(ភ្នំពេញ)៖ អតតីតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្ម Rock ហើយបច្ចុប្បន្នលេចធ្លោ លើសកម្មភាពមនុស្សធម៌ ស្វែងរកជំនួយសង់ផ្ទះ និងជីកស្រះទឹក ឲ្យប្រជាពលរដ្ឋក្រីក្រ ចាស់ជរា នៅតាមទីតំបន់ ជនបទដាច់ស្រយ៉ាល លោក ទិត្យ វិច្ឆិកា បានបង្ហាញជំនឿជឿជាក់ ដោយមិនអស់សង្ឃឹមលើខ្លួនឯង ទោះបីពេលខ្លះលោកធ្លាប់ជួបប្រទះ ភាពបរាជ័យសម្រាប់ជាបទពិសោធន៍ក្ដី តែលោកមិនដែលអស់សង្ឃឹម ក្នុងការតស៊ូនោះទេ។
លោក ទិត្យ វិច្ឆិកា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំនៅសល់គំនិត នឹងជីវិតរបស់ខ្ញុំបន្តទៅមុខទៀត ដួលម្តង ខ្ញុំគិតថាជាមេរៀនថ្នាក់ដំបូងរបស់ខ្ញុំ ព្រោះខ្ញុំគិតថា ខ្ញុំមិនទាន់មានបទពិសោធន៍ តែពេលណាមួយ បន្ទាប់ពីខ្ញុំដួលរួចហើយ គឺខ្ញុំនឹងព្យាយាមក្រោកឈរម្តងទៀត ជាមិនខាន ។ ម្យ៉ាងទៀត អ្វីដែលជាគោលបំណងរបស់ខ្ញុំ នៅពេលនេះ គឺខ្ញុំត្រូវស្វែងរកមូលនិធិ ពីបងប្អូនស្បុរសជន គ្រប់ទីកន្លែង ដើម្បីជីកស្រះទឹកចំនួន៦ឲ្យបានសម្រាប់ជូន លោកតាលោកយាយ និងពុកម៉ែបងប្អូន ដែលនៅតាមតំបន់ដែលខ្វះទឹកប្រើប្រាស់ ព្រោះរដូវប្រាំងបានមកដល់ហើយ.!» ។
តារាប្រុសលោក ទិត្យ វិច្ឆិកា បានបញ្ជាក់ថា «ពេលនេះការងាររបស់ខ្ញុំ ត្រូវបរាជ័យហើយអ្វី ដែលខ្ញុំព្យាយាម ធ្វើខនស៊ឺត(ការប្រគំតន្រ្តី) សប្បុរសធម៌ ដែលមានឈ្មោះថា (កំលាំងទឹកចឹត្តសិល្បករខ្មែរជួយខ្មែរ ) គឺមិនបានជោគជ័យនោះទេ ព្រោះគ្មានការគាំទ្រ ពីម្ចាស់ឧបត្ថម្ភកម្មវិធី ។ តែខ្ញុំនឹងព្យាយាមបន្តទៅមុខទៀត ដើម្បីជីកស្រះទឹកចំនួន៦ ជូនប្រជាជនខ្មែរតាមតំបន់នីមួយៗ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ឲ្យបាន»។
«ខ្ញុំមិនជឿថា អ្វីដែលខ្ញុំខំព្យាយាមសម្រាប់ប្រជាជនខ្មែរ មិនបានសំរេចនោះទេ ...ទេវតានឹងដូនតាខ្មែរ ប្រាកដជាប្រទានពរជ័យឲ្យខ្ញុំ នៅពេលណាមួយជាមិនខាន ដើម្បីជួយជនជាតិខ្មែរ ដែលកំពុងលំបាក ។ ខ្ញុំគ្មានប្រាក់នោះទេ តែខ្ញុំមានឆន្ទ: និងគំនិតបន្តិចន្តួចសម្រាប់ជូន នឹងជួយសង្គមជាតិរបស់ខ្ញុំ..!»។ នេះជាសម្តីថ្លែងចុងក្រោយ របស់លោក ទិត្យ វិច្ឆិកា ៕




ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី