប្រុសរូបនេះ ត្រូវបែកហូរឈាម ហើយដៃក៏រងរបួសផងដែរ។
សាក្សីដែលបានឃើញហេតុការណ៍ និយាយថា Vincent Wong ហាក់ដូចជាមានស្មារតីភាន់ភាំង តែគាត់អាចដើរចូលរថយន្ត សង្គ្រោះបន្ទាន់បាន ដោយខ្លួនឯង ទោះបីជាមានប៉ូលីស នាំផ្លូវក៏ដោយ។ Vincent ប្រាប់អ្នកកាសែតថា គាត់នៅតែមានអារម្មណ៍ ឈឺក្បាលខ្លាំង បន្ទាប់ពីសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យ Tuen Mun ហើយគ្រូពេទ្យកំពុងស្គេនមើលក្បាល ថាតើមានរងការប៉ះទង្គិចដែរ ឬយ៉ាងណា។ តែ Vincent ទូរស័ព្ទទៅប្រាប់ម្តាយ និងប្រពន្ធគឺនាង Yoyo Chen ដែលជាតារាសម្តែងស្រីម្នាក់ដែរថា គាត់មិនអីទេ។
នេះជាលើកទី១ហើយ ដែលតារាប្រុសហុងកុងរូបនេះ រងគ្រោះថ្នាក់កំឡុងពេលថត ខ្សែភាពយន្តរឿង «Fatal Resurrection» ចំណែកម្ចាស់ផលិតកម្ម គឺលោក Lam Chi-wah និយាយទៅកាន់តារាម្នាក់នេះ កុំឲ្យបារម្ភពីពេលវេលាថត សំខាន់គឺសុខភាពរបស់ខ្លួន ត្រូវមើលថែឲ្យបានល្អសិន។ ខ្សែភាពយន្ត «Fatal Resurrection» គ្រោងនឹងថតចប់ រួចដាក់បញ្ចាំងនៅប្រទេសវៀតណាម កំឡុងខែមិនាខាងមុខនេះ ប៉ុន្តែពេលវេលាអាចនឹងផ្លាស់ប្តូរអាស្រ័យ លើសុខភាព របស់ Vincent បានជាស្រួលបួល ហើយឬនៅ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី