(ភ្នំពេញ)៖ ជាការពិតរឿងរ៉ាវហែកហួរគ្នា មានឈ្មោះថា ជាស្រីដណ្ដើមប្ដីគេ បានផ្ទុះឡើកកក្រើកពេញក្នុងពិភពសិល្បៈ ខណៈដែលតារាសម្ដែង តារាម៉ូដែល និងជាពិធីការិនី កញ្ញា សូរ អេណា បានរងនូវព្យុះភ្លៀងនៃរឿងនេះ ស្ទើរតែងើបមុខមិនរួច រហូតដល់ថ្នាក់ប៉ះពាល់ ដល់ការងាររបស់នាង ព្រោះលេចឮថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ បានដកនាងពីតំណែងជាពិធីការិនី បញ្ឈជើងទុកចោលទៀតផង។ តែអ្វីដែលជាការចាប់អារម្មណ៍ថ្មី បន្ទាប់ពីស្ងាត់រឿងអាស្រូវបានបន្ដិច តារាម៉ូដែល សូរ អេណា កំពុងតែត្រៀមខ្លួនចេញទៅ ប្រកួតប្រជែងតំណែងកញ្ញាឯក តំណាងឲ្យប្រទេសកម្ពុជា នៅក្នុងប្រទេសហ្វីលីពីន នៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
តារាបង្ហាញម៉ូដ ដ៏ស្រស់សោភា កញ្ញា សូរ អេណា ដែលមានឈ្មោះដើមថា នី ដាណេ បានផ្ទុះរឿងដ៏ធំថា នាងហាក់ឆ្ងាញ់តែនឹងប្ដីគេ ហើយត្រូវ ប្រពន្ធដើមតាមហែកហួរ រហូតនាងស្ទើរតែដកខ្លួន ពីពិភពសិល្បៈ ព្រោះរងភាពអាម៉ាស លើសពីអ្វីដែលនាង អាចទទួលយកបាន។ មិនតែប៉ុណ្ណោះ សូរ អេណា ត្រូវខាងស្ថានីយទូរទស្សន៍ ឲ្យនាងសម្រាកមួយរយៈធំ ដើម្បីលំហែពីពាក្យចចាមអារ៉ាមទាំងនោះ។
ភាពភ្ញាក់ផ្អើល នៃការវិលត្រឡប់ មកកាន់សង្វៀនសិល្បៈវិញរបស់ សូ អេណា ហាក់លឿនលើសពីការរំពឹងទុក ព្រោះអ្នកខ្លះយល់ថា នាងមិនវិលត្រឡប់មកវិញទេ ព្រោះទំហំរឿងអាស្រូវរបស់នាង គឺធំធេង មិនងាយនឹងសាបរលាប តែផ្ទុយពីការរំពឹងទុក របស់ទស្សនិកជន សូរ អេណា កំពុងតែត្រៀមខ្លួន តំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតបវរ កញ្ញាសាកល ដែលគ្រងនឹងធ្វើឡើង នៅខែកញ្ញាខាងមុខនេះ នៅក្នុងប្រទេសហ្វីលីពីន។
ទស្សនិកជន ស្ទើរតែដាច់ផ្ញារ ព្រោះ សូរ អេណា មិនត្រឹមតែស្រោចស្រង់ កិត្តិយសខ្លួនឯងបានឡើងវិញទេ នាងថែមទាំងក្លាយជាតារាម៉ូដែល តំណាងឲ្យប្រទេសទៀតផង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ កញ្ញា សូ អេណា បាននិយាយប្រាប់ Khmertalking ថា នាងរំភើបណាស់ ពេលខាងក្រុមហ៊ុន ឲ្យតំលៃលើទេពកោសល្យ និងសមត្ថភាពរបស់នាង រហូតបញ្ចូនទៅប្រកួតនៅក្រៅប្រទេស ។
សូមបញ្ជាក់ថា កញ្ញា សូរ អេណា មានប្រវត្តិសិល្បៈធ្លាប់ចូលរួម ប្រកួតឈ្នះការប្រកួត «ASNI Man & Women Contest 2013» ឈ្នះការប្រកួត «Miss Tourism Queen Cambodia 2013» និងចូលរួមការប្រកួតផ្សេងៗជាច្រើនទៀត។
កញ្ញា សូ អេណា មានអាយុ២៣ឆ្នាំ កំពស់១,៧០ម៉ែត្រ ទំងន់៤៩គីឡូក្រាម សក់ពណ៌ខ្មៅ ភ្នែកពណ៌ត្នោត និងស្បែកជើងពាក់លេខ៣៩។
កញ្ញា សូ អេណា នឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅប្រទេសហ្វីលីពីន នៅដើមខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈការប្រកួត មានរយៈពេល ២សប្ដាហ៍៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង