CamNews

ព័ត៌មានជាតិ 

រោងចក្រផលិតទឹកកក កូនប្រុសលោក តុង សេង បញ្ចេញជាតិអាម៉ូញាក់ ធ្វើឲ្យផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ(មានវីដេអូ)

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ ដែលរស់នៅជុំវិញរោងចក្រផលិតទឹកកក ស្ថិតនៅ
តាមបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលបញ្ចេញជាតិអា
ម៉ូញាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋ នោះ បានបង្ខំឲ្យពួកគាត់ទ្រាំលែងបាន ហើយផ្ទុះការតវ៉ាស្ទើរ
តែបិទផ្លូវជាតិលេខ៥ នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣នេះ។

ប្រជាពលរដ្ឋ ដែលចូលរួមការតវ៉ាប្រឆាំងនិងរោងចក្រផលិតទឹកកកមួយនេះ បាននិយាយថា ដោយ
សារតែអត់ទ្រាំ លែងបានចំពោះការបញ្ចេញជាតិអាម៉ូញាក់ មានក្លិនស្អុយ ធ្វើឲ្យប៉ះពាល់សុខភាព
យ៉ាងធ្ងន់ធ្ងរនាំឲ្យពួកគាត់ចេញមកតវ៉ាមុខរោងចក្រតែម្តង ដោយអំពាវនាវឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ
បិទរោងចក្រនេះចោល។

បើតាមប្រជាពលរដ្ឋរោងចក្រផលិតទឹកកកខាងលើនេះ  ជាកម្មសិទ្ធិរបស់កូនប្រុសលោក តុង សេង
មានតួនាទីជា អភិបាលរងខេត្តកំពង់ស្ពឺ បានបើកដំណើរការជាយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋបាន
និយាយថា ជារៀងរាល់ថ្ងៃ រោងចក្រមួយនេះ បានបញ្ចេញជាតិអាម៉ូញាក់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ
ប៉ុន្តែនៅថ្ងៃនេះ ស្រាប់តែបញ្ចេញជាតិអាម៉ូ ញាក់តាំងពីម៉ោង៦ល្ងាច ធ្វើឲ្យពួកគាត់ទ្រាំលែងបាន។

បន្ទាប់ពីផ្ទុះការតវ៉ានៅវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃដដែល គេសង្កេតឃើញអភិបាលខណ្ឌឬស្សី
កែវ លោក  ឃ្លាំង ហួត និងអធិ ការខណ្ឌឬស្សីកែវ លោក ទៀង ច័ន្ទសា ចុះមកសម្របសម្រួល និង
ជួយដោះស្រាយបញ្ហា នេះ។

អភិបាលខណ្ឌលោក ឃ្លាំង ហួត បានស្នើឲ្យប្រជាពលរដ្ឋមានការស្ងប់ស្ងាត់ ហើយលោកនឹងចុះមក
ពិនិត្យ និងជួយ ដោះស្រាយបន្តទៀតនៅថ្ងៃស្អែក។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា «ក្លិនមនុស្សផោមយើងទ្រាំមិនបានផង ចុះទម្រាំក្លិនស្អុយបញ្ចេញ
រោងចក្រទឹក កក។ តែខ្ញុំសូមឲ្យបងប្អូនទាំងអស់រក្សាភាពស្ងប់ស្ងាត់សិន ចាំព្រឹកស្អែកខ្ញុំចុះមកដោះ
ស្រាយជូន»។

លោក ឃ្លាំង ហួត ក៏បានឲ្យដឹងផងដែរថា នៅថ្ងៃទី០៩ ខែឧសភា ស្អែកនេះ លោកនឹងចេញលិខិត
ផ្អាក ដំណើរការរោងចក្រផលិតទឹកកកនេះ ជាបណ្តោះអាសន្ន ដើម្បីឲ្យភាគីរោងចក្រដោះស្រាយ ក៏ដូចជារៀបចំបច្ចេកទេសរោងចក្រឡើងវិញ។

ទោះបីជាយ៉ាងណាក្រុមប្រជាពលរដ្ឋបានអះអាងថា កន្លងមកពួកគាត់បានដាក់ពាក្យតវ៉ាជាច្រើនទៅ
សមត្ថកិច្ច និង អាជ្ញាធរក្នុងសង្កាត់ តែមិនឃើញមានការចេញមកដោះស្រាយជូនពួកគាត់នោះទេ។

បន្ទាប់ពីទទួលបានដំណឹងនៃការផ្ទុះតវ៉ាភ្លាម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក
ស៊ុយ សែម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងយប់ថា លោកនឹងចាត់មន្រ្តីជំនាញ
របស់លោកថ្នាក់អគ្គនាយក ចូលខ្លួនមកដោះស្រាយបញ្ហា ដោយមិនទុកឲ្យជាតិពុលបន្តបំផ្លាញសុខ
ភាពប្រជាពលរដ្ឋនោះទេ៕

Photo by DAP-NEWS

លោក ឃ្លាំង ហួត និយាយសម្របសម្រួលជាមួយប្រជាពលរដ្ឋ

Photo by DAP-NEWS

លោក សយ សុភាព ចុះយកព័ត៌មាន និងជួយសម្របសម្រួល ជាមួយប្រជាពលរដ្ឋនៅកន្លែងតវ៉ា

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ