CamNews

ព័ត៌មានជាតិ 

ពីរ​នាក់​ឪពុក​កូន​ បើក​រថយន្ត​គេច​​ក្មេង​ស្ទាវ​ ជ្រុល​បុក​ចូល​ហាង​យី​ហោ​ ញ៉ាំលេង របួស​ធ្ងន់​ទាំងពីរ

ភ្នំពេញៈ បើតាមសមត្ថកិច្ចបានអះអាងថា មានឧត្តមសេនីយ៍មួយរូប រួមនិងកូនប្រុសវ័យជាង
២០ឆ្នាំម្នាក់ ត្រូវបានរងរបួសធ្ងន់ ខណៈដែលពួកគេ បើករថយន្តគេចពីក្រុមក្មេង ដែលដេញគប់
មកលើរថយន្ត ហើយជ្រុលចង្កូតទៅបុកចូល ក្នុងអាហារដ្ឋានយីហោ ញ៉ាំលេង មួយកន្លែងស្ថិត
នៅខាងក្រោយ កន្លែងហាត់ប្រាណភ្នំពេញស្ពតក្លឹប នៅតាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវ
លេខ១៦៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ
២០១៣ ។

តាមសេចក្តីរាយការណ៍ពី សមត្ថកិច្ច នៅកន្លែងកើត ហេតុបានបន្តថា លោកឧត្តម សេនីយ៍ដែល
រងរបួសខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណទេ ប៉ុន្តែកូនប្រុស ឈ្មោះ ទិត្យ គិរីសេរីរតនា
អាយុ ២១ឆ្នាំ អ្នកទាំងពីរស្នាក់នៅ ភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថែមទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានបើក
រថយន្តមួយគ្រឿងម៉ាកហុងដា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2E-2373 បានធ្វើដំណើរ
តាម បណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង បានប៉ះទង្គិចគ្នាជាមួយ ម៉ូតូក្មេងស្ទាវ
ម្នាក់ បណ្តាលឲ្យដួល ខណៈនោះរថយន្តព្យាយា មបើករត់គេចខ្លួន ប៉ុន្តែត្រូវភាគីខាងជនរងគ្រោះ
បើកម៉ូតូដេញតាម និងបានរើសដុំថ្ម គប់ទៅលើរថយន្តបង្ក បណ្តាលឲ្យកញ្ចក់ ផ្នែកខាងក្រោយ
ជាហេតុឲ្យបើករថយន្ត បង្កើនល្បឿន បន្តដំណើរលឿនបត់ចុះផ្លូវលេខ ១៦៧ ពីលិចទៅកើត
ដល់ចំណុចកែងផ្លូវលេខ ៤៣០ រថយន្តបានបត់ទៅខាងស្តាំដៃ ក៏ស្រាប់តែជ្រុលចង្កូត ទៅបុក
បង្គោលស្លាកយីហោអាហារដ្ឋាន ញ៉ាំ លេង រួចបន្តទៅបុករបង អាហារដ្ឋាននេះថែមទៀត បណ្តាល
ឲ្យលោកឧត្តមសេនីយ៍ និងកូនប្រុសម្នាក់ ដែលរួមដំណើរក្នុងរថយន្ត ត្រូវក្បាលបោកផ្ទប់នឹង កញ្ចក់
រថយន្តផ្នែកខាងមុខ ស្អិតមុខជាប់នឹងកញ្ចក់ ត្រូវរងរបួសធ្ងន់ធ្ងរ ទាំងឪពុក និងកូន ។ ចំណែកក្រុម
ភាគីម៉ូតូ ឃើញស្ថានភាពបែបនេះ ពួកគេបាននាំគ្នា ជិះម៉ូតូគេចខ្លួនបាត់ ស្រមោសភ្លាមៗតែម្តង ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ខាងក្រុម គ្រួសាររបស់រថ
យន្តបង្ក បានមកដឹកអ្នករបួស ទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំពោះការខូចខាតរបង
និងស្លាកយីហោ រួមជាមួយរថយន្ត របស់បង្កនោះ សាច់ញាតិលោកឧត្តមសេនីយ៍ បានធានាចេញ
ថ្លៃសងការខូចខាត ជូនម្ចាស់អាហារដ្ឋានទាំងអស់ និងបានស្ទូចយករថយន្ត ទៅជួសជុលដោយខ្លួន
ឯង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ បានរិះគន់ថា នេះជាគ្រោះ ថ្នាក់ បង្កឡើងដោយសារ ការមិនទទួលខុសត្រូវ
នូវទង្វើរបស់ខ្លួនបានបង្កហើយព្យាយាមគេចវេះ រហូតបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។ នេះសំណាង
ហើយ ដែលមិមបង្កឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ដូចករណីនិស្សិតពេទ្យ បើករថយន្តប៉ះគ្នា
បន្តិចបន្តួច មិនឈប់ដោះស្រាយគ្នា តែបែរជាព្យាយាមបើកគេចចេញពីករណីនោះ ជាហេតុបណ្តាល
ឲ្យកើតរឿងធំ គឺនិស្សិត្យពេទ្យរូបនោះ បានបើករត់ ហើយបុករះ អ្នកដំណើរបណ្តាលឲ្យជីវិត មនុស្ស
២-៣នាក់ស្លាប់ ទើបកើតវិបដិសារីយ៍តាម ក្រោយ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ ក៏បានធ្វើការរិះគន់ ដល់ក្រុមក្មេងៗ ដែលរងគ្រោះ ត្រូវរថយន្តប៉ះពារបន្តិច
បន្តួច មិននាំគ្នាដោះស្រាយ ដោយសន្តិវិធីនោះទេ តែបែរជាប្រើកំហឹង ក្នុងការដោះស្រាយបញ្ហា
ទៅវិញ ។ ចុះបើកចៃដន្យ ភាគីខាងរថយន្តបង្ក ប្រើហឹង្សាតបត តើរឿងនេះ នឹងរងគ្រោះបែបណា ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ