CamNews

ព័ត៌មានជាតិ 

ដើរស៊ីឈ្នួល បោកខោអាវ តម្លៃត្រឹម១០០រៀល ដើម្បីចិញ្ចឹមកូនៗ

ព្រោះតែកើត មកជាតិនេះមិនសូវ មានសំណាង ដោយកើតចំត្រកូល អ្នកស្រុកស្រែចំការ និងមាន
ជីវភាព ក្រលំបាក យ៉ាងពន់ពេកផងនោះ បានធ្វើឲ្យអ្នកស្រី សំ ឡី អាយុជាង ៣០ឆ្នាំ ត្រូវដើរ ស៊ី
ឈ្នួល បោកខោអាវ ឲ្យគេ នៅតាមផ្ទះដើម្បី យកទៅចិញ្ចឹមកូនៗ ទាំងពីរនាក់ កូនប្រុស អាយុជាង
១០ឆ្នាំ និងកូនស្រីពៅ អាយុ ជាង៣ឆ្នាំ ខណៈប្តីរបស់ខ្លួន គ្រាន់តែ ធ្វើជាកម្មករ លើកស៊ីម៉ងត៌ មួយ
ថ្ងៃ រកប្រាក់ចំណូល ត្រឹមតែ ១០០០០ ទៅ ២០០០០រៀលនោះ ជាហេតុនាំឲ្យ ពួកគេទាំងពីរនាក់
មិនអាចយកប្រាក់ទាំងនេះ ទៅចិញ្ចឹមជីវភាព ប្រចាំថ្ងៃបាន ស្របពេលដែលទំនិញ សព្វថ្ងៃមានតម្លៃ
ខ្ពស់ គួរសមផងនោះ។

ជាកូនកើតនៅ ក្នុងត្រកូលក្រីក្រ រស់នៅភូមិត្រស់ ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកស្រី
សំ ឡី បានដើរស៊ីឈ្នួលបោកខោអាវឲ្យគេនៅតាមផ្ទះ ដោយយកតម្លៃត្រឹមតែ ១០០រៀល ប៉ុនណ្ណោះ
សម្រាប់ខោមួយ ឫអាវមួយ ហើយការប្រកបមុខរបរខាង លើនេះ បានធ្វើឡើងអស់រយៈពេលជាង២
ឆ្នាំ មកហើយ។

សម្រាប់អ្នកដែលមិន ធ្លាប់ជួប និងតម្លៃបោកខោ អាវបែបនេះ ពិតជាមានការភ្ញាក់ផ្អើល ជាក់ជាមិន
ខានឡើយ ពីព្រោះ នៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនខ្លះ សម្រាប់បោកខោមួយ និងអាវ
មួយដែលគេហៅថា ខោអាវបោកគក់នោះ គឺមានតម្លៃរហូតដល់ ១៥០០រៀល ទៅ២០០០រៀល ប៉ុន្តែ
សម្រាប់ ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិត្រស់ ឃុំបាល្ល័ង្គ វិញ ពួកគេបានដឹងគ្រប់ៗ គ្នាថា សម្រាប់តម្លៃ
បោកគក់ ក្នុងខោមួយ ឫអាវមួយ តម្លៃតែ១០០រៀលទេ ដូច្នេះបើទោះបីមានខោអាវ ច្រើនពេញកន្ត្រក
ក៏អស់លុយមិនច្រើនដែរ ។

ក្នុងសម្លៀកបំពាក់ មិនថ្មីប៉ុន្មាន ដោយសារតែគ្មានលុយទិញ ខោអាវថ្មីៗ នោះ និងពាក់ពួកដើម្បី ជួយ
បាំងពន្លឺថ្ងៃ ហើយអង្គុយនៅជាប់អណ្តូងទឹក កំពុងបោកខោអាវឲ្យគេនោះ អ្នកស្រី សំ ឡី បាននិយាយ
ដោយស្នាមញញឹមថា គាត់រកស៊ីបោកខោអាវនេះ អស់រយៈពេលជាង២ឆ្នាំ ដោយមុនដំបូងឡើយ គឺ
មានតែមនុស្សម្នាក់ ទៅពីរនាក់ ប៉ុនណ្ណោះ ដែលហៅ ទៅបោក ប៉ុន្តែពីមួយថ្ងៃៗ ទៅមួយថ្ងៃ ចេះតែ
មានមនុស្ស នៅក្នុងភូមិនាំគ្នាហៅ ឲ្យជួលបោក ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ មានម៉ូយជា
ច្រើន ហើយបោកតាំង ពីព្រឹកដល់ល្ងាច ក៏មានដែរ ។

ប៉ុន្តែអ្នកស្រី បានបន្តថា ក្នុងមួយថ្ងៃៗ បើទោះបីជាខោអាវច្រើនសម្រាប់បោក ក៏ដោយ ពេលបានលុយ
គឺត្រឹមពី ១០០០០ ទៅ២០០០០ប៉ុនណ្ណោះ ពីព្រោះតម្លៃប៉ុណ្ណឹង បានលុយក៏មិនច្រើនដែរ ។ នៅពេល
សួរថា ចុះបើគេឲ្យ បោក ខោ អាវ ខ្លី (ខោអាវទ្រនាប់) អ្នកស្រី បានញញឹម ហើយនិយាយថា បោកតែ
ទាំងអស់ហ្នឹង គ្មានខ្ពើម និងប្រកាន់នោះឡើយ ។

និយាយដល់ចំណុចនេះ អ្នកស្រី បានរំលឹកថា សព្វថ្ងៃដោយគ្មានមុខរបរឲ្យ ដុំកំភួននឹងគេ ហើយម្យ៉ាង
ទៀតប្តី របស់ខ្លួន ត្រឹមតែជា កម្មករលីសែងស៊ីម៉ង់ត៌ បានត្រឹមមួយបាវ ២០០រៀល ចឹងមួយថ្ងៃៗ រក
បានចន្លោះពី ១០០០០រៀល ទៅ ២០០០០រៀល ដើម្បីយក ចិញ្ចឹមកូនប្រុស ដែលកំពុងសិក្សា នៅ
សាលា និងចិញ្ចឹមកូនស្រីទើបមាន អាយុជាង ៣ឆ្នាំ។

អ្នកស្រី សំឡី ដែលជិះកង់យ៉ាង កញ្ចាស់មួយ សម្រាប់ធ្វើដំណើរ ទៅបោក ខោអាវឲ្យគេ នៅតាមផ្ទះ
នោះ បាននិយាយទៀតថា នៅពេលគេចង់ទាក់ទង ឲ្យបោកខោអាវម្តងៗ គឺទូរស័ព្ទទៅអ្នកស្រី ដែល
មានទូរស័ព្ទ មួយតម្លៃត្រឹម៤-១០ដុល្លារ ប៉ុនណ្ណោះ ហើយចំពោះការបោក ខោអាវនោះ សម្រាប់សាប៊ូ
និងទឹក ជាអ្នកចំណាយ របស់ម្ចាស់ផ្ទះ។

ចំពោះតម្លៃខោមួយ ឫអាវមួយ ត្រឹមតែ១០០រៀល ប៉ុន្តែមុខរបរនេះ អាចឲ្យអ្នកស្រី សំឡី អាចរកប្រាក់
ចិញ្ចឹមកូនៗ ទាំងពីរនាក់បាន មិនថោកទាបទៅសុំទានគេ នោះទេ ហើយដោយសារ តែតម្លៃនេះ វា
ថោកពេក បានធ្វើឲ្យ អ្នកស្រី តម្លើង ទៅ២០០រៀល សម្រាប់ខោមួយ ឫអាវមួយ ដែលការតម្លើងថ្លៃ
នេះ បានធ្វើឡើងអស់   រយៈពេលជាង កន្លះខែមក ហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ