CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ៖ ខ្មែរមានលទ្ធភាព ដោះស្រាយបញ្ហាផ្ទៃក្នុង របស់ខ្លួន មិនបាច់ពឹងបរទេសទេ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  បានមានព្រះរាជបន្ទូលថា ប្រជាពលរដ្ឋខ្មែរ ក៏អាចដោះស្រាយបញ្ហារបស់ខ្លួន ដោយខ្លួនឯងបានដែរ មិនចាំបាច់  ពឹងពាក់បរទេសនោះឡើយ។ នេះបើយោងតាមប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានដក ស្រង់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើក​ទី៤ នីតិកាលទី៥  នាថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ។

បើតាមទំព័រសង្គមហ្វេសប៊ុក លោក សម រង្ស៊ី បានដកស្រង់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរមកផ្សព្វ​ផ្សាយ ថា ចាប់តាំងពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចុះកិច្ចព្រមព្រៀងនឹងគ្នា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ប្រជាជាតិកម្ពុជា មានការលើកទឹកចិត្តដោយគណបក្សទាំងពីរនេះ បានជួបពិភាក្សាគ្នា  ជាបន្តបន្ទាប់យ៉ាងសកម្ម ហើយដោះស្រាយសម្របសម្រួលគ្នា បាននូវបណ្តាបញ្ហាជា​ដើមហេតុ នៃទំនាស់ មាន ជាអាទិ៍ ការកែសម្រួលរចនាសម័្ពន្ធរបស់រដ្ឋសភា, ការកែសម្រួល នៃច្បាប់ស្តីពីការបោះ​ឆ្នោត ជ្រើសតាំងតំណាង រាស្ត្រ និងការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។

ដំណោះស្រាយទាំងឡាយខាងលើនេះ បានជួយលើកតម្កើងកិត្យានុភាពជាតិ តាមរយៈខ្មែរ ក៏ចេះដោះស្រាយ បញ្ហារបស់ខ្លួន ដោយខ្លួនឯងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia King Sihakmuney