CamNews

តារា 

អ៉ឹម ដាលីស សម្ដែង​ការ​សោក​ស្ដាយ ពេល​លោក​ឪពុក​មិន​បាន​មើល​​ឃើញ​ ភាព​ជោគ​ជ័យ​របស់​ខ្លួន

(ភ្នំពេញ)៖ តារាសម្ដែងកំពុងឡើងកូដខ្លាំង កញ្ញា អ៉ឹម ដាលីស ត្រូវបានមហាជនមើលឃើញថា នាងហាក់កំពុងតែមានទីផ្សារខ្ពស់​ ក្នុងពិភព​សម្ដែង ជាពិសេសការថត​ បទចម្រៀង​ខារ៉ាអូខេ ថតរឿងអប់រំ និងការងារជួយផ្សព្វផ្សាយ សុខភាពផ្លូវភេទស្រ្តី ជូនដល់បងប្អូនកម្មការិនី តាមបណ្ដារោងចក្រនានា ។ អ្វីដែលកាន់តែមមាញឹក បន្ថែមទៀតនោះ អ៉ឹម ដាលីស កំពុងតែកាក់កប​នឹងការងារថ្មីមួយទៀត គឺការធ្វើជាពិធីការិនី ក្នុង​កម្មវិធីប្រគំតន្រ្តីផ្សេងៗ មានទាំងក្នុងក្រុងភ្នំពេញ និងតាមខេត្តឆ្ងាយៗ​ ។ ការងារនេះ ជាជំនាញសិល្បៈមួយ ដែលឪពុករបស់​នាង​ចង់ឃើញ ជាទីបំផុត​ ប៉ុន្តែពេលស្រីស្រស់ អ៉ឹម ដាលីស សម្រេចបាននូវបំណង​ប្រាថ្នានេះហើយ បែរជាអ្នកមានគុណរបស់នាង មិនបានមើលឃើញទៅវិញ ព្រោះតែលោក​ឪពុកជាទីស្រឡាញ់ បានលាចាកលោកនេះទៅ ធ្វើឲ្យនៅតែនឹកស្រណោះ និងសម្ដែងការសោកស្ដាយ ជាពន់ពេក ។

តារាសម្ដែង អ៉ឹម ដាលីស ត្រូវបានមហាជនចាប់​ផ្ដើមស្គាល់ច្រើនឡើងៗ ពេលនាងបានចូលប្រឡូក ក្នុងសិល្បៈ​ប្រមាណជាង២ឆ្នាំ​ ដោយគេឧស្សាហ៍ឃើញ​វត្តមាននាង ក្នុងឈុត​ខារ៉ាអូខេ របស់ផលិតកម្ម ថោន ការថតពាណិកម្ម ក្នុងខ្សែភាពយន្ត ​​និងសកម្មភាពជួយ​ដល់សង្គមជាដើម ។ ការងារទាំងនោះ ត្រូវបានបង្ហោះឡើង តាមបណ្ដាញសង្គមនានា ហើយ​ទទួល​បាន​ការសាទរ ពីទស្សនិកជន ដែលធ្លាប់គាំទ្រនាងផងដែរ។

រយៈកាលនៃការតស៊ូ ក្នុងសង្វៀនសិល្បៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងវ័យក្មេងសាច់សខ្ចី អ៉ឹម ដាលីស ហាក់ទទួលស្គាល់ខ្លួនឯងថា កំពុងតែឈរនៅលើភាពជោគជ័យមួយ ដែលនាងតែងតែប៉ងប្រាថ្នា តាំងពីយូរ​មកហើយ ។ តែទោះបីជាកំពុងស្ថិតនៅក្នុងដំណើរ ឈានទៅរកភាពល្បីល្បាញ កេរ្តិ៍ឈ្មោះលំដាប់កំពូល ដូចតារាសម្ដែងដទៃក្ដី ក៏ អ៉ឹម ដាលីស បានបង្ហាញមោទនភាព​​ចំពោះខ្លួនឯងថា ជោគជ័យគួរជាទីគាប់ប្រសើររួចទៅហើយ ។ ប៉ុន្តែអ្វីដែលនៅតែដក់ជាប់ក្នុងចិត្ត និងតែងតែសម្ដែងការសោកស្ដាយ ពេលនឹងឃើញម្ដងៗនោះ គឺភាពជោគជ័យរបស់នាង មិនត្រូវបានឪពុកនាងបានមើលឃើញ និងអាចចូលរួមអបអរសាទរ នោះឡើយ ព្រោះលោកបានទទួលមរណភាព តាំងពីអំឡុងខែតុលា ឆ្នាំ២០១៤ មកម៉្លេះ ដោយរោគាពាធ។

អ៉ឹម ដាលីស និយាយទាំងអារម្មណ៍​ សោកសៅថា «ខ្ញុំស្ដាយណាស់បង..! ដែលប៉ារបស់ខ្ញុំគាត់មិនបានឃើញកូន ជោគជ័យដូចបំណង​របស់គាត់ ។ កាលគាត់(ប៉ា)នៅរស់ គាត់​ចង់ឲ្យខ្ញុំ​ធ្វើជាពិធីការិនី (MC) តាមកម្មវិធីផ្សេងៗ គាត់ចង់ឃើញមែនទែន តែគួរឲ្យស្ដាយ ពេលនឹកឃើញរឿងនេះម្ដងៗ ខ្ញុំពិតជា...(ដកដង្ហើមធំ)»។

ងាកមកការងារសង្គមវិញ ទោះបីជាមមាញឹកយ៉ាងណា សម្រាប់តារាសម្ដែង អ៉ឹម ដាលីស ក៏គេនៅតែសង្កេតឃើញថា នាងតែងឆ្លៀតពេលវេលា ដ៏មានតម្លៃ ​មកជួយផ្សព្វផ្សាយ លើសេវាកម្មអប់រំសុខ​ភាពផ្លូវភេទស្រ្តី អស់រយៈពេលជាច្រើន​លើកមកហើយ ដោយ អ៉ឹម ដាលីស បានអះអាងថា សកម្មភាពនេះ ទទួលបានជោគជ័យ គួរជាទីមោទនៈ ហើយបើទោះបី មានការនឿយហត់បន្តិចក្ដី ក៏នាងមានអារម្មណ៍ថា រំភើបចិត្ត និងសប្បាយចិត្តជាខ្លាំង ​ព្រោះបានចូលរួមជួយដល់សង្គមជាតិ ក្នុងនាមជាខ្មែរមួយរូប ដែលទទួលបានការស្វាគមន៍ ស្រឡាញ់រាក់ទាក់ ពីសំណាក់បងប្អូន កម្មករ-កម្មការិនី ​​ហើយនាងក៏ពេញចិត្តនឹងការងារនេះដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង