CamNews

តារា 

សាវិន ហ្វីលីព គាំងបេះដូង ពេលកំពុងហាត់ប្រាណ ត្រូវបញ្ជូនសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តា​មរយៈសកម្មភាព​​មនុស្សធម៌ លោក សាវិន ហ្វីលីព កាលពីល្ងាចម្សិលមិញ បានជួបហេតុកា​រ​ណ៍​​គ្រោះ​ថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវ​បានក្រុមគ្រួ​សា​រ​​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេ​លនេះ ស្ថានភាព​ជំងឺ​​របស់លោក បានធូស្បើយខ្លះហើយ។

អ្នកនាង សែម ឆវី ត្រូវជាប្រពន្ធ​របស់តារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរបង្ហោះ ​នៅ​លើ​បណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ឲ្យដឹង​ថា« ស្វាមីខ្ញុំគាំងបេះដូង នៅ​កន្លែង​ហាត់ប្រាណ ហើយតាំងពីយប់មិញ​រហូត​មកទល់ពេលនេះគាត់ កំពុងសម្រាកព្យាបា​ល ​នៅ​មន្ទីរពេទ្យកាល់ម៉ែត (ICU) សូមទេវតា ជួយតាមថែរក្សា​គាត់​ផង​ ព្រោះកូ​​នខ្ញុំនៅតូចៗណាស់!»។

ប្រពន្ធលោក សាវិន ហ្វីលីព អ្នកនាង សែម ឆវី បានបញ្ជាក់ប្រាប់ Khmertalking បន្ថែមមុននេះបន្តិចថា« ស្វាមីខ្ញុំឆ្លងផុត ពីគ្រោះថ្នាក់ដល់​ជីវិតហើយ។ សំពាធឈាម​ដែលបុកខ្លាំងដល់១៩ កាលពីយប់មិញ ចាប់ផ្តើមធ្លាក់ចុះ ហើយសូមអរគុណចំពោះ ការបារម្ភ របស់អ្នកទាំងអស់គ្នា!»។

យ៉ាងណាមិញ Khmertalking នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ មិនទាន់អាចទំនាក់ទំ​ន​ង​ ដើម្បីសួរនាំបន្ថែម​ពីតារាប្រុសលោក សាវិន ហ្វីលីព ពីស្ថានភាពជំងឺនេះ បា​ននៅ​ឡើយទេ ខ​ណៈ​លេខទូរស័ព្ទលោកធ្លាប់ប្រើ ត្រូវបានបិទ។ ដូច្នេះKhmertalking​ នឹងបន្តតាមដានផ្សាយ ពីស្ថា​នភាព​ជំងឺ របស់លោក សាវិន ហ្វីលីព បន្តទៀត ប្រសិនបើមានអ្វីប្រែប្រួលប្លែក ទៀតនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង