CamNews

តារា 

នាយ កុយ និង ខាត់ សុឃីម ត្រូវ​បាន អ្នក​គាំ​ទ្រ​សរសើរ​ថា លេង​កំប្លែង​មិន​ចេះ​ប្រើ​ពាក្យ ចំអេស​ចំអាស

(ភ្នំពេញ)៖ តារាកំប្លែងប្រុស-ស្រីពីររូប គឺលោក ជូង ជី ហៅនាយ កុយ និងតារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះ ត្រូវបានអ្នកលេង Facebook ​​ម្នាក់ លើកសរសើរពីអត្តចរឹកឫកពារ ព្រមទាំងពាក្យសម្តី និយាយបាន​សមរម្យមិន​ចេះ​លេងកំប្លែង ប្រើពាក្យសម្តីចំអេសចំអាស ដូចតារាកំប្លែង​ស្រី-ប្រុស ដទៃទៀតឡើ​យ​។​

តាមរយៈ Account Facebook មួយឈ្មោះថា «Lin Bebe» បានសរសេរបង្ហោះ ជាសាធារណៈ​ដោយមាន​ភ្ជាប់មក ជាមួយរូប​ថត​នាយ កុយ និងអ្នកនាង ខាត់ សុឃីម ថតរួមគ្នាថា «ខ្ញុំចូលចិត្តពួកគាត់​ ត្រ​ង់ពា​ក្យសម្តីមិនចំអេសចំអាស ដូចតារាកំប្លែងឥឡូវទេ បានល្បីបន្តិចតម្លើងឫក។ ពួកគាត់​បានផ្ត​ល់ការអប់រំ តាមរយៈការលេងកំប្លែង អ៉ីចឹងបានគេយកពួកគាត់ ធ្វើជាគណៈកម្មាធិការ Cambodia’s Got Talent ..!»។

ទន្ទឹមគ្នានឹងការលើកសរសើរ ពីសំណាក់ម្ចាស Account Facebook ឈ្មោះ Lin Bebe ខាងលើនេះ គេក៏សង្កេតឃើញមានមហាជន អ្នកលេងហ្វេសប៊ុកមួយចំនួនធំ ក៏បានបញ្ចេញមតិគាំទ្រ​ និងលើកសរសើរពីតារាកំប្លែងនាយ កុយ និងអ្នកនាង ខាត់ សុឃីម ស្រដៀងគ្នានេះថា ពួកគេក៏ស្រឡាញ់តារាប្រុស-ស្រីទាំងពីរូបនេះដែរ ។ អ្នកកំប្លែងសម័យឥឡូវ គេមិនដែលមើលសោះ។

ដោយឡែកសម្រាប់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ឯណេះវិញ បន្ទាប់ទទួល​បាន​កា​រ​សរសើរ​នេះហើយ នាងក៏បានចេញមុខសរសេរតបវិញថា «អរគុណប្អូនស្រី Lin Bebe ដែលបានគាំទ្របង កុយ និងបង តាមពិតការសម្តែងរបស់ពួកបង តែងតែចង់ឲ្យមហាជនសប្បា​យ តែសប្បាយជាមួយពាក្យល្អៗ។ អរគុណប្អូនស្រីអស់ពីចិត្ត បងនឹងខំរកអ្វីល្អៗ មកសម្តែងបន្តទៀត ជួយគាំទ្របន្ត ពួកខ្ញុំកាន់តែមានទឹកចិត្ត Love you all..!»។

សូមបញ្ជាក់ថា នេះមិនមែនទើបតែជាលើកទី១ទេ សម្រាប់តារាកំប្លែងនាយ កុយ និងអ្នកនាង ខាត់ សុឃីម ដែលទទួលបាននូវពាក្យសម្តី កោតសរសើរពីសមត្ថភាព និងទេពកោសល្យ​កំប្លែងក្នុងន័យអប់រំ ដល់ទស្សនិកជន និងយុវជនក្នុងសង្គមបច្ចុប្បន្ន ដោយប្រើសម្តីសមរម្យមានសីលធម៌នោះ ព្រោះកន្លងមកក៏ធ្លាប់មានការ លើកសរសើរផងដែរ ពីការគោរពពេលវេលា ក្នុងការសម្តែង ផ្ទុយពីតារាថ្មីៗ ដែលមានឈ្មោះល្បីភ្លាម ចាប់ផ្ដើមតម្លើងឫក មើលស្រាលទៅលើពេលវេលា និងការងារនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Neay koy