(បរទេស)៖ លោក Andy Barnard អាយុ៣១ឆ្នាំបានសច្ចាថា ថ្ងៃណាមួយកូនស្រីដ៏តូចរបស់គាត់ នឹងបានរៀបការដូចក្តីស្រមៃរបស់នាង ប៉ុន្តែថ្ងៃនោះប្រហែលជាមិនមកឡើយ ព្រោះពេលនេះទារិកាដ៏តូចអាយុទើបបាន ១៦ខែឈ្មោះ Poppy Mai បានកើតជំងឺដ៏កម្រមួយ និងមានដុំសាច់ក្នុង ខួរក្បាល ហើយសង្ឃឹមរស់បានត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ។
ឪពុក Poppy Mai រួមជាមួយសាច់ញាតិ និងមិត្តភក្តិបានសម្រេចចិត្តរៀបចំពិធីរៀបការនាងតូច ដោយមានម្តាយឈ្មោះ Sammi Barnard អាយុ២៩ឆ្នាំជាអ្នកដឹកដៃអមដោយបងប្អូនប្រុសតូចៗរបស់ទារិកាផងដែរ ។ នាង Sammi ម្តាយក្មេងស្រីបាននិយាយទាំងទុក្ខសោកថា នាងនិងប្តីពិតជាគ្មានអារម្មណ៍ក្លាហានទទួលយកការពិតឡើយ និងខូចចិត្តណាស់ ប្រសិនបាត់បង់កូនជាទីស្រឡាញ់ម្នាក់នេះ តែអ្វីៗជាការពិតដែល Poppy Mai នឹងជិតបានទៅរស់នៅឋានសួគ៌ហើយ ទើបនាង និងគ្រួសារសម្រេច រៀបចំពិធីរៀបការឲ្យកូនបានគ្រងម្កុដ ជាកូនក្រមុំដ៏ស្រស់ស្អាត ។
ម្នាក់ៗនៅក្នុងពិធីពិតជាមិនបាននិយាយ ឬសរសេរពាក្យជូនពរអ្វីឡើយ ព្រោះអ្នករាល់គ្នាកំពុងយំខ្លាំងណាស់ ពេលបានឃើញក្មេងស្រី Poppy Mai ដ៏ស្រស់ស្អាតនាគ្រាចុងក្រោយ ដែលនាងតូចកំពុងគេងភ្ញាក់ៗនៅក្នុងរង្វង់ ដៃឪពុកពោរពេញដោយភាពកក់ក្តៅ ។
នាង Sammi ម្តាយទារិកានិយាយថា ការរៀបចំពិធីនៅថ្ងៃនេះ ដើម្បីឲ្យមនុស្សគ្រប់គ្នាចងចាំ Poppy Mai ក្នុងចិត្តជារៀងរហូត និងចែករំលែកបទពិសោធន៍នៃជំងឺរបស់នាង ទៅកាន់មនុស្សជាច្រើនផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង