CamNews

ព័ត៌មានជាតិ 

តាមរយៈ​គោឧសភរាជ​ ​ការ​ធ្វើ​កសិកម្ម​នៅ​ឆ្នាំនេះ​ទទួល​បានផល​ល្អ​ប្រសើរ

ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ដែល​ប្រារព្ធ​ឡើង​ក្នុង​ខេត្តតាកែវ​ ​នៅ​ថ្ងៃពុធ​ ​ទី២២​ ​ខែឧសភា​នេះ​ ​គោឧសភរាជ​ ​បាន​បរិភោគ​អាហារ​ចំនួន ៣មុខ​ ​ក្នុងចំណោម ៧មុខ​ ​គឺ​ ​ស្រូវ​ ​ពោត​និង​សណ្តែក​ដែល​បង្ហាញថា​ដំណាំ​ ​និង​ការ​ប្រកប​កសិកម្ម​នៅក្នុង​ឆ្នាំនេះ​ទទួល​បានផល​ល្អ​ប្រសើរ​។​

ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​ ​ក្រោម​ព្រះរាជា​ធិបតី​ព្រះមហាក្សត្រ​ខ្មែរ​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​រួម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ ​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប​ទៀត​។​

លោក​ ​អ៊ូច​ ​ភា​ ​អភិបាលខេត្ត​តាកែវ​ ​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​ស្តេច​មាឃ​ ​ ​ដឹកនាំ​គោឧសភរាជ​ភ្ជួរ​លើ​វាល​ព្រះស្រែ​ ​ខណៈ​ដែល​ភរិយា​របស់​លោក​ ​លោកស្រី​ ​ស្រី​ ​ប៉ុណ្ណា​ដា​វី​ ​ជ្រើសតាំង​ជា​មេ​ហួ​ព្រួស​គ្រាប់ស្រូវ​នៅ​ពីក្រោយ​ស្វាមី​។

​ក្រោយពេល​ការភ្ជួររាស់​រួចរាល់​ហើយ​ ​គោឧសភរាជ​ទាំងពីរ​ត្រូវ​បាន​នាំទៅ​កាន់​កន្លែង​ដាក់គ្រាប់​ធញ្ញជាតិ​ចំនួន៧មុខ​ ​ដែល​មាន​ដូចជា​ ​ស្រូវ​ ​ពោត​ ​សណ្តែក​ ​ល្ង​ ​ស្មៅ​ ​ស្រា​ ​និង​ទឹក​។​ព្រាហ្មណ៍​ ​ព្រះរាជ​ ​គ្រូ​បុរោហិត​ ​បាន​ថ្លែង​ឲ្យដឹង​ថា​៖​ ​«​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​តាមរយៈ​គោឧសភរាជ​ដែល​បាន​បរិភោគ​នូវ​អាហារ​ទាំង៧មុខ​ទៅតាម​តម្រា​ពី​បរម​បុរាណ​ ​ហើយដែល​គោឧសភរាជ​បាន​បរិភោគ​មាន​ដូចតទៅ​៖​ ​ស្រូវ​បាន៨៥ភាគរយ​ ​ពោត​បាន៩០ភាគរយ​ ​និង​សណ្តែក​បាន ៨៥ភាគរយ​»​។

​ព្រាហ្មណ៍​ ​ព្រះរាជ​ ​គ្រូ​បុរោហិត​ ​បាន​បន្ត​ទៀត​ថា​ ​នេះ​ជា​ការ​ផ្សង​ប្រផ្នូល​ទៅតាម​ទំនៀម​ទំ​លាប់​រាជ​បរ​វេណី​នៃ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ដែល​មាន​តាំងពី​បុរាណកាល​មក​ ​ហើយ​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ការ​ដាំដុះ​ដំណាំស្រូវ​ ​ពោត​ ​និង​សណ្តែក​នៅក្នុង​ប្រទេស​របស់​យើង​ក្នុង​ឆ្នាំនេះ​។

​ជាមួយគ្នា​នេះ​ដែរ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃពុធ​ ​ទី២២​ ​ខែឧសភា​ថា​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​គឺជា​ពិធី​ប្រពៃណី​នៅក្នុង​កម្ពុជា​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​។​

លោក​បាន​សរសេរ​ថា​៖​ ​«​ថ្ងៃនេះ​ ​ជា​ថ្ងៃ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​នូវ​ព្រះរាជ​ពិធីបុណ្យ​«​ច្រត់​ព្រះនង្គ័ល​»​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​ពិសាខ​។​ ​ព្រះរាជ​ពិធី​នេះ​ ​គឺ​សំខាន់​បំផុត​ ​បន្ទាប់ពី​ព្រះរាជា​អភិសេក​ ​ដែល​ជាពិធី​មួយ​ស្ថិត​ក្នុងចំណោម​ពិ​ធី​ផ្សេង​ៗ​ ​ជាច្រើន​ទៀត​ប្រចាំឆ្នាំ​»​។​

លោក​ហ៊ុន​ ​សែន​បាន​បន្ត​ថា​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​គឺ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស​ ​ទៅ​ ​តាម​ការ​បរិភោគ​របស់​ ​«​គោឧសភរាជ​»​។​ ​ម្យ៉ាងទៀត​ក៏​ជា​ការដាស់តឿន​ក្រើន​រំឭក​ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជាចម្បង​នោះ​ ​ឱ្យ​បានដឹង​ថា​ ​រដូវ​ធ្វើស្រែ​ចំការ​បាន​ចូល​មកដល់​ហើយ​៕​

ប្រភព ៖ khmertimes


Tags: Local news Social news