CamNews

តារា 

ពៅបញ្ញាពេជ្រ ទម្លាយប្រាប់ពីអារម្មណ៍ពិត ក្រោយធ្លាក់ខ្លួនពិការជាង១០ឆ្នាំ និងទទូចដល់មហាជន កុំស្អប់ខ្ពើម

(ភ្នំពេញ)៖ អតីតតារាចម្រៀងធ្លាក់ខ្លួនពិការ ដោយសារខ្មាន់កាំភ្លើងប៉ងផ្តាច់ជីវិត កាលពីជាង១០ឆ្នាំ​មុន កញ្ញា ពៅ បញ្ញាពេជ្រ ថ្មីៗនេះ​បានបង្ហោះរូបថត នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញប្រាប់អារម្មណ៍ពិត​ក្រោ​យធ្លាក់ខ្លួន​ ក្លាយជាជនពិការ ធ្វើចលនាទៅណាមកណា គឺពឹងផ្អែកលើរទេះរុញ រស់នៅដោ​យ​ក្តីអា​ម៉ាស និងការសើច​​ចំអក មើលងាយពីមជ្ឈដ្ឋាន មនុស្សមួយចំនួន នៅជុំវិញខ្លួន។

​នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាចម្រៀងបាត់បង់ សមត្ថភាព ព្រោះតែត្រូវខ្មាន់កាំ​ភ្លើង តាមប្រម៉ាញ់ប្រហាជីវិត ហើយសំណាងល្អជីវិតរបស់នាងថ្លៃ ពុំត្រូវស្លាប់ កញ្ញា ពៅ បញ្ញា​ពេជ្រ ​ប៉ុន្មានម៉ោងមុននេះ បានសរសេរថា​ «​កាលពីមុននាងខ្ញុំ ទៅណាមកណាតែងតែខ្មា​សគេណាស់ ដោយសារខ្ញុំត្រូវអង្គុយ លើរទេះពិការមួយនេះ នាងខ្ញុំមិនចង់ចេញពីផ្ទះទេ ដោយនា​ងខ្ញុំគិតថា ខ្លួនឯងដូចជាសត្វចម្លែក ខុសពីគេ។ ដោយក្រឡេកមើលទៅកែវភ្នែ​ក អ្នកជុំវិញខ្លួន គេសំឡឹងមកខ្ញុំ មានគ្រប់អត្ថន័យ ក្នុងការគិតរបស់ពួកគេ តែពេលនេះនាងខ្ញុំបានទទួលស្គាល់ ការពិតហើយ ហើយក៏ឈប់ខ្មាសគេទៀតដែរថា ខ្ញុំជាជនពិការត្រូវតែរៀនរស់ ទទួលស្គាល់ខ្លួនឯង!»។

អតីតតារាចម្រៀងសំឡេងផ្អែម កញ្ញា ពៅ បញ្ញាពេជ្រ បានបន្តថា «នៅលើលោកនេះ គ្មាននរណាម្នាក់ចង់ឲ្យខ្លួនឯង ទៅជាបែបនេះទេ មិនថាខ្ញុំ និងអ្នកដែលគាត់ពិការផ្សេងៗទៀត នាងខ្ញុំសុំឲ្យបងប្អូនមួយចំនួនខ្លះ គ្រប់ឋាន: មិនមែនមានន័យថាទាំងអស់នោះទេ ព្រោះបងបងប្អូនខ្លះគាត់​យល់ ដូចនេះសូមបងប្អូនខ្លះ មេត្តាបើកចិត្តទូលាយ កុំមានចិត្តស្អប់ខ្ពើមសើចយំ ទៅលើអ្នកពិ​ការអី បើអាចផ្តល់ការងារណា ដែលគាត់ ឬខ្ញុំផ្ទាល់ធ្វើបានសូមមេត្តាបើកឱកាស ឲ្យពួកយើងផង!»។

កញ្ញា ពៅ បញ្ញាពេជ្រ បានបន្ថែមថា «រឿងទាំងអស់ ដែលបានកើតឡើង គឺសុទ្ធតែជារឿងអកុ​សល សំរាប់មនុស្សក្នុងលោក ដែលយើងមិនអាចដឹងថា វានឹងកើត​​ឡើងនៅពេលណា វេលាណា នៅពេលដែលកម្មយើងមក​ដល់។ តើនៅមានបងប្អូនណាខ្លះ ដែលឃើញនាងខ្ញុំបែបនេះ នៅមា​នចិត្តរើសអើងខ្លះ សូមប្រាប់ការពិតមក នេះជាអារម្មណ៍ពិតសរសេរចេញ ពីបេះដូង!»។

សូមបញ្ជាក់ថា កញ្ញា ពៅ បញ្ញា​ពេជ្រ គឺជាតារាចម្រៀងសម័យ ដ៏ល្បីឈ្មោះ និងមានប្រជាប្រិយ​ភាព​មួ​យរូប ក្នុងដើមទសវត្សរ៍ឆ្នាំ២០០០។ កញ្ញា បញ្ញា​ពេជ្រ ត្រូវបានទទួលរង​ការបាញ់ប្រហារ ប៉ងផ្តាច់ជីវិត លើរូប​នាង ដោយគ្មានត្រាប្រណី កាលពីប្រមាណ១០ឆ្នាំមុន នៅចំកណ្តាលរាជធា​នីភ្នំពេញ។ ​រហូតមកទល់ពេលនេះ ការបាញ់ប្រហារលើតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ហា​ក់នៅតែស្ថិ​តក្នុងអាថ៌កំបាំង នៅឡើយ។

អ្នកច្រៀងស្រីរូបស្រស់ កញ្ញា ពៅ បញ្ញាពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវបាន​ឧក្រិដ្ឋជនពីរនាក់ តាម​បាញ់ប្រហារ ពេលនាងចេញពីរថយន្ត នៅចំកណ្តាលទីក្រុងភ្នំពេញ។ ក្រៅពីទទួ​លទុក្ខធំដោយធ្លាក់ខ្លួនពិការ និងរស់ជាមួយជំងឺមិនអាចព្យាបាលបាន អស់រយៈពេលជិត១០ឆ្នាំ តា​រាចម្រៀងដែលកំពុងរស់ នៅក្នុងពិការភាពរូបនេះ លែ​ងនឹកនាដល់ការស្វែងរកយុត្តិធម៌ទៀត​ហើ​​យ ​ដោយសារអ្វីដែលនាងចង់បាននៅពេលនេះ គឺចង់រស់​នៅសុំតែសុខ​ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង