(ភ្នំពេញ)៖ តារាចម្រៀងសម្រស់ផូរផង់ សាច់សខ្ចីនិយមស្លៀកពាក់សិចស៊ី អ្នកនាង ឃិត សំម៉ាលីស ដែលបានបាត់មុខអស់មួយរយៈធំក្រោយសម្រេចរៀបការ និងបោះបង់ចោលសិល្បៈ ទៅរស់នៅជាមួយស្វាមី ខេត្តបន្ទាយមានជ័យនោះ ឥឡូវបានសម្រេចចិត្តវិលចូលសិល្បៈឡើងវិញហើយ ដើម្បីបង្ហាញស្នាដៃនៅលើអាជីព ដែលធ្លាប់លេចមុខមាត់ ប្រកបដោយសំឡេងគាំទ្រ។
ប្រភពពីរង្វង់អ្នកសិល្បៈ ធ្លាប់ស្គាល់ជាមួយនាង បានបង្ហើបប្រាប់ឲ្យដឹងថា អតីតតារាចម្រៀង របស់ផលិតកម្មដាយម៉ិន អ្នកនាង ឃិត សំម៉ាលីស ក្រោយពីបាត់ខ្លួនជាង១ឆ្នាំមក បានវិលចូលសិល្បៈជាថ្មី ឡើងវិញហើយ តាមរយៈការផ្ញើខ្លួន នៅក្នុងពន្លកផលិតកម្មថ្មី ដែលមានឈ្មោះថា«បុត្រា» ខណៈដែលស្វាមីរបស់នាង ក៏បានឯកភាព ឲ្យវិលចូលបម្រើលើវិស័យចម្រៀងវិញ ផងដែរ។
ប្រភពដដែល បានបន្តថា បច្ចុប្បន្នតារាចម្រៀងស្រី អ្នកនាង ឃិត សំម៉ាលីស ឧស្សាហ៍ចុះឡើងភ្នំពេញណាស់ ដើម្បីចូលរួមថតសម្តែងបទចម្រៀងថ្មីៗរបស់ខ្លួន ឲ្យផលិតកម្ម «បុត្រា»។ ម្យ៉ាងទៀតបទចម្រៀងរបស់នាងមួយចំនួន គ្រោងត្រៀមចេញលក់ឆាប់ៗនេះ ដើម្បីប្រកួតប្រជែង ដណ្តើមយកទីផ្សារគាំទ្រជាថ្មីឡើងវិញ បន្ទាប់ពីបាត់មុខជាង១ឆ្នាំ ដោយសំងំរួមរស់សាងសុភមង្គលស្នេហា ជាមួយស្វាមី និងការពង្រីកមុខជំនួញរបស់ខ្លួន នៅឯខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់គេហទំព័រ Khmertalking តាមទូរស័ព្ទនៅរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ តារាស្រីអ្នកនាង ឃិត សំម៉ាលីស បាននិយាយទទួលស្គាល់ថា នាងពិតជាសម្រេចចិត្ត វិលចូលបម្រើលើវិស័យសិល្បៈវិញ បន្ទាប់ពីមានការឯកភាពពីស្វាមីនោះ។ ប៉ុន្តែមិនមែនចូលផលិតកម្មចាស់វិញទេ ពោលគឺចម្រៀងឲ្យផលិតកម្មថ្មី ទើបបង្កើតឡើងមានឈ្មោះថា «បុត្រា» ដែលកំពូងត្រៀមចេញលក់ CD និងVCDវ៉ុល១ នៅលើទីផ្សារជាលើកដំបូង។
អ្នកនាង ឃិត សំម៉ាលីស ក៏បានថ្លែងបញ្ជាក់បន្ថែម ពីមូលហេតុដែលនាំឲ្យនាងបាត់មុខ ពីវិស័យសិល្បៈអស់មួយសន្ទុះធំ ក្រោយពេលរៀបការ ជាមួយស្វាមីនៅខេត្តបន្ទាយមានជ័យថា «ចា៎! បង កត្តាដែលធ្វើឲ្យខ្ញុំ បាត់មុខពីសិល្បៈអស់រយៈពេល ជាង១ឆ្នាំនេះ ក៏ព្រោះតែខ្ញុំរវល់ក្នុងការមើលខុស ត្រូវលើមុខជំនួញជាមួយស្វាមីរបស់ខ្ញុំ ដែលមាននៅឯខេត្តបន្ទាយមានជ័យឯណោះ។ ម្យ៉ាងវិញទៀតកាលនោះ ខ្ញុំក៏ចង់សម្រាកមួយរយៈសិនដែរ ដើម្បីមើលការខុសត្រូវ ពង្រឹងមុខជំនួញ ជាមួយស្វាមីរបស់ខ្ញុំ តែពេលនេះខ្ញុំមកវិញហើយ»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង