CamNews

ព័ត៌មានជាតិ 

សង្គមស៊ីវិល មិនពេញចិត្ត ចំពោះការដាក់ទោស លោក ឈូក បណ្ឌិត ត្រឹមតែ១ឆ្នាំកន្លះ

ភ្នំពេញ៖ ក្រុមមន្រ្តីអង្គការ សង្គមស៊ីវិល នៅកម្ពុជា ដែលធ្វើការទាក់ទងទៅនឹងផ្នែកសិទ្ធិ
មនុស្ស បានសម្តែងការមិនពេញចិត្តរបស់ខ្លួន គ្រាដែលតុលាការខេត្តស្វាយរៀង បាន
សម្រេចផ្តន្ទាទោសអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ឲ្យជាប់គុក១ឆ្នាំ៦ខែ
និងពិន័យជាប្រាក់ជាង៣៨លានរៀលនោះ គឺមិនត្រឹមត្រូវទាល់តែសោះ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានមានប្រសាសន៍ប្រាប់
មជ្ឈមណ្ឌលព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ថា ចំពោះការសម្រេចផ្តន្ទា
ទោសនេះ វាមិនត្រឹមត្រូវទេ ព្រោះលោក ឈូក បណ្ឌិត មានចេតនាបាញ់រះ មកលើក្រុម
កម្មកររាប់ពាន់នាក់ ខណៈពួកគេកំពុងធ្វើកូដកម្ម នៅពីមុខរោងចក្រ ក្នុងទឹកដីក្រុងបាវិត
ក្នុងគោលបំណងទាមទារលក្ខខណ្ឌការងារ ពីថៅកែរោងចក្រ។

លោកបន្តថា “លោក ឈូក បណ្ឌិតមានគោលបំណងធ្វើមនុស្សឃាត អីចឹងការចោទប្រកាន់
ហ្នឹងក៏វាអត់សម ហើយការជាប់ទោសហ្នឹងក៏អត់សមដែរ ។អីចឹងចំពោះខ្ញុំជារឿងមួយដែល
មិនទាន់ទទួលបានយុត្តិធម៌សម្រាប់ ជនរងគ្រោះ ជារឿងដែលខ្ញុំសោកស្តាយមែនទែន ដែល
តុលាការនេះមិនបានចូលរួមរកយុត្តិធម៌ជូនដល់ជន រងគ្រោះ”។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា “វាមិន
ត្រូវទេ ព្រោះឃាតក បាញ់សម្លាប់គេហើយដាក់គុកមួយឆ្នាំជាងឯណាវិញ ខ្ញុំអស់ជំនឿទៅ
លើតុលាការសុ្រកខ្មែរ”។

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងដែរថា លោកស្វា-
គមន៍ចំពោះ ចំណាត់ការរបស់តុលាការខេត្តស្វាយរៀងដែលបានដាក់ទោស លោក ឈូក
បណ្ឌិត ក្នុងករណីបាញ់កម្មករ៣នាក់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបានហៅចំណាត់ការនេះថា វាមិនសមហេតុផលទេ
ចំពោះការសម្រេច ទោស ព្រោះមិនមែនជាការបង្ករបួសស្នាម ដោយអចេតនាទេតែជាការ
ប៉ុនប៉ងមនុស្សឃាត ដោយសារមនុស្ស ៣នាក់ នៅកន្លែងផ្សេងគ្នាហើយត្រូវគ្រាប់កំាំភ្លើង
លោកឈូកបណ្ឌិតទាំងអស់។

មន្រ្តីជាន់ខ្ពស់រូបបន្តទៀតថា “យើងមានការសោកស្តាយចំពោះការសម្រេចនេះ ទោះបីជា
មានការផ្តន្ទាទោសក៏ ដោយ ក៏នៅតែជាស្ថានភាពសម្រាល ហើយជាស្ថានភាពផ្តន្ទាទោស
ស្រាលនិងសំណងតិចដែរសម្រាប់ ជនរងគ្រោះ”។

លោក អំ សំអាត បានបន្ថែមទៀតថា តុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា
នេះ បានសម្រេច ផ្តន្ទាទោស លោក ឈូក បណ្ឌិតជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជា
ប្រាក់៣៨លានរៀល ខណៈដែលលោក ឈូក បណ្ឌិត ព្រមទាំងមេធាវីការពារមិនបាន
ចូលខ្លួនក្នុងសវនាការ។ ក្នុងប្រាក់៣៨លានរៀលនេះ ជនរងគ្រោះ ទី១ ឈ្មោះ ប៊ុត ចន្តា
បានទទួលប្រាក់ ២០លានរៀល និងទី២ ឈ្មោះ នុត សាខន ១០លានរៀល និងទី៣
ឈ្មោះ កែវ នា៨លានរៀល៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ