ភ្នំពេញ ៖ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោកនឹងយល់ព្រមលើការផ្ដល់ប្រាក់កម្ចីសម្បទានចំនួន ១ពាន់លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍវិស័យនានាដែលចាំបាច់ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូធនាគារពិភពលោក ក្នុងអំឡុងពេលកិច្ចប្រជុំមួយជាមួយ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានរាយការណ៍ថា នៅចុងខែនេះ ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក នឹងអនុម័តថវិកាកម្ចីសម្បទានចំនួន ១ពាន់លានដុល្លារ ជាផ្នែកមួយនៃក្របខ័ណ្ឌភាពជាដៃគូជាមួយប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។
ធនាគារពិភពលោក បានសរសើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ហើយបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្រការអភិវឌ្ឍនេះ។
លោក វិស្សុត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្លាំង ប៉ុន្តែប្រទេសនេះជួបបញ្ហាប្រឈមខ្លាំង ចំពោះការអភិវឌ្ឍរបស់ខ្លួន។
លោក វិស្សុត បានបន្ថែមថា ”កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធដូចជា មូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត កង្វះពលកម្មជំនាញ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការអភិវឌ្ឍន៍ទីក្រុង ដែលទាមទារការវិនិយោគកម្រិតខ្ពស់”។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានខ្ចីប្រាក់ចំនួន ១,១៤១ ពាន់លានដុល្លារពីធនាគារពិភពលោក ៕
ប្រភព ៖ khmertimes