(ព្រះសីហនុ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍មុននេះបន្តិចឲ្យដឹងថា ទឹករលកសមុទ្របក់ខ្លាំងៗបណ្តាលឲ្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍ទៅកាន់កោះរ៉ុងសន្លឹម មានភ្ញៀវជាច្រើននាក់ បានលិចនៅពាក់កណ្តាលផ្លូវទៅកាន់កោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ។ ហើយនៅខណៈពេលនេះ សមត្ថកិច្ចជួយសង្គ្រោះបានភ្ញៀវបរទេសចំនួន១១នាក់ហើយ ភាគច្រើនជាស្រ្តី។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា លោកកំពុងឲ្យមន្រ្តីជំនាញឆែកហើយ ថាតើកប៉ាល់នោះមានចំណុះប៉ុន្មាន ។ ប៉ុន្តែគ្រាន់តែដឹងថា សង្គ្រោះបាន១១នាក់ហើយ។ លោកក៏មិនទាន់អាចបញ្ជាក់ថា តើជនរងគ្រោះទាំងនោះជាជនជាតិអ្វីនោះដែរ។ លោកស្នងការបានបញ្ជាក់ថា ករណីលិចនេះគឺ អូប័រធុនតូចចំណុះ២០នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីលិចនេះកើតឡើងនៅវេលាម៉ោង១០៖៣៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជាប្រភេទអូប័រធុនតូច១គ្រឿង នៅចំណុចមុខកោះរ៉ុងសន្លឹម មានចំងាយពីដីគោកប្រមាណ១៨គីឡូម៉ែត្រ។
ខាងលើនេះជាសេចក្តីរាយការណ៍ក្នុងជំហានដំបូងប៉ុណ្ណោះ និងសូមរង់ចាំព័ត៌មានបន្ថែម៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី