CamNews

ព័ត៌មានជាតិ 

ធនាគារពិភព​លោក ផ្តល់​ប្រាក់​ជាង​​ ៥៧លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​លើក​​កម្ពស់​ការ​ផ្គត់ផ្គង់​ទឹក

ភ្នំពេញ៖ ក្រសួងឧស្សាហ​កម្ម និង​សិប្បកម្ម និង​ធនាគារពិភព​លោក បានពិភាក្សា​គ្នា​ផ្តោត​លើ​ដំណើរការអនុវត្ត​គម្រោង​លើក​​កម្ពស់​ការ​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅ​ខេត្ត​ចំនួន​៦​ ក្រោម​គម្រោង​ហិរញ្ញប្បទានឥណទានសម្បទាន​របស់​ធនាគារ​ពិភពលោក ដែលមានទឹកប្រាក់ជាង​​ ​​៥៧លាន​ដុល្លារ រ​យៈពេល​៥​ឆ្នាំ។​

ជំនួប​នោះ បាន​ធ្វើ​ឡើង​​រវាង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ និង​នាយក​ប្រតិ​បត្តិ​​ធនាគារ​ពិភព​លោកទទួល​បន្ទុក​វិស័យ​ទឹក​សកលប្រចាំតំបន់​អាស៊ី​ លោក Takuya Kamata កាល​ពីថ្ងៃ​សុក្រ នៅ​​ទីស្តីការ​ក្រសួង។​

អ្នកនាំពាក្យ​ក្រសួងឧស្សា​ហកម្ម និង​​សិប្បកម្ម លោក អ៊ុំ សុថា បានមាន​ប្រសាសន៍​នៅថ្ងៃចន្ទ​នេះ​ថា​ គម្រោង​លើក​​កម្ពស់​ការ​ផ្គត់​ផ្គង់​ទឹកស្អាត និង​អនាម័យ​ ដែលមានទឹកប្រាក់​ចំនួន ៥៧,៥លាន​ដុល្លារ​របស់​ធនាគារ​ពិភពលោក​ ក្នុងនោះ​មាន​ថវិកា​បដិភាគរបស់រាជ​រដ្ឋាភិបាល​ចំនួន​២,៥លាន​ដុល្លារ​ សម្រាប់​រយៈពេល​៥​ឆ្នាំ​ ចាប់​ពី​ឆ្នាំ ២០១៩​​ ដល់​ឆ្នាំ​២០២៤​ នឹង​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​លើ​វិស័យ​​ទឹក​ស្អាត​ក្នុងទឹកប្រាក់ចំនួន ​៣២​លាន​ដុល្លារ និង​វិស័យ​អនាម័យ​ចំនួន ​២៥,៥លាន​ដុល្លារ។

លោក​​បន្តថា ការអនុវត្ត​គម្រោង​​នេះ បាន​កំណត់​ទៅ​លើការ​ពង្រីកបណ្តាញ​​​ និង​ផលិត​កម្ម​នៅស្រុក​ស្ទោង​​ ខេត្ត​កំពង់​ធំ និងក្រុង​សែនមនោរម្យ​​ ខេត្តមណ្ឌល​គិរី​, ការ​អភិវឌ្ឍការ​ផ្គត់ផ្គង់​ទឹកស្អាតខ្នាត​តូចនៅ​ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង និង​ឃុំ​មួយចំនួន​នៅ​ខេត្ត​ព្រៃ​វែង សៀមរាប និង​កំពង់ឆ្នាំង​​។

លោកថា៖ «កន្លងមក នៅ​តាមទីប្រជុំជន​ខេត្ត​មួយចំនួន​ គឺ​យើង​​​​មាន​រដ្ឋាករ​​ផ្គត់​ផ្គង់ទឹកស្អាត​របស់​រដ្ឋ​​យើង​ហើយ ក៏ប៉ុន្តែ​លទ្ធភាព​យើង​នៅមិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​ដែល​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ អីចឹង​គម្រោង​នេះ​នឹង​ជួយ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​​ទៅតាម​ផ្ទះប្រជាពលរដ្ឋ​នៅតាម​ខេត្ត​គោល​ដៅ»។


អ្នកស្រី ប៉េង ណេ អាយុ​ ៦៧ឆ្នាំ រស់់នៅស្រុក​ព្រះស្តេច ខេត្ត​ព្រៃ​​វែង ​បាន​និយាយ​នៅថ្ងៃចន្ទនេះថា ក្នុង​តំបន់​អ្នកស្រីរស់​នៅ នៅពុំទាន់មានបណ្តាញ​ទឹកស្អាតប្រើ​ប្រាស់​នៅឡើយ ប៉ុន្តែ​​អ្នកស្រី​រំពឹង​ថា​ តាម​រយៈគម្រោង​អភិវឌ្ឍន៍​នានា​​របស់​​​​រាជរដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍ នឹង​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​ទីជន​បទ​មានទឹកស្អាត​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ។ អ្នកស្រីថា៖ «បច្ចុប្បន្ន ​​ខ្ញុំប្រើ​ប្រាស់​​ទឹក​ភ្លៀង​ដែលបានត្រង​ទុកក្នុង​ពាង ហើយ​​និង​ទឹកស្រះ អីចឹង​បើសិន​មានការ​ជួយ​លើ​វិស័យ​នេះ គឺ​ជា​រឿងល្អ ប្រជាពលរដ្ឋ​នៅជនបទ​​អាច​មានទឹកស្អាត​ប្រើ​ប្រាស់​ដូច​អ្នកនៅទីក្រុង​ដែរ»។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ​ បានថ្លែង​ក្នុងជំនួបពិភាក្សា​​នោះថា ​​គម្រោង​នេះ មាន​សារសំខាន់​ក្នុងការ​រួមចំណែក​គោល​ដៅ​​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​លើ​វិស័យ​ទឹក​ស្អាតសម្រាប់​គោល​ដៅ​ឆ្នាំ​២០២៥។ លោក​បានបញ្ជាក់ថា៖ «ក្រសួង​កំពុង​​ផ្តោត​លើការ​ផ្គត់​ផ្គង់ទឹក​ស្អាត មិន​តែ​ក្នុង​តំបន់​ទីក្រុង​ និង​ទី​ប្រជុំជន​ទេ តែ​ត្រូវ​យក​ចិត្ត​ទុកដាក់​ដល់​ទី​ជន​បទតាម​លទ្ធ​ភាព​ជាក់ស្តែង»។

លោក​ចម ប្រសិទ្ធ បាន​​បន្ថែមទៀត​ថា ថ្មីៗនេះ រាជ​រដ្ឋាភិបាល បាន​សម្រេច​មិនយក​ពន្ធ​ចំពោះការ​នាំ​ចូល​ឧបករណ៍​សម្ភារៈ​មួយចំនួន​ធំ បម្រើ​ឲ្យ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​​ផង​​ដែរ ដែលកិច្ច​ការនេះ ជាការ​យក​ចិត្ត​ទុកដាក់របស់​រាជ​រដ្ឋា​ភិបាល​ក្នុងការកាត់បន្ថយ​ភាពក្រី​ក្រ និង​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់​ទឹក​ស្អាត​នេះ។

នាយក​ប្រតិ​បត្តិ​​ធនាគារពិភព​លោក​ទទួល​បន្ទុក​វិស័យ​ទឹក​សកលប្រចាំតំបន់​អាស៊ី​ លោក Takuya Kamata បាន​មាន​ប្រសាសន៍​ថា គម្រោង​ទឹកស្អាត និង​អនាម័យ​នេះ ជា​ចំណុច​ចាប់​ផ្តើម​ជាថ្មី​លើ​ការគាំទ្រ​ក្នុងវិស័យ​ទឹកស្អាតរបស់​ធនា​គារ​ពិភព​លោក​​ដល់​កម្ពុជា​ តាមរយៈការ​រៀបចំ​ផែនការ​លម្អិត​​ ​និងការ​ធ្វើសកម្ម​ភាព​អនុវត្ត​គម្រោង​រួម​គ្នា​ជាមួយ​ក្រសួង​ប្រ​កប​ដោយ​តម្លា​ភាព។ លោកថា ៖ «ធនាគារ​ពិភព​លោក​សង្ឃឹមថា កិច្ច​សហការ​រួម​គ្នា​លើ​ការ​អនុវត្ត​គម្រោង​​នេះ នឹង​ទទួល​បាន​ផ្លែផ្កាស្រប​តាមគោល​ដៅ​ដែលបាន​ដាក់ចេញ»។

នៅ​ក្នុង​ទិវា​ទឹក​​ពិភព​​លោក​លើក​ទី​២៦ នៅ​រាជធានី​ភ្នំពេញ ​កាលពី​ខែ​មីនា លោក​ នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​​​ជន​បទ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ មាន​ប្រជា​ពលរដ្ឋ​នៅ​​សហគមន៍​ជន​បទជាង ៣០​​ភាគរយ​ ដែល​​នៅ​មិន​ទាន់​​​​ទទួល​បាន​​​សេវា​ទឹក​ស្អាត​ប្រើ​ប្រាស់​​ ដែល​ករណីនេះទាមទារ​​ឲ្យ​ភាគី​​ពាក់​ព័ន្ធទាំង​​​អស់​ ចូលរួម​សហការគ្នា​​បន្ថែម​ទៀត​ក្នុងការ​​​ដោះស្រាយ​បញ្ហា​នេះ ខណៈដែល​​​រាជ​រដ្ឋាភិបាល ក៏​​​បាន​ដាក់​ចេញ​នូវ​​គោល​នយោ​​បាយ​​​ជាតិ ស្តីពី​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជន​បទ ដោយ​ថា នៅឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​​នៅ​សហ​គមន៍​​ជន​បទ ត្រូវ​ទទួល​បាន​សេវា​​ផ្គត់​ផ្គត់​ទឹក​ស្អាត និង​អនា​ម័យ​គ្រប់គ្រាន់ ព្រម​ទាំង​រស់​នៅ​ក្នុង​បរិ​ស្ថាន​​ដែល​​មាន​អនាម័យ​ប្រកប​ដោយ​និរន្ត​ភាព ៕


ប្រភព ៖ khmertimes


Tags: Local news Social news