នគរបាលក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ បានចាប់ខ្លួនគិលានុបដ្ឋាយិកាឯកជនម្នាក់ ដែលគ្មានអាជ្ញាប័ណ្ណបន្ទាប់ពីគាត់បានចាក់ថ្នាំ បណ្តាលឲ្យអ្នកភូមិម្នាក់ស្លាប់។
លោកវរសេនីយ៍ឯក មុំ សារុន អធិការរងស្រុកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រាប សេ អាយុ ៦៣ ឆ្នាំ ដែលតែងតែព្យាបាលឲ្យអ្នកភូមិ។
លោកបាននិយាយថា កាលពីថ្ងៃសុក្រ លោក ព្រាប សេ បានទៅចាក់ថ្នាំឲ្យជនរងគ្រោះ លោក ផុន ម៉ាប់ អាយុ ៤៥ ឆ្នាំដែលមានជំងឺឈឺបំពង់ក។”លោក ម៉ាប់ បានស្លាប់បន្ទាប់ពីលោក សេ បានចាក់ថ្នាំបានពាក់កណ្តាលសារ៉ាង ដើម្បីព្យាបាលឈឺបំពង់ករបស់គាត់” ។ យើងសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារតែប្រតិកម្មថ្នាំ បន្ទាប់ពីគ្រួសាររបស់គាត់បានប្រាប់យើងថា គាត់មានបញ្ហាប្រតិកម្មនឹងថ្នាំដូចជា ប៉ារ៉ាសេតាមុលជាដើម។
លោកបានកត់សម្គាល់ថា ទោះបីគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង តែសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ដោយសារតែគាត់ចាក់ថ្នាំបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់។
លោកបាននិយាយថា ”យើងបានចាប់ខ្លួនគាត់ បន្ទាប់ពីអ្នកភូមិបានប្រាប់យើងអំពីករណីនេះ ហើយយើងបានបញ្ជូនគាត់ទៅសាកសួរ នៅការិយាល័យកណ្តាលនគរបាលខេត្ត កាលពីថ្ងៃសៅរ៍”។ ”យើងមិនដឹងថាតើគាត់ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ឬក៏យ៉ាងណាទេ”។យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបានឲ្យដឹងថា លោក ម៉ាប់ មានជម្ងឺឈឺកធ្ងន់ធ្ងរពីរថ្ងៃមកហើយ មុននឹងហៅលោក សេ មកព្យាបាលគាត់។
របាយការណ៍បានបន្ថែមថា ជនសង្ស័យបានចាក់ថ្នាំឲ្យជនរងគ្រោះ ហើយជនរងគ្រោះបានស្លាប់បន្ទាប់ពីការក្ដៅខ្លួន និងមានចេញកន្ទួលរមាស់។
មន្រ្តីមន្ទីរសុខាភិបាលខេត្ដពេលកន្លងទៅ បានព្រមានលោក សេ មិនឲ្យធ្វើជាគិលានុបដ្ឋាយិកាទេ ព្រោះគាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
គាត់មិនបានស្តាប់តាមការព្រមាននេះទេ ដោយសារគាត់ធ្លាប់បានហ្វឹកហាត់ជាគិលានុបដ្ឋាយិកា ក្នុងរបបប៉ុលពត ៕
ប្រភព ៖ khmertimes