CamNews

ព័ត៌មានជាតិ 

គណបក្ស CPP អះអាងថា សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា កើតចេញ​ពី​ថ្ងៃ​៧​មករា

សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា កើតចេញ​ពី​ថ្ងៃ​៧​មករា នេះគឺជាការអះអាង
របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែលបាន​ប្រកាស​ក្នុង​មី​ទ្ទិញ​រំឭក​ខួបលើក​ទី​៣៤
នៃ​ទិវា​ជ័យជម្នះថ្ងៃ​៧​មករា។

​ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សម្តេច​អគ្គ​មហា ​ពញា​ចក្រី ហេង សំរិន  បាន​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជំរុញ​
រាល់​សកម្មភាព​ដើម្បី​ការពារ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ឱ្យ
កាន់តែ​ប្រសើរ ​ឡើង​ជានិច្ច​។


Photo by DAP-NEWS
រូបថត DAP


​សម្តេច ហេង សំរិន បាន​គូសបញ្ជាក់ថា "​ជ័យជម្នះ៧​មករា បាន​នាំមក​នូវ​សិទ្ធិ​ជា​សារ​វន្ត​បំផុត​
របស់​មនុស្ស​មក​ជូន​ប្រជាជន គឺ​សិទ្ធិ​មានជីវិត​រស់នៅ ហើយ​ផ្តើមចេញពី​សិទ្ធិ​ជា​សារវន្ត​នេះហើយ
ដែល​មាន​សិទ្ធិ​ទទួលបាន​ចំណីអាហារ ទទួលបាន​ការអប់រំ ទទួលបាន​ការព្យាបាល សិទ្ធិ​បញ្ចេ​ញ​
មតិ សិទ្ធិ​បង្កើត​គណបក្ស បង្កើត​អង្គការ និង​សមាគម​នានា​៘ ហេតុនេះ អ្នកនយោបាយ ក៏​
ដូច​មជ្ឈដ្ឋាន​ទាំងឡាយ គប្បី​មើល​ឱ្យឃើញ​ការ​ពិត​នៃ​ការរីកចម្រើន លើកទឹកចិត្ត​ចំពោះ​លទ្ធផល​
នៃ​ដំណើរការ​នេះ​នៅ​កម្ពុជា ផ្តល់​មតិ​យោបល់ប្រកបដោយ​ស្មារតី​ស្ថាបនា​ពិតប្រាកដ ហើយ​មិន
​ត្រូវ​ប្រមាថ​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា និង​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​នៃការប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល
ដែល​បាន​កើតចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន​តាមរយៈ​ការបោះឆ្នោត​នោះ​ឡើយ​"។

សូមរំលឹកថា ជ័យជំនះថ្ងៃ ៧មករា ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាជា "ថ្ងៃកំណើរ
ទីពីរ" នៃប្រជាជនខ្មែរ ដោយគណបក្សប្រជាជនកម្ពុជា (កាលណោះជា ​រណសិរ្ស​រំដោះជាតិ)  បាន
ទទួលជោគជ័យក្នុងការរំដោះប្រជាជនចេញពីសេចក្ដីស្លាប់ ក្នុងរបប "វាលពិឃាដ" ដោយមានការ
ចូលរួមរបស់កងទ័ពវៀតណាម៕

 

ដោយ ៖ សីហា

 

 


Tags: គណបក្ស ប្រជាជនកម្ពុជា ៧មករា CPP 7 January